អានតួអត្ថបទ
កម្ពុជា-ច្បាប់

អាជ្ញាធរ​បង្ក្រាប​ទីតាំង​ផលិត​កាហ្វេ​មួយ​កន្លែង​នៅ​ខណ្ឌ​ព្រែក​ព្នៅ រឹប​អូស​បាន​សារធាតុ​ផ្សំ​ជាង​៧​តោន

កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃ​សុក្រ​ទី​២៧​មេសា​ម្សិលមិញ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​កា​ហ្វេ​​គ្មាន​ច្បាប់​មួយកន្លែង​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជ្រកក្រោមស្លាក “​ដាយ​ថា​ញ់​” ដោយ​រឹប​អូស​បាន​សារធាតុ​រួមផ្សំ​ប្រមាណ​ជា​៧​តោន។ តាម​ការ​សន្និដ្ឋាន​បឋម កាហ្វេ​ដែល​ផលិត​នៅ​ទី​នោះ​មាន​លាយ​សារធាតុ​គីមី​ធ្ងន់ធ្ងរ​។ ហើយ​ពេល​នេះ​អាជ្ញាធរ​កំពុង​ធ្វើ​ការ​ពិសោធន៍។

រូបភាព៖ កាហ្វេដែលរឹបអូសបាននៅព្រែកព្នៅ
រូបភាព៖ កាហ្វេដែលរឹបអូសបាននៅព្រែកព្នៅ @កាសែតរស្មីកម្ពុជា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ទី​តាំង​ផលិត​កាហ្វេ​ក្នុង​ខណ្ឌ​ព្រែកព្នៅ សមត្ថកិច្ច​ចម្រុះ​រក​ឃើ​ញ​សារធាតុ​ផលិត​កាហ្វេប្រមាណ​ជាង​៧​តោន​ដោយ​រួមមាន៖ ពោត​ឆៅ សណ្តែកសៀង​លីង ផ្លែប៊ឺ ខ្ទិះដូង រួមនឹង​សារធាតុ​ផ្សំ​មួយ​ចំនួនទៀត។ ក្រៅ​ពី​សារធាតុ​ផលិត​កាហ្វេ អា​ជ្ញា​ធរ​រក​ឃើញ ​ឧប​ករណ៍​ផលិតរួមមាន ៖ ម៉ាស៊ីន​លីង​​កាហ្វេ​ ម៉ាស៊ីន​កិន​កាហ្វេ ម៉ាស៊ីន​វេច​ខ្ទប់ ​និង​សំបក​វេច​ខ្ទប់​ជាដើម។

ចំណែក​មនុស្ស​ពីរ​នាក់​ដែល​អាជ្ញាធរ​ឃាត់​នៅ​ក្នុង​អំឡុង​ពេល​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ​កំ​ពុង​ស្ថិត​នៅ​ក្នុង​ដំណាក់ការ​ស៊ើប​សួរ។ ទន្ទឹម​នឹង​នេះ សមត្ថកិច្ច​អះអាង​ថា ការ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ផលិត​កាហ្វេ​ជ្រក​ក្រោម​ស្លាក «ដាយ​ថា​ញ់ » ដោយ​សារ​តែ​យក​កាហ្វេ​ទៅ​បោះ​ឲ្យ​ម៉ូយ​តែ​ពេល​យប់​។ នេះ​បើ​តាម​ការ​អះអាង​របស់ លោក មាជ សុផាណា អនុរដ្ឋ​លេខា​ធិការ ក្រសួង​មហាផ្ទៃ ។ បើ​តាម​មន្រ្តី​ដដែល នៅ​មាន​ទីតាំង​ផលិត​កាហ្វេ​ផ្សេង​ទៀត​ដែលអាជ្ញាធរ​គ្រោង​នឹង​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​​។

ជា​ការកត់​សម្គាល់ ប្រតិបត្តិការ​បង្ក្រាប​ទី​តាំង​ផលិត​កាហ្វេ​ពី​សំណាក់​អាជ្ញាធរ​ខ្មែ​រនៅ​ពេ​ល​​នេះ ធ្វើ​ឡើង​ក្រោយកើត​មាន​ករណី​បង្ក្រាប​ការ​ផលិត​កាហ្វេ​ក្លែងក្លាយ​លាយ​សារ​ធាតុ​ថ្ម​ពិល​ចាស់ៗ​នៅ​ប្រទេស​វៀត​ណាម។

គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​កាហ្វេ លោក មាជ សុផាណា បាន​អះអាង​ថា សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​បង្ក្រាប​ទី​តាំងផលិត​គ្រឿង​បរិភោគ​ក្លែងក្លាយ​ផ្សេង​ទៀត បាន​ចំនួន​១០​ករណី រាប់​ចាប់​តាំង​ពី​ដើម​ខែ​មករា មក​ដល់​ជិតដំណាច់​ខែ​មេសា​នេះ។ ភាគ​ច្រើន​នៃ​ទំនិញ​ទាំង​នោះ​គឺ​គ្រឿង​ទេស​បន្ថែម​មុខ​ម្ហូប។

សាធារណៈ​មតិ​មួយ​ចំនួន​បាន​រិះគន់ថា ដោយ​សារ​តែ​ការដាក់​ទោសទណ្ឌនៅ​មាន​កម្រិត​ធូរស្រាល ទើបបាន​ជា​ករណី​ផលិត​ផលិតផល​ក្លែង​ក្លាយ​ទាំងនេះ នៅ​តែ​កើត​មាន​ម្ដង​ហើ​យ​ម្ដងទៀត។ ជា​ការ​ឆ្លើយ​តប លោក មាជ សុផាណា ពន្យល់​ថា ការដាក់ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ប្រព្រឹត្ត មិន​មែន​ចេះ​តែ​អនុវត្ត​ទៅ​តាម​ការ​នឹក​ឃើញ​ឡើយ​ ពោល​គឺ​ត្រូវ​មើល​លើ​ស្ថានភាព​ជាក់​ស្ដែង​។ ក៏​ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ច្បាប់​ដើម្បី​កម្រិត​ទោស​ដល់​អ្នកប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​អស់​ទាំង​នេះ​បន្ថែម​ផង​ដែរ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ