rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​សមាជ​គណបក្ស​ភ្លើង​ទាន

media
លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទាន

ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៦​មីនា​ម្សិល​មិញ បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ លទ្ធផល​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើង​ទាន ដែល​ជា​អតីត​គណបក្ស សម រង្ស៊ី។ ការ​ប្រកាស​ទទួល​ស្គាល់​នេះ ធ្វើ​ឡើង​បន្ទាប់​ពីគណ​បក្ស​ភ្លើង​ទៀន បាន​រៀប​ចំ​សមាជវិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២៦​កុម្ភៈ​កន្លង​ទៅ​។


បន្ទាប់​ពី​ទទួល​ជា​ស្គាល់​ជា​ផ្លូវ​ការ​នូវ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើង​ទាន ក្រសួង​មហា​ផ្ទៃ​បាន​ស្នើ​ឲ្យ​គណបក្ស​មួយ​នេះ បំពេញ​នូវ​លក្ខខណ្ឌ​នានា​ដែល​បាន​កំណត់​ក្នុង​មាត្រា​២៦​ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ នេះ​បើ​យោង​ទៅ​តាម​សេចក្ដី​ជូន​ដំណឹ​ង​របស់​ក្រសួង​មហាផ្ទៃ។ ក្នុង​នោះ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ទទួល​ស្គាល់​ការ​បោះឆ្នោត​គាំទ្រ​លោក ទាវ វណ្ណុល ជាប្រធាន និង​លោក ចេប គឹមអ៊ាង ជា​អនុ​ប្រធាន។

គួរ​ជម្រាប​ជូន​ថា គណបក្ស​ភ្លើង​ទៀន​បាន​រៀបចំ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៦​កុម្ភៈ ក្នុង​គោលបំណង​​កែ​ប្រែ​លក្ខន្តិកៈ​​មួយ​ចំ​នួ​ន ដើម្បី​បើក​ផ្លូវ​ឲ្យ​គណបក្ស​នេះ អាច​រំលាយ​ខ្លួន​ឯង​បាន​​នៅ​ថ្ងៃ​អនាគត។ ពិសេស​ត្រង់ប្រការ​៤៧​ថ្មី​ ដែល​បាន​ចែង​ថា “ការ​រំលាយ​គណបក្ស​ភ្លើង​ទៀន អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​អង្គ​សមាជ និង​ដោយ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​សមាជិក​គណៈកម្មាធិការ​នាយក ក្នុង​សំឡេង​៥០​ភាគ​រយ​បូក​១។

ថ្លែង​នា​អំឡុង​ពេល​សមាជ លោក ទាវ វណ្ណុល បាន​គូស​បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​ភ្លើង​ទៀន​ដោយ​ខ្លួន​ឯង វា​អាស្រ័យ​ទៅ​លើ​បរិយាកាស​នយោបាយ។ ហើយ​ថា ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់គណបក្សភ្លើងទៀន ក៏​មិន​មែន​ដើម្បី​ត្រៀម​ខ្លួន ដើម្បី​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ដែរ​។ ជុំវិញការបោះឆ្នោតនេះដែរ គណបក្ស​ភ្លើង​ទៀន នឹង​មិន​អាច​យក​ទៅ​ជំនួស​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ឡើយ។ នេះតាមលោក ទាវ វណ្ណុល។

សូម​បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស សម រង្ស៊ី មិន​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី៤​នេះ​ឡើយ។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​អាណត្តិទី៣​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា ចាប់ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៨ សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សមរង្ស៊ី ដែល​ប្ដូរ​មក​ជា​គណបក្ស​ភ្លើង​ទៀន មាន​ចំនួន​១១ រូប។

បច្ចុប្បន្ន គណបក្ស​ភ្លើង​ទៀន​មាន​សមាជិក​គណៈកម្មាធិការ​នាយក​ចំនួន​២៥រូប និង​សមា​ជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន​៩រូប៕