កម្ពុជា ថៃ គ្រោងបង្កើតការិយាល័យទំនាក់ទំនងព័ត៌មាននៅព្រំដែន ខេត្តឧត្តរមានជ័យ
យោធាកម្ពុជានិងថៃ បានប្រកាសរួមគ្នាក្នុងការពង្រឹងសន្តិសុខនៅតាមព្រំដែនសម្រាប់ផែនការបន្តក្នុងឆ្នាំ២០១៩ តាមរយៈគម្រោងបង្កើតការិយាល័យទំនាក់ទំនងព័ត៌មាន នៅតាមព្រំដែនក្នុងខេត្តឧត្តរមានជ័យ។ នេះបើផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំស្ដីពីគណៈកម្មាធិការព្រំដែនទូទៅ(GBC)លើកទី១៤ នៅថ្ងៃទី១៤ខែកុម្ភៈ ម្សិលមិញដែលកម្ពុជាបានធ្វើជាម្ចាសផ្ទះ។
ចុះផ្សាយនៅថ្ងៃ៖
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិឲ្យដឹងថា កង្វះទំនាក់ទំនងតាមខ្សែទូរសព្ទមិនទាន់សភាពការណ៍ ទើបជាឱកាសដល់អ្នកជួញដូរគ្រឿងញៀននិងឈ្មួញកាប់ឈើ ងាយស្រួលក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។ ប្រឈមនឹងបញ្ហានេះ កម្ពុជាថៃ មានគម្រោងបង្កើតការិយាល័យទំនាក់ទំនងព្រំដែននៅក្នុងឆ្នាំ២០១៩នេះ នាខេត្តឧត្តរមានជ័យ ខណៈបច្ចុប្បន្នការិយាល័យនេះ មានមួយកន្លែងរួចនៅព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា គម្រោងបង្កើតការិយាល័យទំនាក់ទំនងនៅព្រំដែននេះធ្វើឡើង បន្ទាប់ពីយោធាទាំង២មើលឃើញថា ការរក្សាសន្តិសុខនៅតាមព្រំដែនបានជួបឧបសគ្គមួយចំនួនក្នុងឆ្នាំ២០១៨ ។ ក្នុងឆ្នាំ២០១៨ កងទ័ពជើងគោកបានត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗសរុបចំនួន៥១៩៣ករណីនៅតាមខ្សែបន្ទាត់ព្រំដែន។ ប៉ុន្តែយ៉ាងណាមិញ រាល់បទល្មើសទាំងនេះនៅតែមានភាពល្អប្រសើរជាងឆ្នាំ២០១៧។
ជាមួយគ្នានេះ តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១៣ កាលពីឆ្នាំ២០១៨ នៅទីក្រុងបាងកក កម្ពុជា ថៃ ឯកភាពទប់ស្កាត់ការប្រើប្រាស់ព្រំដែនដោយខុសច្បាប់តាមរយៈការទប់ស្កាត់ពលករឆ្លង់ដែន ការជួញដូរគ្រឿងញៀន ។ ក្រៅពីទប់ស្កាត់ ភាគីទាំង២ ជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជាទាក់ទងកសិកម្ម បញ្ហាសុខភាពសាធារណៈ ការអភិវឌ្ឍជីវភាពរស់នៅ ការអប់រំ សាសនា និងវប្បធម៌។
គួរជ្រាបថា ខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃមានចម្ងាយជាង៨០០គីឡូនិងមានបង្គោលព្រំដែនចំនួន៧៣បង្គោលដែលបានបោះនៅសម័យអាណានិគមនិយមបារាំងនៅអំឡុងឆ្នាំ ១៩១៩ និង ១៩២០។ ក្នុងចំណោមបង្គោលទាំង ៧៣ មានបង្គោល ៤៥ បានឯកភាពគ្នា ខណៈ ២៨ បង្គោលទៀតភាគីទាំង ២ មិនទាន់បានឯកភាពគ្នានៅឡើយ ហើយភាគីទាំង ២ បាននិងកំពុងចរចាដោះស្រាយដោយសន្តិវិធី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ