អានតួអត្ថបទ
កម្ពុជា-ច្បាប់

មន្ដ្រី​ជំនាញ​​នឹង​ចុះ​ទៅ​មើល​បង្គោល​​ព្រំដែន បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារជាតិ​លើក​ឡើង​ពីភាព​​មិនប្រក្រតី

ពីខេត្តបន្ទាយមានជ័យ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោកទៀ បាញ់ បាន​លើក​ឡើង​​ថា បង្គោ​ល​និង​ចំណុច​ព្រំដែន​មួយចំនួន​រវាង​កម្ពុជា ថៃ ​វៀតណាម និង​ឡាវ​ នៅតែ​មាន​ភាពមិន​ប្រក្រតី។ លោក​រដ្ឋ​មន្ដ្រី​សង្កេត​ឃើញ​ដូច្នេះ ក្នុង​អំឡុងពេលលោក​ចុះ​សួរ​សុខ​ទុក្ខ​​កងកម្លាំង​ការពារ​ព្រំដែន នៅ​ថ្ងៃទី៨មីនាម្សិលមិញ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់លោក​​រដ្ឋ​មន្ដ្រី ទៀ បាញ់ នេះ គណៈក​ម្មា​ធិ​ការ​កិច្ច​ព្រំដែនអះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ខ្លួន​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​បន្ថែម​ដើម្បីបំពេញ​ចន្លោះ​ខ្វះ​ខាត។  

រូបថតៈលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាចុះទៅព្រំដែនកន្លងមក
រូបថតៈលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាចុះទៅព្រំដែនកន្លងមក @koy Pisey
ផ្សាយពាណិជ្ជកម្ម

ភាព​មិនប្រក្រតីនៃ​បង្គោល​ព្រំដែន​ដែល​រដ្ឋ​មន្ដ្រី​ការពារ​ជាតិ​សង្កេត​ឃើញ គឺ​ស្ថិត​នៅ​ចំណុច​ច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូត​ដល់ច្រកចាំយាមខេត្តកោះកុង ដែលមានប្រវែង​៨០៣​គីឡូម៉ែត្រ និងមាន​បង្គោល​សរុប​​៧៣​បង្គោល​។ នេះសម្រា​ប់​ព្រំ​ដែនជាមួយប្រទេសថៃ។ ក្រៅ​ពី​នេះ លោក ទៀ បាញ់ បញ្ជាក់បន្ថែម​​ថា បង្គោល​ព្រំដែន​​មួយ​ចំនួននៅ​ចំណុ​​ច​ព្រំដែន​ជាមួយ​វៀតណាមនិង​ឡាវ ​ក៏មានភាព​មិន​ប្រក្រតី​ដូច​គ្នា​ដែរ​។

បើតាមរដ្ឋមន្ត្រីក្រសួងការពារ ​បង្គោល​ខ្លះ​ទ្រេត បង្គោល​ខ្លះ​គ្មានគ្រឹះ បង្គោល​ខ្លះ​ត្រូវ​បាន​រំកិល និងបង្គោល​ខ្លះ​​ដាំ​បញ្ច្រាសជាដើម។ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​បង្គោល​និង​ព្រំដែន​នេះ លោក ទៀ បាញ់ អំពាវនាវ​ឲ្យ​ភាគី​នៃ​ប្រទេស​ទាំង​សង​ខាង​ចរចាជាមួយ​គ្នា​ដោយ​សន្តិវិធី ពោល​គឺ​មិនត្រូវ​​បង្កើត​ជម្លោះ ឬ ​បង្ក​ភាព​តានតឹងដាក់គ្នា​នៅ​តាម​ព្រំដែនឡើយ ខណៈ​​ដែល​យន្តការ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​នា​ពេល​បច្ចុប្បន្ន មាន​ភាព​ស​កម្ម​និង​ជឿន​លឿន​ទៅមុខ​ច្រើន។ ​នេះ​បើ​តាម​លោក ទៀ បាញ់។

លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅថ្ងៃសៅរ៍នេះថា អនុគណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេសថៃ ឡាវ វៀតណាម នឹងចុះទៅ​ជួសជុល​និង​កែ​លម្អ​​នូវ​បង្គោល​ណា​ដែល​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ឬ​ទ្រេត។ ភាព​មិន​ប្រក្រតី​នៃ​បង្គោ​ល​ព្រំដែន​នេះ ដោយ​សារ​តែ​បង្គោល​ខ្លះ​ត្រូវបាន​បោះ​យូរ​មក​ហើយ​ដោយ​គិត​មក​ដល់​​ពេល​បច្ចុប្បន្ន​មាន​អាយុ​កាល​ជា​ង១០​០​ឆ្នាំមកហើយ​។ ប៉ុន្តែ​យ៉ាង​ណា​មិ​ញ ប្រសិន​បើ​បង្គោ​ល​ព្រំដែន​មួយ​ចំនួន​មាន​បញ្ហា​ខ្លាំង ភាគី​កម្ពុជា​មិន​អាច​ដោះស្រា​យ​ដោយឯកតោ​ភាគី​ឡើយ។ នេះ​បើ​តាម​លោកស្រី កុយ ពិសី។

គួរជម្រាបជូន​ថា ដំណើការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​ឡាវ​សម្រេច​បាន​៨៦​ភាគ​រយ វៀតណាម​៨៤​ភាគរយ ខណៈ​ថៃ​៧៣​ភាគរយ។ បច្ចុប្បន្ន​ដំណើរ​ការ​ចរចា​ព្រំដែន​រវាង​​កម្ពុជា​ឡាវ​និង​វៀតណាម ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​គូរ​ផែន​ទីផ្ទេរ​ពី១០០​ពាន់​មក​៥០​ពាន់​ដើម្បី​ជាមូលដ្ឋាន​នៅ​ក្នុង​ដំណើក​ការ​បោះបង្គោល​ព្រំដែន​បន្ត។ ក្នុង​នោះ​ដំណើ​ការ​គូរ​ផែន​ទីរវាង​កម្ពុជា​និង​ឡាវ​នេះ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​ព្រម​ព្រៀង​គ្នា​រៀបចំ​បែបបទ​បច្ចេកទេស​ស្នើ​ទៅ​កាន់​ប្រទេស​បារាំង ​​ដើម្បីឲ្យ​ជួយដោះស្រាយ៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ