អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ក្រុម​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ ធ្វើ​បាតុ​កម្ម​សុំ​ឲ្យ​ជប៉ុន​ឈប់​ផ្តល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

ដូចការ​គ្រោង​ទុក ​ក្រុម​​អ្នក​​គាំទ្រ​​អតីត​​គណបក្ស​​សង្រ្គោះ​​ជាតិ​​ បាន​ធ្វើ​​បាតុ​កម្ម​​មួយ​​ នៅ​​មុខ​​ស្ថាន​ទូត​​ជប៉ុន​​ប្រចាំ​អង្គការ​​សហ​​ប្រជា​ជាតិ​​ ក្នុង​​ទី​​ក្រុង​​ញូយ៉ក​​ នៅថ្ងៃ​​ទី​​១​​ខែ​​មិថុ​នា​ម្សិល​មិញ​ ​ដើម្បី​​ស្នើ​​សុំ​ឲ្យ​​ ប្រទេស​​ជប៉ុន​​ដក​​ខ្លួន​​ថយ​​ និង​​បញ្ឈប់​​ការ​​ផ្តល់​​ជំនួយ​​ សម្រាប់​​ការ​​បោះ​​ឆ្នោត​​នៅ​​កម្ពុជា​​។​ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​អះអាងថា​ ការ​ធ្វើ​បាតុកម្ម​នោះ វាគ្មាន​ឥទ្ធិពល​អ្វី​ឡើយ​​ទៅ​​លើការ​​សម្រេច​​របស់​រដ្ឋាភិបាល​ជប៉ុន​។​

បាតុកម្ម​របស់​អ្នកគាំទ្រCNRPនៅមុខទូតជប៉ុន
បាតុកម្ម​របស់​អ្នកគាំទ្រCNRPនៅមុខទូតជប៉ុន @FB
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមបាតុករជា​ច្រើន​នាក់ដែលជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះ ក៏មានដែរ ​អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក ញ៉យ ចំរើន និង​លោក រៀល ខេមរិន្ទ ព្រមទាំង លោកហ៊ីង សុខសាន្ត ប្រធានយុវជនអតីតគណបក្សសង្រ្គោះជាតិ និង​កញ្ញា កឹម សម្មាធិតា កូនស្រីពៅ លោក កឹម សុខា។

កញ្ញា កឹម សម្មាធិតា បានថ្លែងជាភាសាអង់គ្លេស មាន​ខ្លឹមសារថា៖ «ពួកយើងឈរ​នៅ​ទីនេះ គឺជំរុញឲ្យប្រទេសជប៉ុនដកជំនួយនិងការ​គាំទ្រ​ដល់​ការ​បោះឆ្នោត​នៅកម្ពុជា​នាពេលខាងមុខ​»។ ​កញ្ញា កឹម សម្មាធិតា ស្នើ​ដូច្នេះ ដោយសារ​កញ្ញា​យល់​ឃើញ​ថា ការបោះឆ្នោតពេលខាងមុខ​ដែល​គ្មាន​វត្តមានគណបក្សប្រឆាំងធំជាងគេ គឺ​ជាការ​បោះឆ្នោត​ក្លែងក្លាយ។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការធ្វើ​បាតុកម្មនេះថា​ជារឿងអស់សំណើច។ មិន​ត្រឹម​តែ​អស់​សំណើច​ទេ លោក សុខ ឥសាន អះអាងថា បាតុកម្មនេះ​គ្មានឥទ្ធិពលអ្វីទៅ​លើការ​សម្រេច​របស់​ប្រទេស​ជប៉ុន ​ក្នុង​ការ​គាំទ្រ​ការ​បោះ​ឆ្នោត​នៅកម្ពុជាឡើយ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បាតុកម្ម​របស់​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ក្នុង​លំនាំ​ដូច​គ្នា​នេះ ​នឹង​នៅ​តែ​រៀបចំ​​ធ្វើ​ជា​បន្ត​បន្ទាប់​ទៀត​។ បើតាម លោក អេង ឆៃអ៊ាង អនុប្រធានអតីត​គណបក្សសង្រ្គោះជាតិ ​ការ​ធ្វើ​បាតុកម្ម​នេះមិនមែនមានតែនៅមុខ​ស្ថានទូតជប៉ុន​ប្រចាំអង្គការ​សហប្រជាជាតិ​តែមួយនោះទេ គឺនឹងមាន​ធ្វើជាបន្តបន្ទាប់ទៀត នៅ​សហរដ្ឋអាមេរិក ដោយមានការគាំទ្រពីពលរដ្ឋខ្មែរ ទាំងនៅ​កាណាដា អូស្រ្តាលី និង នៅអ៊ឺរ៉ុប ជាដើម។

អ្នកគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេសប្រកាសថា ពួកគេក៏នឹងធ្វើ​បាតុកម្ម​ម្តង​ទៀត​នៅពាក់​កណ្តាលខែនេះ ដើម្បី​អំពាវនាវកុំឲ្យសហគមន៍អន្តរជាតិ​ទទួលស្គាល់​ការ​បោះឆ្នោត​នៅកម្ពុជា។

សូមបញ្ជាក់ថា មកដល់ពេលនេះ​ប្រទេសជប៉ុនមិនបានផ្តាច់ជំនួយ​មក​កម្ពុជា ទាំងជំនួយ​អភិវឌ្ឍ និង​ជំនួយ​សម្រាប់​ការ​បោះឆ្នោត បើទោះបីជាសហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក ​បាន​ផ្តាច់​ជំនួយដល់​ គ.ជ.បរបស់កម្ពុជា តាំងពីមានការរំលាយគណបក្ស​សង្រ្គោះជាតិ​ឆ្នាំ​មុនក៏ដោយ។ ប៉ុន្តែ​ជា​ជំហរ​ចុង​ក្រោយ ​ប្រទេសជប៉ុន​បានប្រាប់មន្រ្តី​រដ្ឋាភិបាល​កម្ពុជាម្តង​ហើយ​ម្តងទៀតថា ក្នុង​នាមជាដៃគូ ​ជប៉ុនចង់​ឃើញ​ការ​បោះឆ្នោត​នៅកម្ពុជា​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈពិតរបស់​ពលរដ្ឋខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ