អានតួអត្ថបទ
កម្ពុជា-សង្គម

៥ឆ្នាំ​នៃ​ការ​អនុវត្ត​គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ អ្នក​ជាប់​ឃុំ​និយម​អាន​សៀវ​ភៅ​ប្រឡោម​លោក

ទឹក​ប្រាក់​ជាង​កន្លះ​លាន​ដុល្លារ(៥៥ ០០០០ដុល្លារ) ត្រៀម​អនុវត្ត​គម្រោង​បណ្ណាល័យ​នៅ​ក្នុងពន្ធនាគារ​ទូទាំង​ប្រទេស​ក្នុង​ដំណាក់កាល​ទី៣ ដែល​ជា​ដំណាក់​កាល​បញ្ចប់​សម្រាប់​រយៈ​ពេលបី​ឆ្នាំ​ពី​ឆ្នាំ​២០១៩​ដល់​២០២២។ តាម​អ្នក​ជំនាញ​មក​ពី​អង្គការ​ស៊ីប៉ា​លើក​បង្ហាញ​នៅ​ថ្ងៃ​សុក្រនេះថា ៥​ឆ្នាំ​នៃ​ការ​អនុវត្ត​គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ​អ្នក​ជាប់​ឃុំ​និយម​អាន​សៀវភៅ​ប្រឡោមលោក​ច្រើន​ជាង​គេ ខណៈ​សៀវភៅ​ប្រភេទ​នេះ​ការ​តែង​និពន្ធ​បាន​ថយ​ចុះ។  

រូបភាព៖មន្ត្រីពាក់ព័ន្ធនៅក្នុងសិក្ខាសាលាស្ដីពីបណ្ណាល័យក្នុងពន្ធនាគារ
រូបភាព៖មន្ត្រីពាក់ព័ន្ធនៅក្នុងសិក្ខាសាលាស្ដីពីបណ្ណាល័យក្នុងពន្ធនាគារ @RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​ចំនួន​អ្នក​ជាប់​ឃុំ២​ម៉ឺន​៥ពាន់​នាក់​គឺ​មួយ​ខែ​ពួក​គេ​ចូល​អាន​សៀវ​ភៅ​៧០០០​ដង​ក្នុង​បបណ្ណាល័យ ខណៈ​អ្នក​ជាប់​ឃុំ​៨០០០នាក់​បាន​ខ្ចី​សៀវភៅ​ប្រមាណ​ជាង​១ម៉ឺន​ក្បាល​យក​ទៅ​អាន​ក្នុង​បន្ទប់។ ក្នុង​នោះ​សៀវភៅ​ប្រឡោមលោក​នាំមុខ​សម្រាប់​អ្នក​ជាប់​ឃុំនិយម​អាន និង​តាម​ក្រោយ​ដោយ​សៀវភៅ​ទស្សនៈវិជ្ជា និង​ចិត្តវិទ្យា និង​ចុង​ក្រោយ​អ្នក​ជាប់​ឃុំ១៥​ភាគ​រយ​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ។ នេះ​បើ​តាម​អង្គការ​ស៊ីប៉ា។ សម្រាប់​អង្គការ​ស៊ីប៉ា ការនិយម​អាន​សៀវភៅ​ប្រឡោម​លោក​ពី​សំណាក់​អ្នក​ជាប់​ឃុំ ស្របពេល​ដែល​ការ​តែង​និពន្ធសៀវភៅ​ប្រឡោម​លោក​នា​ពេល​បច្ចុប្បន្ន​បាន​ថយ​ចុះ តែ​ជំនួស​មក​វិញ​ដោយ​ភាព​សំបូរ​បែប​នៃប្រភេទ​សៀវភៅ​បែប​អប់​រំ​គំនិត។ ​

សូមបញ្ជាក់ថា ចាប់​តាំង​ពី​អនុវត្ត​គម្រោង​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​គឺ​សៀវ​ភៅ​១០​ម៉ឺន​ច្បាប់​ដែល​មាន​ជាង​២ពាន់​ចំណង​ជើង​ដែល​ផ្ដល់​ដោយ​ភាគី​ពាក់ព័ន្ធ​គឺ​បាន​ផ្ដល់​បន្តទៅ​កាន់​បណ្ណាល័យ​ចំនួន​២៦​នៅ​ក្នុង​ពន្ធធនាគារ​ទូទាំង​ប្រទេស។

តាមរយៈ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​កន្លង​មក​និងការ​ត្រៀម​អនុវត្ត​បន្ត​កម្មវិធី​មុន​សមាហរណកម្ម​ជន​ជាប់​ឃុំ​ទៅ​ក្នុង​សង្គម​វិញ ភាគី​ពាក់ព័ន្ធ​ដែលរួមមាន​អង្គការស៊ីប៉ា​ អគ្គនាយកដ្ឋានពន្ធនាគារជាដើម​បាន​កត់​សម្គាល់​ដូច​គ្នា​គម្រោង​នេះ ផ្ដល់ប្រយោជន៍​ច្រើន​មែន​ទែន​ដល់​អ្នក​ជាប់​ឃុំ។ ជាក់ស្ដែង​គឺ​អ្នក​ជាប់​ឃុំ ​ទទួល​បាន​ចំណេះ​ដឹង​តាមរយៈ​ការ​អាន​សៀវភៅ​បាន​ច្រើន ហើយ​សម្មភាព​នៃ​ការ​អាន​ក៏​បាន​រួម​ចំណែក​កាត់​បន្ថយ​ភាពចង្អៀតណែន​ក្នុង​ពន្ធនាគារ។ ម្យ៉ាង​ទៀត​កាត់​បន្ថយ​ភាព​ស្មុគ​ស្មាញ និង​កាត់​បន្ថយ​ការ​គិតដែល​ចង់​រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ជាដើម។ នេះ​បើ​តាមលោក ព្រុំ ចាន់នី ប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ​និង​ស្ដារនីតិ​សម្បទា​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​ភាគី​ពាក់ព័ន្ធ​បាន​មូលមាត់​គ្នា​ថា ភាព​ជោគជ័យ​នៃ​ការ​ដាក់​ឲ្យ​ដំណើ​រ​ការគម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ​មិន​អាច​កាត់​ផ្ដាច់​បាន​ឡើយ​ពី​ភាព​ចាំបាច់​នៃ​ថ្នាក់​អក្ខរាកម្ម។ បច្ចុប្បន្ន​ថ្នាក់​អក្ខរាកម្ម​មាន​៣៩​កន្លែង​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស ខណៈ​ដែល​ថ្នាក់​អក្ខរាកម្ម​នេះ​កំពុ​ងប្រឈម​នឹង​កង្វះ​គ្រូ។ គោល​បំណង​នៃ​ការ​បង្កើត​ថ្នាក់​អក្ខរាកម្ម​គឺ​ដើម្បី​បង្រៀន​អ្នកជាប់​ឃុំ​ដែល​មិន​ចេះ​អក្សរ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ