អានតួអត្ថបទ
កម្ពុជា-សង្គម

អតីតបក្ស​ប្រឆាំង​បេ្ដជ្ញា​ស្វែង​រក​យុត្តិធម៌ ជូន​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិ​ការណ៍​ផ្ទុះ​គ្រាប់​បែក​ឆ្នាំ​១៩៩៧

ថ្ងៃ​ទី​៣០​មីនា​ឆ្នាំ២០១៩​នេះ​គឺ​ជា​ខួប​២២​ឆ្នាំ​នៃ​ព្រឹត្តិ​ការ​ណ៍​ផ្ទុះ​គ្រាប់បែកទល់មុខ​អតីត​អគារ​រដ្ឋសភា ដែល​បច្ចុប្បន្ន​ជា​តុលាការ​កំពូល កាល​ពី​ថ្ងៃទី៣០​មីនា​១៩៩៧។ ទោះ​ជា​រំលង​ផុត​២២ឆ្នាំ​ទៅ​ហើយ​សាច់​ញាតិជន​រង​គ្រោះ​នៅ​តែ​រៀបចំ​ពិធី​រំឭកវិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ចំនួន​១៦​នាក់​នៅថ្ងៃ​សៅរ៍​នេះ។ ​ចំណែក​អតីត​គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​មិញ ដោយ​បេ្ដជ្ញា​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជនរង​គ្រោះ​ឲ្យ​ខាង​តែ​បាន។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​ចំអក​ចំពោះ​ការ​ប្ដេជ្ញា​នេះ។

លោក​សម រង្ស៊ី ថ្លែងតាម​ Video Conference ក្នុង​ពិធី​រំឭក​ខួប​ព្រឹត្តិការណ៍​បោកគ្រាប់បែក​លើ​បាតុករ​ឆ្នាំ​១៩៩៧កន្លងមក
លោក​សម រង្ស៊ី ថ្លែងតាម​ Video Conference ក្នុង​ពិធី​រំឭក​ខួប​ព្រឹត្តិការណ៍​បោកគ្រាប់បែក​លើ​បាតុករ​ឆ្នាំ​១៩៩៧កន្លងមក @RFI
ផ្សាយពាណិជ្ជកម្ម

ដូច​រៀង​រាល់​ឆ្នាំ សាច់​ញាតិ​ជន​រងគ្រោះ​នៅ​តែ​លើក​ឡើង​ពី​ភាព​យុត្តិ​ធម៌​​ដែល​មិន​ទាន់​ទទួលបាន​ក្រោយ​ហេតុការណ៍​គប់​គ្រាប់​បែក​នេះ​បាន​រំលង​ផុត​២២​ឆ្នាំ​ទៅ​ហើយ ខណៈ​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ​តាមរយៈ​សេចក្ដី​ថ្លែង​មួយ​កាល​ពី​ថ្ងៃ​ទី​២៩​មីនា ​បាន​ប្ដេជ្ញា​ស្វែង​រក​យុត្តិធម៌​ជនរង​គ្រោះ​ឲ្យ​ខាង​តែ​បាន។ បន្ថែម​លើ​ការ​ប្ដេជ្ញា​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ឆ្លៀត​រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិន​បាន​ស្វែង​រក​ជន​ដៃ​ដល់យក​មក​ផ្តន្ទាទោស​ឡើយ។

ក្រៅ​សេចក្ដី​ថ្លែង​ការណ៍ មន្ត្រី​មួយ​ចំនួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​បរិហា​ហេតុ​ការ​ណ៍​កាល​ណោះ ថា​ជា​ព្រឹត្តការណ៍​មួយ​កើត​ឡើង​ដោយ​ការ​រៀប​ចំ​ទុក​ជា​មុន។ ហើយ​ថា យុតិ្តធម៌​សម្រាប់​ជន​រង​គ្រោះ​មិន​ដឹង​ពេល​ណា​ទទួល​បាន​ឡើយ ប្រសិន​បើ​មិន​មាន​ការ​ផ្លាស់​ប្ដូរការ​ដឹក​នាំ។ នេះ​ជា​ខ្លឹម​សារ​ដែល​លោក អេង ឆៃអ៊ាង សសេរ​នៅ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​សៅរ៍នេះ​។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៦ លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ហើយ​ថា ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក នៅ​ទល់មុខ​អតីត​អគារ​រដ្ឋសភា នៅ​ថ្ងៃទី៣០​មីនា​១៩៩៧ មិន​ជាប់​ពាក់​ព័ន្ធ​ឡើយ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ បើតាម​អ្នក​នាំ​ពាក្យ​ហេតុការណ៍​២២​ឆ្នាំ​មុន​គឺ​មាន​ជាប់​ព័ន្ធ​នឹង​លោក សម រង្ស៊ី ទៅ​វិញ​ទេ។

សូមរំឭកថា ហេតុការណ៍​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​កាល​ពី​២២​ឆ្នាំ​មុន​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៣០​មីនា​ឆ្នាំ​១៩៩៧ កើត​ឡើង​ខណៈ​ពេល​ក្រុមបាតុករ​ដែល​ជា​កម្មករ កម្មការិនី កំពុង​​តវ៉ា​ទាមទារឲ្យ​​​មាន​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ នៅមុខ​អតីត​រដ្ឋសភា​ជាតិ។ នៅ​ពេល​នោះ​ គ្រាប់​បែក​៤គ្រាប់​បាន​ផ្ទុះ ហើយ​បាន​សម្លាប់​បាតុករ​១៦​នាក់​និង​ជិត​២០០​នាក់​ទៀត​រង​របួស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ