rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ច្រក​ប៉ោយ​ប៉ែត​មុន​ពេល​ក្រុម​លោក ​សម ​រង្ស៊ី​ មក​ដល់​

media
ទិដ្ឋភាពនៅច្រកព្រំដែន​ប៉ោយ​ប៉ែត @សហការី

ក្រុម​សមត្ថ​កិច្ច​ចម្រុះ​​បំពាក់​ដោយ ​អាវុធ​គ្រប់​ដៃ ​ត្រូវ​បាន​ដាក់​ពង្រាយ​ឲ្យ​ឈរ​ជើង​នៅ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​តាំង​ពី​ថ្ងៃ​២៥​តុលា​មក​នេះ​។​ សកម្មភាព​នេះ​បាន​កើត​មាន​ឡើង​នៅ​មុន​ពេល​ក្រុម​លោក សម រង្ស៊ី ​ប្រកាស​វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​តាម​ច្រក​ប្រទេស​ថៃ​។​


យោង​តាម​រូប​ភាព​វីដេអូ​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​​ កាលពី​ថ្ងៃ​ទី​២៥​តុលា បង្ហាញ​ឲ្យ​ឃើញថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា មាន​ទាំង​កងរាជ​អាវុធ និង​ទាហានរាប់​សិប​នាក់​ផង​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ឈរ​ជើង​ពុះចែក​ទ្រូង​ផ្លូវជាពីរចំណែក​ ចាប់ពីគល់​ស្ពានថ្មមួយ​កន្លែង​នៅក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​ថៃ​។ គឺ​ជាច្រក​ទ្វារ​អន្តរជាតិ​ដ៍សំខាន់​មួយ​ដែល​មាន​ពលរដ្ឋ​នៃប្រទេសទាំង​ពីរ​ចេញ​ចូល​រាប់​ពាន់​ក្នុង​មួយ​ថ្ងៃៗ​។

ក្រុមកម្លាំង​ប្រដាប់​អាវុធ​ទាំ​ង​នោះ ដែល​ក្នុង​ដៃកាន់​អាវុធ​ប្រៀប​ដូចជា​ប្រុង​ប្រយុទ្ធ​បាន​សំឡឹង​មិន​ដាក់​ភ្នែកទៅ​កាន់អ្នក​ដំណើរ​មានទាំងកម្មករអូសរទេះផងដែរដោយ​តម្រូវ​ឲ្យដោះមូកចេញ។ សកម្មភាព​នេះ​បាន​កើត​មុន​ពេល​ដែល​ក្រុម​គណបក្ស​ប្រឆាំង​ដឹកនាំដោយ លោក សម រង្ស៊ី ប្រកាសនាំពលករ​ខ្មែរ​នៅប្រទេស​ថៃ​អម​ដំណើរ​លោក​វិល​ចូល​កម្ពុជា​វិញ​នៅថ្ងៃទី៩​វិច្ឆិកា​ចំថ្ងៃ​បុណ្យ​ឯករាជ្យជាតិ។

សម្រាប់​សកម្មជន​បក្ស​ប្រឆាំង​ដូចជា លោក ម៉ន ផល្លា ​ដែល​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេសថៃ បានអះអាងថា ទោះបីជា​កម្លាំង​ប្រដាប់អាវុធ​បង្ហាញ​សាច់​ដុំ​យ៉ាងណាក៏ដោយក៏មិនអាចទប់ស្កាត់ចរន្តចង់ឲ្យមានការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋបានទេ។ នេះបើតាម​សារ​របស់អតីត​​ប្រធានប្រតិបត្តិរាជធានីភ្នំពេញ​របស់​បក្ស​ប្រឆាំងរូបនេះ។ គិតត្រឹមថ្ងៃទី ២៦ តុលា យ៉ាង​ហោច​ណាស់​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​ចំនួន​៥៨​នាក់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន និង​ជិត​២០០​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «រួមគំនិតក្បត់» ហើយ​កំពុង​រត់​ភៀសខ្លួន។

យ៉ាងណាក៏​ដោយ កាលពីថ្ងៃ​សៅរ៍ លោក ស ខេង បាន​ចេញមក​ការ​ពារ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ដែល​បាន​និង​បន្ត​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក​នេះ​ថា​ជា«​វិធាន​ការ​ច្បាប់​ចំពោះ​សកម្មភាព​ទាំង​ឡាយណា​ដែល​ប៉ុន​ប៉ង​បំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការ​ញុះញង់​ឲ្យមាន​អំពើ​ហិង្សា ចលនា​បំបែក​បំបាក់​ផ្ទៃ​ក្នុង​ជាតិ ឈាន​ទៅ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល គឺ​ពុំមែន​ជា​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​នោះ​ឡើយ​»​។​

តែ​កាសែត​បាង​កកប៉ុស្តិ៍​របស់​ប្រទេស​ថៃ​បាន​ចុះ​ផ្សាយ​អត្ថបទ​វិភាគ​របស់​ខ្លួន​មួយ​កាលពី​ថ្ងៃទី២៦តុលា ដោយ​បានលើក​ឡើងថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​គណបក្ស​ប្រឆាំង​ ដែល​សំដៅ​ដល់​ក្រុម​លោក សម រង្ស៊ី ដែល​ប្រកាសវិល​ចូល​កម្ពុជា​នៅថ្ងៃ​ទី​៩​វិច្ឆិកា​តាម​ច្រក​ប្រទេស​ថៃ​។

បើតាម​កាសែត​បាងកកប៉ុស្តិ៍ លទ្ធផល​នៃ​ការ​បោសសំអាត​នយោបាយ​របស់​លោក ហ៊ុន សែន ប្រឆាំង​នឹង​គណ​បក្ស​សង្គ្រោះជាតិ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ​បាន​ធ្វើ​ឲ្យ លោក ហ៊ុន សែន ទទួលនូវ​អ្វីដែល​គាត់​ចង់​បាន​។​ប៉ុន្តែគាត់​បាន​បន្សល់​ទុក​នូវ​អនាគត​នៃ​ប្រទេស​និង​ប្រជាជន​នៅ​«ក្នុង​ភាព​វង្វេង​ស្មារតី»​៕