អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោកហ៊ុន ម៉ាណែត​ ហៅ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង ​លោក​ហ៊ុន សែន​នៅ​អូស្រ្តាលី​ថា ជា​ការ​លាបពណ៌

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ចាត់​ទុក​គម្រោងធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ឱពុក​របស់​លោក​នៅ​ប្រទេស​អូស្ត្រា​លីថា ជា​ការ​លាបពណ៌ និង​មាក់​ងាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង។ ប៉ុន្តែ​លោក ហុង លីម តំណាងរាស្ត្រ​ដើម​កំណើត​ខ្មែរ​ប្រចាំរដ្ឋ​វ៉ិកតូរីយ៉ា (Victoria)ដែល​ជាអ្នក​ដឹក​នាំ​រៀប​ចំ​គម្រោង​ធ្វើ​បាតុកម្ម​ឆ្លើយ​តប​វិញ​ថា រដ្ឋាភិបាល​កម្ពុជា​ទេ ដែល​ជា​អ្នក​លាបពណ៌​ខ្លួន​ឯង​នោះ។  

លោក​ ហ៊ុន ម៉ាណែត នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី៣ ធ្នូ ២០១៥
លោក​ ហ៊ុន ម៉ាណែត នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី៣ ធ្នូ ២០១៥ RFI/Dyna Seng
ផ្សាយពាណិជ្ជកម្ម

ការ​លាប​ពណ៌​ដែល​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​ភេរវកម្ម​របស់​កម្ពុជា សំដៅ​ដល់​នោះ គឺ​ការ​ចោទ​ប្រកា​ន់​មក​លើ​ពលរដ្ឋខ្មែរ​មួយ​ចំនួន​ថា ពួកគេ​ទទួល​លុយ​ដើម្បី​ចូល​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នា​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ អូស្រ្តាលី​នៅពាក់​ខែ​មិនា​ខាង​មុខ។ នេះ​បើ​តាម​ខ្លឹមសារ​ដែល​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេស​បុក​លោក ហ៊ុន ម៉ាណែត។

ការ​លើក​ឡើង​របស់​លោក​ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ឆ្លើយតប​នឹង​លោក ហុង លីម តំណាងរាស្ត្រ​ខ្មែរ ប្រ​ចាំ​​រដ្ឋ​វ៉ិកតូរីយ៉ា(Victoria)ប្រទេសអូស្ត្រាលី និង​ម្ចាស់​គណ​នេយ្យហ្វេសបុកម្នាក់នៅក្រៅប្រទេសឈ្មោះ​ឆាំ ឆានី ។ លោក ឆាំ ឆានី ថា មនុស្ស​ម្នាក់​នឹង​ទទួល​បាន​លុយ​៦០០​ដុល្លារ​អាមេរិក បន្ទាប់​ពី​ពួក​គេចូល​ជួប​លោក ហ៊ុន សែន ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្ដល់​ប្រាក់​១៥០​ដុល្លារ​ទៀត​ដល់​អ្នក​ដែលប្រមែ​ប្រមូល​មនុស្ស​បាន​ចាប់​ពី​៥​ទៅ​៦​នាក់​ដើម្បី​មក​ជួប​លោក។ នេះ​បើ​តាម​លោក ឆាំ ឆានី។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ លោក ហ៊ុន ម៉ាណែត ចាត់​ទុក​ថា ជា​ការ​ប្រឌិត​នូវ​រឿង​មិន​ពិត ដើម្បី​លាប​ពណ៌ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទស្សន​ខុស​ពី​ខ្លួន។ ចំពោះ​លោក ហ៊ុន ម៉ា​ណែត ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ប្រាកដ​ណាស់​គឺ​មាន​មនុស្ស​ដែល​មាន​ទស្សន​ខុស​គ្នា​មិន​ថា ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស ឬ​នៅ​អាមេរិក អូស្ត្រាលី ណូវ៉ែលហ្សឺឡង់ អឺរ៉ុប​នោះ​ទេ។ បន្ថែម​លើ​នេះ លោក ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់ពាក្យ​សម្ដី​ជេរ​ប្រមាថ ដូច​ជា​ពាក្យ​ថា ខ្មោចស៊ីពេ ដែល​ការ​ជេរ​ប្រមាថ​នេះ មិន​អាច​បង្ហាញ​ពី​ការ​បង្រួប​បង្រួមគ្នា ឬ​គោរព​សិទ្ធិ​គ្នា​នោះ​ទេ។

ត្បិត​តែ​លោក ហ៊ុន ម៉ាណែត មិន​និយាយ​ចំ​ឈ្មោះ​ក៏​ដោយ​តែ​គេ​អាច​ដឹង​បាន​ថា លោក​ទំនង​ជា​សំដៅ​ដល់លោក ហុង លីម ដែល​ធ្លាប់​ដឹក​នាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​កាល​ពី​ពេល​កន្លង​មក​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ យ៉ាង​ណា​ក៏​ដោយ​លោក ហុង លីម បាន​​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ក្រៅ​ប្រទេស​មក​ថា លោក ហ៊ុន ម៉ាណែត ក៏​ដូច​ជា​រដ្ឋាភិបាល​មិន​គួរ​ចំណាយ​ពេល​មក​គិត​ពី​រឿង​អ្នក​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក​ថា អ្វី​ដែល​ពួក​គេ​គួរ​គិត​នោះ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ សុខមាភាព​ពលរដ្ឋ​ក្នុង​វិស័យ​សុខាភិ​បាល​ទើប​ប្រសើរ។

បើ​តាម​លោក ហុង លីម លោក​នៅ​តែ​បន្ត​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នៅ​អូស្ត្រាលី គ្រា​ដែល​លោក ហ៊ុន សែន ទៅចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​១៧​ដល់​១៨​មិនា​ដដែល បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ធ្លាប់ព្រមាន​បែប​ណា​ក៏​ដោយ។ ចំណែក​លោក ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​ទី​៣​មិនា ម្សិលមិញ​ក៏​បង្ហាញ​ជំហរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នេះ​ដដែល៕

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ