rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កសិកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួង​កសិកម្ម​ប្រកាស​ឲ្យ​ផ្អាក​ចរាចរ​ថ្នាំ​កសិកម្ម​គ្រប់​ប្រភេទ​មួយ​រយៈ

media
រូបភាព​ចាស់៖ កសិករកំពុងបាញ់ថ្នាំ © ណាវិន

ក្រសួង​កសិកម្ម​នៅ​ថ្ងៃ​ទី​២៥​ឧសភា​ម្សិលមិញ បាន​ជូន​ដំណឹង​ឲ្យ​អាជីវករ​នៅ​ទូទាំង​ប្រ​ទេ​ស​ផ្អាក​ចរាចរ​ថ្នាំ​កសិកម្ម​គ្រប់​ប្រភេទ​មួយ​រយៈ។ ការ​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្មបែប​នេះ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី ក្រសួង​ចំនួន​បី​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម ដោយដាក់​ការ​សង្ស័​យ​ថា ថ្នាំ​កសិកម្ម​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ពុល​មនុស្ស​ស្លាប់​នៅ​ក្នុង​ខេត្ត​ក្រចេះ។


ជំហាន​ដំបូង ថ្នាំ​កំចាត់​ស្មៅ​គ្រប់​ប្រភេទ​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​មិន​ឲ្យ​មាន​ការ​នាំ​ចូល​ឡើ​យ។ បន្ទាប់​មក ត្រូវ​ផ្អាក​ការ​ចែក​ចាយ​បន្ត​ដល់​ពលរដ្ឋ ដោយ​ត្រូវ​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​នៅ​តាម​បណ្ដា​ខេត្ត​ជា​មុន​សិន។ នេះ​គឺ​ជា​ខ្លឹម​សារ​នៃសេច​ក្ដី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម នៅ​ថ្ងៃ​ទី​២៥​ឧសភា​ម្សិល​មិញ។

ក្រសួង​កសិកម្ម​ក៏​បាន​ជំរុញ​បន្ថែម​ទៅ​ដល់​សមត្ថកិច្ច​នៅ​តាម​ព្រំដែន ឲ្យ​ចូល​រួម​សហការ​ទប់​ស្កាត់​ការ​នាំ​ចូល​ខុស​ច្បាប់​នូវ​ថ្នាំ​កសិកម្ម​គ្រប់​ប្រភេទ។ ចំណែក​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ម្ចាស់​កសិដ្ឋាន​ដែល​នាំ​ចូល​ថ្នាំ​កសិកម្ម​ទៅ​ប្រើប្រាស់​លើ​ដី​សម្បទាន​សេដ្ឋកិច្ច និង​កសិដ្ឋាន​របស់​ខ្លួន ត្រូវ​រាយការណ៍​ទៅ​ក្រសួង​ជា​មុន​ពី​របៀបប្រើ​ប្រាស់​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព។

ជុំវិញ​វិធាន​ការណ៍​នេះ លោក ចន្ទ សុផល អ្នក​សេដ្ឋ​កិច្ច​មាន​យោបល់​ថា ក្រ​សួង​កសិ​កម្ម​គួរ​តែ​ពង្រឹង​ការ​ចុះ​អប់រំ​ពលរដ្ឋ​អំពី​របៀប​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​វិញ ជា​ជាងផ្អាក​មិន​​ឲ្យ​នាំចូ​ល និង​ប្រើប្រាស់​បណ្ដោះ​អាសន្ន​បែប​នេះ។ ចំពោះ​លោក ចន្ទ សុផល ចំណា​ត់​ការ​នេះ​អាច​ប៉ះ​ពាល់​ដល់​ផល​ដំណាំ​របស់​ពលរដ្ឋ ប្រសិន​បើ​ផល​ដំណាំ​ទាំងនោះ​ត្រូវ​ប្រើប្រាស់​ថ្នាំ​ជា​ចាំ​បាច់។ ថ្នាំ​កសិកម្ម បើ​ប្រើ​ប្រាស់​តាម​ការ​កំណត់​នឹង​មានប្រសិទ្ធ​ភាព។ នេះ​បើ​តាម​លោក​ចន្ទ សុផល។

ដោយ​ឡែក ទាក់​ទង​នឹង​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​នៅ​ពេល​កន្លង​មក លោក ហ៊ាន វណ្ណ​ហន អគ្គ​នាយក​នៃ​អគ្គនាយ​ក​ដ្ឋាន​កសិកម្ម​ បាន​លើក​ឡើង​ថា ក្រសួង​កសិកម្ម​បាន​ធ្វើ​ការ​ណែ​នាំ​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ពលរដ្ឋ។ តែ​ប្រសិន​បើ​បញ្ហា​នៃ​ការ​ពុល​មនុស្ស​ស្លាប់​បណ្ដាល​មក​ពី​ថ្នាំ​កសិកម្ម​មែន វា​អាច​បណ្ដាល​មក​ពី​ពួក​គាត់​មិន​ដឹង​ពី​របៀប​ប្រើ​ប្រាស់ថ្នាំ​កសិកម្ម​ទាំង​នោះ។

គួររម្លឹកថា វិធាន​ការ​របស់​ក្រសួង​កសិកម្ម​នៅ​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ​ក្រសួង​សុខា​ភិបា​ល ក្រសួង​សិប្បកម្ម និង​ឧស្សាហកម្ម ក្រសួង​រ៉ែ​និង​ថាមពល ដាក់​ការ​សង្ស័យ​រួម​គ្នាថា ក្នុង​​ចំណោម​មនុស្ស​១៣​នាក់​ស្លាប់​នៅ​ក្រចេះ មាន​មួយ​ចំណែក​ទៀត​បណ្ដាល​មកពី​ការ​ប្រើប្រាស់ ​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត ដែល​ហូរ​ចូល​ទៅ​បំពុល​ទឹក​ព្រែក ធ្វើ​ឲ្យ​ទឹក​ព្រែក​នោះ​មានកំហាប់​​សារធាតុគីមី​​ខ្ពស់ គ្រោះ​ថ្នាក់​ដល់​សុខភាព​៕