rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស ចាត់​ទុក​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា​ខាង​មុខ ​ថា​មិន​ស្រប​ច្បាប់

media
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ព្រឹទ្ធសភា នីតិកាលទី៤។ ​ @REUTERS/Samrang Pring

សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស (APHR) បាន​លើក​ឡើង​ថា ការ​​បោះ​​ឆ្នោត​​​ព្រឹទ្ធសភា នៅ​​កម្ពុជា ចុង​សប្តាហ៍​​នេះ មិន​​អាច​​ចាត់​​ទុក​​​ជា​ការ​​ប្រកួត​​ប្រជែង តាម​​បែប​លទ្ធិ​ប្រជាធិបតេយ្យ​​ស្រប​​ច្បាប់​​នោះ​ទេ​ ដោយ​​សារ​​តែ​មាន​​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់ កាល​ពី​ឆ្នាំ​មុន។ យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​ ថា​រដ្ឋាភិបាល​មិន​ខ្វល់​ចំពោះ​សេចក្តី​ថ្លែងការណ៍​នេះ​ឡើយ និងថា​រដ្ឋាភិបាល​កម្ពុជា តែង​តែ​រក្សា​បាន​នូវ​បរិយាកាស ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា អាច​រៀប​ចំ​ការ​បោះ​ឆ្នោត​បានដោយ​ទៀង​ទាត់។ ​  
 


សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស (APHR) ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ចាកាតា ​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ វាយ​តម្លៃ​ថា ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២៥ ខែកុម្ភៈ ខាង​មុខនេះ​ គឺ​មិន​ដើរ​ទៅ​តាម​បរិបទ​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ។ លោក Charles Santiago ប្រធាន​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ លើក​ឡើង​ទៀត​ថា ការ​បោះឆ្នោត​នេះ​គឺ​ជា​ការ​ក្លែង​បន្លំ។ ជា​ការ​ក្លែង​បន្លំ ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន។

សេចក្តី​ថ្លែងការណ៍​ដដែល បន្ត​លើក​ឡើង​ថា ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចុង​សប្តាហ៍​នេះ​ទៀតសោត ក៏​មិន​ឆ្លុះ​បញ្ចាំង​ពី​តំណាង​ឆន្ទៈ​ពិត​របស់​ប្រជាជន​កម្ពុជា​នោះ​ដែរ​។ មិន​តំណាង​ឆន្ទៈ​ពិត​របស់​ប្រជាជនកម្ពុជា ​ព្រោះ​ថា អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ទទួល​បាន​សម្លេង​គាំទ្រ​ជិត ៤០% នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កម្ពុជា និង​មិន​អាច​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៤ នេះ​បាន​ឡើយ។ សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស អះ​អាង​ថា ប្រាកដ​ណាស់ អាសនៈ​របស់​ព្រឹទ្ធសភា ស្ទើរ​តែ​ទាំង​អស់​នឹង​ធ្លាក់​ទៅ​លើ​កណ្តាប់​ដៃ​របស់​បក្ស​កាន់​អំណាច​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​ច្រាន​ចោល​នូវ​សេចក្តី​ថ្លែងការណ៍​នេះ និង​អះអាង​ថា កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ត្រឹម​ត្រូវ និង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ប្រកប​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាពិសេស គឺ​ការ​ធានា​បាន​នូវ​ការ​បោះ​ឆ្នោត ដោយ​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែង​ដោយ​គណបក្ស​ជា​ច្រើន និង​ការរៀប​ចំ​ការ​បោះ​ឆ្នោត ជា​ទៀង​ទាត់ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​ជូន​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​។

សូម​បញ្ជាក់​ថា សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ មាន​ចំនួន​៦២​រូប ដែល​សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប ត្រូវតែង​តាំង​ដោយ​ព្រះមហាក្សត្រ និង​២​រូប​ទៀត ត្រូវ​ជ្រើស​តាំង ដោយ​រដ្ឋសភា​។ ចំណែក​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៨​រូបទៀត​ នឹង​ត្រូវ​ជ្រើស​តាម​ការ​បោះ​ឆ្នោត​ជា​អសកល ដោយ​សមាសភាព​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់។ ព្រះមហាក្សត្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែង​តាំង​សមាជិក​ព្រឹទ្ធសភា​២​រូប​សម្រាប់​នីតិកាលទី​៤ គឺ សម្តេច​រាជ​បុត្រី​ព្រះ​អនុជ នរោត្តម អរណុរស្មី និង​លោក​ស្រី អ៊ុំ សូម៉ានីន ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ព្រឹទ្ធ​សភា ​៕