rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កាណូត៤គ្រឿងត្រៀមដឹកអ្នកដំណើរពីព្រែកព្នៅទៅតាខ្មៅមុនចូលឆ្នាំខ្មែរ

media
ចំណតសម្រាប់ដឹកអ្នកដំណើរពី ព្រែកព្នៅទៅតាខ្មៅ @Khmer Not

ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជួន ​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាណូត​ដឹក​អ្នក​ដំណើរ​នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរខាង​មុខនេះ ​ដែល​ជា​ផ្នែកមួយ​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។​ កាណូត​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវទឹកនេះ ​នឹងចេញ​ពីចំណុច កំពង់ផែ ស្ពាន​ព្រែកព្នៅ ​ទីក្រុងភ្នំពេញ​ ទៅ​កាន់ទីក្រុង​តាខ្មៅ​ ខេត្តកណ្តាល ​ដោយ​មាន​កំពង់​ផែ​ចំនួន​១៥​កន្លែង​។​


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួងសាធារណៈការ​ និង​ដឹក​ជញ្ជួន បានថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅពេល​ចុះត្រួតពិនិត្យការសាងសង់កំពង់ផែផ្លូវទឹក ព្រែកព្នៅ-តាខ្មៅ ដែលគ្រោងដាក់ឲ្យ​ដំណើរការមុនចូលឆ្នាំខ្មែរនេះថា ការ​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវទឹកនេះ គឺប្រើ​ប្រាស់​កាណូត​ចំនួន៤​គ្រឿង ដោយ​ក្នុង​មួយគ្រឿងៗ ​អាច​ផ្ទុក​មនុស្សបាន​ចន្លោះ​ពី​៤៨​ទៅ​៦០​នាក់។

រាល់កាណូតនីមួយៗត្រូវមាន​បំពាក់​អាវពោង​គ្រប់​គ្រាន់សម្រាប់​អ្នក​ដំណើរ​ ដើម្បី​ការពារ​សុវត្ថិភាព នៅពេល​ជួបគ្រោះអាសន្ន។ នេះជាអះអាងរបស់​លោក ស៊ុន ចាន់ថុល ឆ្លើយ​តប​នឹង​សំណួររបស់​អ្នកសារព័ត៌មាន។

បើតាមលោក​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាណូត​៤គ្រឿងនេះ គឺមាន២គ្រឿង​ជាកាណូត​ដែល​​មាន​ស្រាប់របស់​ក្រុម Royal ​ធ្លាប់​ដឹក​ភ្ញៀវ​ទេសចរណ៍ទៅលេងសៀមរាប តាមដង​ទន្លេសាប និង​២គ្រឿង​ទៀត ទើបតែ​ទិញថ្មីពីប្រទេស​វៀតណាម ដោយ​តម្លៃ​២០​ម៉ឺន​ដុល្លារ​ក្នុង​មួយគ្រឿង។

ការ​បើក​ឲ្យ​ធ្វើ​ចរាចរណ៍តាម​ផ្លូវទឹក​ជាលើក​ដំបូងនេះ គឺចាប់​ផ្តើម​នៅថ្ងៃទី៦​ខែមេសា​ខាង​មុខ ពោលគឺមុន​ពេលបុណ្យចូលឆ្នាំខ្មែរមកដល់ ដោយ​ប្រើ​រយៈពេល៤៥នាទី ពីព្រែកព្នៅ ទៅតាខ្មៅ ហើយនេះក៏ជាផ្នែកមួយ​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​​ចរា​ចរណ៍​នៅតាម​ផ្លូវគោក​នៃទី​ក្រុង​ភ្នំពេញ។ នេះជាបញ្ជាក់របស់លោក​រដ្ឋមន្រ្តីដដែល។

ទោះជាយ៉ាងណា លោក ស៊ុន ចាន់ថុល មិនបានបញ្ជាក់ថា តើ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​នេះ អ្នក​ដំណើរ​ត្រូវចំណាយ​ថ្លៃម្នាក់ៗប៉ុន្មានទេ ក្នុង​ពេល​ធ្វើ​ដំណើរពីព្រែក​ព្នៅ ទៅតាខ្មៅនោះ ដោយ​ថារង់ចាំការ​ពិភាក្សាគ្នាជាមួយមន្រ្តីជំនាញជាមុនសិន។

បើតាម​ក្រសួង​សាធារណៈការ គឺមាន១៥កំពង់ផែកាណូត​សម្រាប់ដឹកអ្នកដំណើរ​​ ពីព្រែកព្នៅ ទៅតាខ្មៅ។​

កំពង់ផែទី១ នៅគល់ស្ពានព្រែកព្នៅត្រើយខាងកើត ទី២ នៅចំណុចគីឡូម៉ែត្រលេខ៦ ទី៣​នៅខាងមុខឃ្លាំងសាំងឬស្សីកែវ ទី៤ នៅផែបណ្ដែតមុខផ្សាររាត្រី ទី៥ នៅកំពង់ចម្លង​កោះពេជ្រ-អារីយ៍ក្សត្រ ទី៦ នៅភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត ទី៧ នៅចំណតរថយន្តចាក់អង្រែក្រោម។ ក្រៅពីនោះក៏មានផងដែរកំពង់ផែទី៨ នៅបាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់ ទី៩ ទល់មុខផ្សារព្រែកលៀប ទី១០ នៅជាប់សណ្ឋាគារ​សុខា​ភ្នំពេញ ​ទី១១ នៅភូមិកោះនរា ទី១២ នៅកំពង់ចម្លងក្តីតាកុយ ទី១៣ នៅកំពង់ចម្លង​តាព្រហ្ម​មាត់ក្រសះ ខណៈនៅខេត្តកណ្តាល អ្នកដំណើរ​ត្រូវ​រង់ចាំនៅមុខវត្ត​ព្រែកសំរោង​ក្រុងតាខ្មៅ និងកំពង់ចម្លងរោងចក្រក្តារបន្ទះផ្លូវត្រី៕