អានតួអត្ថបទ
អង់គ្លេស

អង់គ្លេស​ បង្ហាញផែន​ការ​​កម្រាស​ជិត​១០០ទំព័រ ស្តីពី​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​

ពីរឆ្នាំក្រោយពី​ពលរដ្ឋ​អង់គ្លេស​បោះឆ្នោត​ប្រជាមតិ​ចាក​ចេញពី​សហភាព​អឺរ៉ុប, នៅ​ថ្ងៃ​​ទី​១២កក្កដានេះ​ រដ្ឋាភិបាល​អង់គ្លេស​ បាន​សម្រេច​ដាក់​បង្ហាញចេញ​​ផែន​ការ​លម្អិត​​ជា​លើក​ដំបូង​ ស្តីពី​ទំនាក់​ទំនង​អង់គ្លេស​និង​សហភាព​អឺរ៉ុប​។ ថ្នាក់​ដឹកនាំ​​រដ្ឋា​ភិបាល​អង់គ្លេស​ ​បាន​ឡើង​ការពារគម្រោង​ដែល​គេហៅថា សៀវភៅស​ ​នៅ​ក្នុង​សភា ហើយ​ការជជែក​ពិភាក្សា​​គ្នា គឺ​ធ្វើ​ឡើង​​យ៉ាង​តឹង​សរសៃក មុន​នឹង​សម្រេច​អនុវត្តនៅ​ទីបំផុត​។

លោកស្រីនាយករដ្ឋមន្ត្រី Theresa May បានអះអាងថា «គម្រោងសៀវភៅនេះ ពិតជាឆ្លើយតបទៅតាមប្រជាមតិរបស់ពលរដ្ឋអង់គ្លេស ដែលបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប»
លោកស្រីនាយករដ្ឋមន្ត្រី Theresa May បានអះអាងថា «គម្រោងសៀវភៅនេះ ពិតជាឆ្លើយតបទៅតាមប្រជាមតិរបស់ពលរដ្ឋអង់គ្លេស ដែលបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប» reuters
ផ្សាយពាណិជ្ជកម្ម

បរិយាកាស​មុន​នឹង​សម្រេច​អនុម័ត​គម្រោង​របស់​សៀវភៅស គឺ​ពោរពេញ​ដោយ​ភាព​អឺងកង។ មុន​នឹង​នាយករដ្ឋមន្ត្រី​ឡើង​និយាយ​បង្ហាញ​គម្រោងការ, អ្នក​តំណាង​រាស្ត្រអង់គ្លេស​​រអ៊ូ​ទ្រហឹង​ពេញ​សភា ដោយសារ​មិន​បាន​ទទួល​គម្រោងសេចក្តី​​ព្រាង​ជាមុន។ សមាជិក​សភា​​ខ្លះ បាន​សុំ​ពេល​សម្រាក​៥នាទី ដើម្បី​ពន្យារពេល និង​ឲ្យ​ក្រុម​ការងារ​ចែក​សំណៅ​ឯកសារ​ ឲ្យ​បាន​ដល់​គ្រប់​ដៃ​អ្នក​តំណាង​រាស្ត្រ។ ទីបំផុត​ទៅ គេបា​នចែក​ដល់ដៃសមាជិក​សភា ហើយ​អ្នក​មួយ​ចំនួន​ ក៏​បានទទួល​ដោយ​ការ​​បោះ​ពី​ចម្ងាយ​ខ្លះ​ផង។

គម្រោងការ​​នេះ គឺគេ​ប្រសិទ្ធនាមឲ្យ​ថា សៀវភៅស ដែល​មាន​កម្រាស​៩៨ទំព័រ ចែង​​លម្អិត​ពី​ទំនាក់ទំនង​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​​ ទៅ​ថ្ងៃ​ខាង​មុខ​។ បើ​គេ​ពិនិត្យ​ខ្លឹម​សារ​ត្រួសៗ គឺ​មានចែង​​ស្តីពីការ​ចរាចរណ៍​ទំនិញ ដែល​អង់គ្លេស​ចង់​បាន​ កិច្ច​ព្រមព្រៀង​ថ្មីមួយជាមួយ​សហភាព​អឺរ៉ុប​ ចំពោះ​​ការផ្តោះប្តូរ​ទំនិញដោយសេរី។​ ក៏​មាន​ចែង​ដែរ ពី​ការ​ធ្វើ​ដំណើរ​របស់ភ្ញៀវ​​ទេសចរ យុវជន​អឺរ៉ុប និង​អ្ន​ក​ជំនួញ​ ដោយ​មិន​ចាំបាច់​មា​ន​ទិដ្ឋាការ​ ទៅ​កាន់​អង់គ្លេស ដោយ​គ្រាន់តែ​មា​នការ​ត្រួត​ពិនិត្យ មិន​ធូរ​រលូង​ដូច​ពីមុន​។​ អ្នក​ធ្វើ​ការងារ​​ដែល​ជាប្រជាជន​សហភាព​អឺរ៉ុប នៅ​តែ​មាន​សិទ្ធិ​ចូលទៅ​ធ្វើ​ការ​នៅ​អង់គ្លេសដដែល​​។ ចំណែក​ឯ ចៅក្រម​អឺរ៉ុប​ នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​គណៈកម្មាធិការ​អង់គ្លេស​-សហ​ភាព​​អឺរ៉ុប ជា​ដើម។

គម្រោង​ផែ​នការ​នេះ​រង​ការ​ទិតៀន​ជា​ខ្លាំង។ អ្នក​តំណាង​រាស្ត្រ​មក​ពី​បក្ស​អភិរក្ស​និយម លោគ Jacob  Rees- Mogg ដែល​ចង់​ឃើញ​អង់គ្លេស​លះលែង​ដាច់​ស្រឡះ​តែម្តងពី​សហភាព​អឺរ៉ុប បាន​រះគន់​គម្រោងនេះ ថា​មានតែ​ឈ្មោះ​ប៉ុណ្ណោះ។ ហើយ​លោក​សង្កត់​ធ្ងន់ថា នេះ​គឺ​ពុំ​មែន​ជាអ្វី​ដែល​ពលរដ្ឋ​អង់គ្លេស​បោះឆ្នោត​ចង់​បាន​នោះទេ។

ចំណែក​​ប្រធានាធិបតី​អាមេរិកក៏​បា​នចោទ​សួរ​ខ្លួន​ឯង​ខ្លះ​ដែរ​ពី​គម្រោង​នេះ។​ ពី​ក្រុង​ព្រុច​សែល លោក​ដូណាល់​ ត្រាំ បាន​ថ្លែង​មុន​នឹង​ដាក់​ជើង​ជាន់​ដី​អង់គ្លេសថា​ «ខ្ញុំ​មិនដឹង​​ទេថា គម្រោង​នេះស្រប​ទៅតាម​អ្វី​ដែល​ពលរដ្ឋ​អង់គ្លេស​បោះឆ្នោះ​ចង់​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។ អង់គ្លេស​​បោះឆ្នោត​គឺ​ចង់​ផ្តាច់​ទំនាក់ទំនង​ពី​សហភាព​អឺរ៉ុប​។»​

ក៏ប៉ុន្តែ លោកស្រី​នាយករដ្ឋមន្ត្រី Theresa May បាន​អះអាង​ការពារថា «គម្រោង​នេះ ពិត​ជា​ឆ្លើយតប​ទៅ​តាម​ប្រជា​មតិ​របស់​ពលរដ្ឋ​អង់គ្លេស ដែល​បោះឆ្នោត​ចាកចេញពី​សហភាព​អឺរ៉ុប​ កាលពីខែ​​មិថុនា​២០១៦​។»

គួរ​ជម្រាបដែរថា ដោយសារតែ​គម្រោង​ដ៏​ស្មុគស្មាញ​និង​ដ៏​ចម្រូង​ចម្រាសនេះ រដ្ឋមន្ត្រី​ពីរ​រូប  បាន​លាលែង​ចេញពី​តំណែង​នាពេល​ថ្មីៗ​នេះ។ នោះគឺ​លោក David Davis រដ្ឋមន្ត្រី​ទទួល​បន្ទុក​ចរចា​រឿង​ Brexit នេះ ហើយ​ម្នាក់ទៀត គឺ​ប្រមុខ​ការទូត​ លោក Boris Johnson ដែល​លោក​ទាំង​ពីរ​នេះ មាន​និន្នាការ​​ចង់ឲ្យ​​អង់គ្លេស​លះលែង​ដាច់​ស្រឡះ​តែម្តងពី​សហភាព​អឺរ៉ុប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ