អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និបាត​​ពិភពលោក៖ ប្រព័ន្ធជីវចម្រុះ​កំពុង​រង​ក្តី​អន្តរាយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសចំនួន ១៣២ ជួបប្រជុំគ្នានៅស្រុក​បារាំង​ ដើម្បីជជែកគ្នារក​ដំណោះ​ស្រាយ​ការពារ​ជីវចម្រុះនៅ​ទូទាំងពិភពលោក ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ គ្រោះថ្នាក់​ដែល​បង្កឡើង​​ដោយ​សកម្មភាព​មនុស្ស និង​ដែល​ធ្វើ​ឲ្យ​បាត់បង់បរិស្ថាន​រុក្ខជាតិព្រៃឈើ​​រាប់​លាន​ហិតា ហើយ​សម្លាប់​​ជីវិត​សត្វ​រាប់​លាន​ប្រភេទ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សន៍​ចុង​ក្រោយនេះ​។ ដោយសារតែ​សកម្មភាព​សេដ្ឋកិច្ច ការ​បង្កបង្កើនផល និង​សកម្មភាព​បំផ្លាញ​ផ្សេងរបស់​មនុស្ស​ជាតិ គឺបង្កឲ្យ​ភព​ផែន​ដីយើង​​កាន់​តែ​ក្តៅឡើងៗ ហើយ​ខ្យល់ដក​ដង្ហើម​​ក៏​កាន់តែ​កខ្វក់​ខ្លាំងឡើងៗដែរ​។ ទាំងនេះ គឺជាអ្វី​ដែល​ប្រទេស​ទាំងអស់​លើពិភពលោក ត្រូវ​យក​ចិត្តទុកដាក់​ដោះស្រាយ​រួម​គ្នា។ ​អ្នក​ជំនាញ​ព្រមានថា បើ​ពុំ​រក​ដំណោះស្រាយ​ជា​បន្ទាន់​ទេ ជីវចម្រុះ ជីវិត​មនុស្ស​ជាតិ និង​សត្វ​ នឹង​ដើរទៅរក​ជ្រោះ​មរណ​កាន់តែ​ឆាប់​។

កិច្ចប្រជុំ​កំពុង​ធ្វើ​នៅ​បារាំងពីថ្ងៃទី​២៩មេសា ដល់​៤ឧសភា
កិច្ចប្រជុំ​កំពុង​ធ្វើ​នៅ​បារាំងពីថ្ងៃទី​២៩មេសា ដល់​៤ឧសភា @AFP
ផ្សាយពាណិជ្ជកម្ម

អ្នកជំនាញបរិស្ថាន អ្នកប្រាជ្ញវិទ្យាសាស្ត្រ និងអ្នកតំណាង១៣២ប្រទេស មកពីគ្រប់ជ្រុងជ្រោយនៃទ្វីបលោក ដើម្បីជួបជុំគ្នា ពេញមួយសប្តាហ៍នេះតែម្តង នៅទីស្នាក់ការរបស់​អង្គការ​យូណេស្កូ កណ្តាល​ទីក្រុងប៉ារីស។ ឯកសារ និងរបាយការណ៍​សិក្សា​រាប់​ពាន់​ទំព័រស្តីពីវិនាសកម្ម​ជីវះចម្រុះ​ នឹង​ត្រូវ​លើកយក​មក​បង្ហាញ។​ ជីវចម្រុះ​របស់​ភពផែនដី កំពុងតែ​រក​ការ​ប៉ះពាល់ដល់​កម្រិត​ប្រកាស​អាសន្នហើយ ?

សព្វថ្ងៃ ប្រព័ន្ធជីវចម្រុះនេះហាក់​បិទភ្នែក​ មិន​ខ្វល់​សោះ។​ម្នាក់​ៗ​កំពុងតែ​ឈរ​បើក​ភ្នែក​មើល​អ៊ីចឹង។ ជីវិត​សត្វ​លោក​ដាច់​ រងគ្រោះថ្នាក់​ធ្ងន់ ដល់​ចំណុច​ក្រហម គឺដល់​កម្រិត​ប្រកាស​អាសន្ន​តែម្តង​។ បរិស្ថានប្រព័ន្ធ​ធម្មជាតិជីវចម្រុះ គឺ​សំដៅ​ទៅលើ​ប្រព័ន្ធ​ជីវិត​សត្វ​និង​រុក្ខជាតិមាន​ជីវិត​រស់​លើផែន​ដី។ ​តាម​របាយការណ៍​សិក្សា​ចុង​ក្រោយ​របស់​អ្ន​កជំនាញ គឺ​ ប្រភេទ​សត្វ​ចំនួន​យ៉ាងតិច ៨ លាន​ប្រភេទ ត្រូវ​រងការ​គំរាមកំហែង ឬ​ជិត​ស្លាប់​ដាច់​ពូជ ដោយសារតែ​សកម្មភាព​មនុស្ស នៅក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម ដោយសារ​ការ​នេសាទ​និង​ប្រមាញ់​ហួស​ប្រមាណ និង​រងគ្រោះ​ដោយ​ការប្រែប្រួលអាកាសធាតុ។​

អ្នក​ជំនាញ​បាន​ប្រកាស​អាសន្ន​ពី​គ្រោះថ្នាក់ ដោយសារតែ​ឃើញ​ការ​បាត់បង់​ជីវចម្រុះ​ គឺវា​ចាប់​រហ័ស​ពេក​ គឺត្រូវ​តែ​ប្រមាណ​ ៣០-៤០ ឆ្នាំ​ចុង​ក្រោយ​នេះ​តែប៉ុណ្ណោះ ដែល​ពពួក​ថនិកសត្វ ល្មូន សត្វស្លាប និង​សត្វ​រស់​ក្នុងទឹកនិងលើគោកផង បាន​ធ្លាក់​ចុះ បាត់បង់​​អស់​ចំនួន​មួយ​ភាគ​បី។

នៅ​ចុង​ឆ្នាំ២០១៨ អង្គការ​ WWF បាន​បញ្ជាក់​ថា គិត​ត្រឹម​រយៈពេល​៥០ឆ្នាំចុងក្រោយ​នេះ ពពួក​សត្វ​ដែល​មាន​ឆ្នឹងខ្នង បាន​ថមថយ​ចំនួន​អស់​ជិត​៦០ភាគរយ។ ​ចំណែក​ផ្ទៃដី​ព្រៃឈើ​វិញ ក៏​ត្រូវ​កាប់​បំផ្លាញ់​រាប់​លាន​លានគីឡូម៉ែត្រ​ការ៉េ​​ដែរ​។

ជារួម បរិស្ថានធម្មជាតិជីវចម្រុះ រងគ្រោះថ្នាក់​ធ្ងន់ ដល់​ចំណុច​ក្រហម ហើយ​ហាក់​កំពុង​ដើរសំដៅ​ទៅ​រក​ជ្រោះ​មរណៈ​តែ​ម្តង។ នេះគឺជាការ​ប្រមាន​របស់​​​អ្នក​ជំនាញ។ សេចក្តីនេះ​ គឺ​វា​ប្រៀប​បាន​ហ្នឹងផែន​ដី​យើង​រាល់​ថ្ងៃ កំពុងតែ​ឆះ ហើយ​យើង​ម្នាក់​ៗ​កំពុងតែ​ឈរ​បើក​ភ្នែក​មើល​អ៊ីចឹង។ ជីវិត​សត្វ​លោក​ដាច់​ដោច​ផុតពូ​ជ​បន្តិចម្តងៗ ហើយ​មនុស្ស​ ហាក់​បិទភ្នែក​ មិន​ខ្វល់​សោះ។​  

 

តើ​ការ​ជួបជុំ​ជជែក​គ្នា​ ​មួយ​អាទិត្យ​ពេញនេះ ទំនង​ជា​អា​ច​ចេញ​ជា​ផ្លែផ្កា​យ៉ាងណា ​?​

ការ​ប្រជុំ​ខ្នាត​ពិភពលោក នៅទីក្រុង​ប៉ារីស​នេះ គឺជាការ​វាយ​តម្លៃ​ជាផ្លូវការ​លំដាប់​​ពិភពលោក ជាលើកទី១ ចំពោះ​ប្រពន្ធ​ជីចម្រុះនៃភព​ផែន​ដី​យើងទាំងមួល​ ដែល​នេះ​ជាការ​ផ្តួច​ផ្តើម​របស់​ក្រុមការងារអន្តររដ្ឋាភិបាល ដើម្បីប្រព័ន្ធជីវចម្រុះ (IPBES)។ អង្កការ​អន្តររដ្ឋាភិបា​លនេះ បង្កើត​ឡើង​នៅឆ្នាំ ២០១២។

ជា​ជំហាន​ដំបូងនៅពេល​នេះ​ អ្នក​ស្រាវជ្រាវ​វិទ្យាស្ត្រ​ ចំនួន​៥០០ មកពីគ្រប់​ទ្វីប​​ នឹង​លើកឡើង​បង្ហាញ ណែនាំ​ ពី​ការសិក្សារួម​របស់​ពួក​គេ​ ដែល​មាន​កម្រាស​ដល់ទៅ​ ជាង ​១ ៨០០ទំព័រ។ ក្រោយ​ពី​បង្ហាញ​របាយការណ៍​រួច​ហើយ អ្នកជំនាញ​និង​អ្នក​តំណាង​ប្រទេស​ទាំងជាង​១៣០​នោះ នឹង​ត្រូវ​សរសេរ​របាយការណ៍​សង្ខេប​មួយទៀត ប្រហែល​ជា​ត្រឹម​ ៣០ ទំព័រ ដើម្បី​ដាក់​ទៅមេ​ដឹកនាំ​ប្រទេស​ទាំងអស់​លើលោក ដើម្បី​ឲ្យ​ឃើញ​ភ្លឺ​ភ្នែកច្បាស់​ ពី​វិនាស​សកម្ម​នៃ​ជីវចម្រុះ​។

រួច​ហើយ​ ថ្នាក់​ដឹកនាំ​នយោបាយ​នៃប្រទេសទូទាំងពិភពលោក នឹង​ជួប​ជុំ​គ្នាធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ ក្នុងទម្រង់​ជាកិច្ចព្រមព្រៀង​ពិភពលោក​ស្តីពី​ប្រព័ន្ធជីវចម្រុះ​ ដែល​នឹង​ត្រូវ​រៀបចំ ​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០២០ខាងមុខ នៅក្នុង​ប្រទេស​ចិន​។

អ្នក​ពាក្យ​របស់​អង្គការការពារបរិស្ថាន​​ WWF ប្រចាំ​នៅ​ក្រុង​ប៉ារីស សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​ល្បីខ្ទរខ្ទារ ដោយត្រូវ​ប្រមុខ​រដ្ឋ​និងថ្នាក់​ដឹកនាំនយោបាយលើលោក យកចិត្តទុកដាក់​ គឺ​ដូច​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ដែរ។ ក៏ប៉ុន្តែ​ កិច្ចព្រម​ព្រៀង​ថ្មីនេះ គឺ​គួរតែ​ខុសពី​កិច្ចព្រមព្រៀងមុន នៅត្រង់ថា​​ការអនុវត្ត​ គឺជា​កាតព្វកិច្ច និងមា​នលក្ខខណ្ឌ​ដែល​ត្រូវ​បង្ខំឲ្យ​អនុវត្ត​ផង។ បើ​ប្រទេស​ណា​មិន​អនុវត្តតាម​ គឺអាច​ត្រូវ​ផាកពិន័យ​ផ្សេងៗ ជាដើម។

កិច្ចព្រមព្រៀង​ពិភពលោក​ស្តីពី​ប្រព័ន្ធជីវចម្រុះ​នេះ​ នឹងប្រឈម​រឿង​លុយ ដូច​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ ដែរ

រឿង​លុយ​ជា​រឿង​សំខាន់។ នៅក្នុង​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ក្រុងប៉ារីស​ អាមេរិក​ដែល​មាន​លុយ​ច្រើន តែ​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ ប្រកាស​ដកខ្លួន​ចេញ។ ចំណែក​រដ្ឋា​ភិបាល​សមាជិក​ផ្សេងទៀត នៃកិច្ចព្រមព្រៀង​នេះ ក៏​ប្រទេស​ខ្លះ​ហ្នឹង គឺ​អ៊ឺអឺ​តែមាត់ទេ​ ដល់​ពេល​អនុវត្ត​មែនទែន គឺ​មិន​សូវ​បាន​សាច់​ការ​សោះ។​ ឆន្ទៈ​នយោបាយ​ជារឿង​មួយ តែ​វិបត្តិ​ដែល​ត្រូវដោះស្រាយ​នៅក្នុង​ប្រទេស​របស់​គេ​នីមួយៗ​ហ្នឹង ក៏​ជា​រឿង​សំខាន់​ផស់​គេ​មួយ​ដែរ។ ដូច្នេះ គេ​មិនទាន់​សង្ឃឹម​ថា ទៅ​ជា​យ៉ាងណា​នោះទេ ចំពោះ​កិច្ច​ព្រមព្រៀង​ពិភពលោកស្តីពីប្រព័ន្ធជីវចម្រុះនេះ។

ក៏ប៉ុន្តែ បើ​ប្រទេស​មួយ​នីមួយៗ ប្រកាន់​គំនិត​អាត្មានិយម គិតតែប្រយោជន៍​ប្រទេស​ខ្លួន​ ហើយ​ប្រឹង​រក​មា​នបាន​ខាង​សេដ្ឋកិច្ច​ខ្លាំងពេក ភ្លេចគិតគូរ​​ពី​ភព​ផែន​ដី រហូត​ដល់​ស្ទើរតែ​ធ្វើ​ឲ្យ​ផែន​ដី​ត្រូវ​ឆេះ​ខ្លោច! តើនៅទីបំផុត ​គេ​យក​លុយ​នោះ ទៅចាយ​នៅទីណា? តើ​ប្រឹង​រក​លុយ​នោះ​មកធ្វើ​អ្វី បើ​ដឹង​ថា អនាគត​ទៅ គេ​នឹង​​គ្មាន​ជីវិត​សម្រាប់​ចាយ? ហើយប្រឹង​រក​ចំណូល​សេដ្ឋកិច្ច​ខ្លាំង​ពេក​ធ្វើ​អ្វី បើ​​អនាគត​​ ក៏​នឹងគ្មាន​បរិស្ថាន​ល្អ និង​ផែន​ដី​មាន​ផាសុកភាព​សម្រាប់​រស់​​ផង​នោះ​?​ នេះ​ជា​ស្នូរជួង​មួយ​​ ដែល​គេ​ត្រូវតែ​ពិចារណា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ