អានតួអត្ថបទ
បង់ក្លាដែស

​បង់ក្លាដែស ថា ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា សុខចិត្ត​យល់​ព្រម​ទៅរស់​នៅ​លើ​កោះ

«ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា ​រាប់ពាន់​នាក់​ សុខចិត្ត​យល់​ព្រម​ទៅតាំងទីលំនៅថ្មី រស់​នៅ​លើ​កោះ»។ នេះបើតាម​ការ​បញ្ជាក់​របស់អាជ្ញាធរ​បង់ក្លាដែស ដែល​​ប្រាប់​អ្ន​កសារព័ត៌មាន ​កាលពីថ្ងៃអាទិត្យ ទី​២០តុលា។ សូម​ជ្រាបថា កោះ​ដែល​គ្រោង​នឹង​រៀបចំ​តាំងទីលំនៅសម្រាប់​ជនភៀខ្លួន​រ៉ូហ៊ីងយ៉ាង​នោះ គឺ​ស្ថិត​នៅក្នុង​​ឈូង​​បង់ហ្គាល ដែល​គេសង្ស័យថា អាច​នឹង​មាន​ខ្យល់ព្យុះ និងទឹកជំនន់​លិច​ផង។ 

ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ Cox’s Bazar ព្រំដែនបង់ក្លាដែស
ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ Cox’s Bazar ព្រំដែនបង់ក្លាដែស REUTERS/Rafiqur Rahman
ផ្សាយពាណិជ្ជកម្ម

ការ​ប្រញាប់​ប្រញាលជ្រើស​រើស​តាំងទី​លំនៅ​ថ្មី​ សម្រាប់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ានេះ គឺ​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​​កង្វះ​អនាម័យ មនុស្ស​ផ្តុំក្បាលគ្នា​ច្រើន​ជ្រុល​ និង​លក្ខខណ្ឌ​ស្នាក់​នៅ​មិន​សម​រម្យ​ នៅក្នុង​ជំរំ​ជន​ភៀស​ខ្លួន ក្នុងទឹកដីព្រំប្រទល់​ដែន​បង់ក្លាដែស។ បង់ក្លាដែស ត្រូវ​ទទួលបន្ទុក​យ៉ាង​ធ្ងន់ ពីការហូរ​ចូល​នៃ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ កាន់​សាសនាអ៊ីស្លាម ដែល​ត្រូវ​បណ្តេញ​ចេញ​ដោយបង្ខំ ពី​សំណាក់​​របបសឹក​ភូមា។ ពេល​នេះ មាន​ជនជាតិ​​រ៉ូហ៊ីងយ៉ាង ជាង​១លាន​នាក់ ដែល​កំពុង​ជ្រកខ្លួន​​ស្នាក់​នៅទីនោះ។

អាជ្ញាធរ​បង់ក្លាដែស​មើលខុសត្រូវ​កិច្ចការ​​ជន​ភៀសខ្លួន លោក ម៉ាសប៉ុប អាឡាំ (Mahbub Alam) ឱ្យ​ដឹង​ថា មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​ខាង​រក​ទីតាំង​ស្នាក់នៅថ្មី អាច​នឹង​ជ្រើសរើស​យក​កោះ បាសាន ឆារ (Bhashan Char) ស្ថិត​នៅ​ក្នុង​ឈូង​សមុទ្រ​បង់ហ្គាល។ កោះ​នេះ ធ្លាប់​លេច​ឮមក​ថា ធ្លាប់​មាន​​ទឹក​ជំនន់ និង​ខ្យល់ព្យុះសម្លាប់​មនុស្ស​ផង​ពីមុន​មក ក៏​ប៉ុន្តែ​ដើម្បី​បញ្ជៀស​ហានិភ័យ រដ្ឋ​អំណាច​បង់ក្លាដែស​នឹង​សាង​សង​ទំនប់​​ កម្ពស់​៣ម៉ែត្រ​ នៅ​តាម​មាត់ច្រាំង ព័ទ្ធ​ជុំវិញ​កោះ ដើម្បីជួយ​ការពារ​។

បើ​តាម​អាជ្ញាធរ​បង់ក្លាដែសដដែល​,​​ ប្រសិន​បើ​អ្វីៗ​ដំណើរ​ការ​ទៅ​បាន​ល្អ ទំនង​ជាអាច​មាន​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ាង ចន្លោះពី​៦ពាន់ ទៅ​៧ពាន់​នាក់ នឹង​ព្រម​ចាកចេញ​ទៅរស់​នៅ​លើកោះនោះ។ ហើយប្រសិន​បើ​អ្វីៗដំណើរទៅ​រលួន​ពិតមែន, អាជ្ញាធរ​​នឹងបញ្ចូន​ពួក​គេ​ទាំងនោះ ក្នុង​ចំនួន​ ៥០០នាក់​ម្តង ជារៀងរាល់ថ្ងៃ ចាប់ផ្តើម​ពី​ខែ​ធ្នូ​២០១៩​ខាងមុខ​នេះតទៅ តែម្តង​។

អង្គការ​សហប្រជាជាតិ​ដែលទទួល​បន្ទុក​ជន​ភៀសខ្លួន​នៅ​បង់ក្លាដែស នៅ​មិនទាន់​មាន​យោបល់​ប្រតិកម្ម​អ្វីនៅឡើយទេ ចំពោះ​វិធាន​ខាងលើ​នេះ ក៏ប៉ុន្តែ ​មន្ត្រី​បង់ក្លាដែស ឱ្យដឹងថា ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ នឹង​ចុះទៅ​ពិនិត្យ​កោះ​នោះ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ