rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាស៊ីអាគ្នេយ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

របាយការណ៍​​សិក្សា ៖ កំណើន​ម៉ាស៊ីន​ស្វ័យប្រវត្តិបង្កើត​ឲ្យ​មាន​ទាសភាព​នៅ​អាស៊ី​អាគ្នេយ៍​

media
រូប​តំណាង៖ កម្មការិនី កំពុង​ធ្វើការ​នៅ​រោង​ចក្រ​កាត់​ដេរ​ ក្នុង​ក្រុង​បាងកក។ reuters

ការ​​សិក្សា​ថ្មី​មួយ​ បង្ហាញថា  កំណើន​នៃ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅ​តាម​រោងចក្រ អាច​នឹង​ធ្វើ​ទាសកម្ម​កើនឡើង​នៅ​អាស៊ីអាគ្នេយ៍។  មាន​ប្រទេស​៥ដែល​អាច​នឹង​រង​ផល​ប៉ះពាល់ខ្លាំង​​ ក្នុង​នោះ ក៏​មាន​កម្ពុជា​ផង​ដែរ។ 


​វឌ្ឍនភាព​យ៉ាងច្រើន​សម្បើម​នៃ​ម៉ាស៊ីន​​ស្វ័យប្រវត្តិនៅ​ក្នុង​ផ្នែក​ផលិត​កម្ម ដែល​អាច​ជំនួស​កម្លាំង​មនុស្ស គឺ​បាន​ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​ការងារ​។ ​ដើម្បី​បាន​ការងារ​​ចិញ្ចឹម​ជីវិត មនុស្ស​ត្រូវ​ស្វែងរក​​កិច្ច​ការ បើ​ទោះបី​ជា​ការងារ​នោះ គ្មាន​លក្ខខណ្ឌការងារ​​ល្អ ឬ​ការងារ​លំបាក​ដូច​ជា​ទាសករ​ក៏ដោយ ក៏​មនុស្ស​សុខ​ចិត្ត​ព្រ​មទទួល​យក​ធ្វើ​ដែរ។ នេះ​បើតាម​ការ​សន្និដ្ឋាន​របស់​អ្នក​ជំនាញ​មកពីវិទ្យាស្ថាន​ Verisk Maplecroft ដែល​មាន​ឯកទេសខាង​​សិក្សា​ហានិភ័យ និង​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​។​

តាម​ប្រភព​ដដែល ការងារ​ដែល​រង​ប៉ះពាល់​មុន​ដំបូង​គេ គឺក្នុង​វិស័យកាត់​ដេរ​សម្លៀក​បំពាក់​​វាយនភណ្ឌនិង​ស្បែក​ជើង​។​ រយៈ​​​ពេល​២០ឆ្នាំខាង​មុខ​ ក្នុង​ចំណោម​កម្មកររោង​ចក្រ​កាត់​​ដេរ​ ១៣៥លាន​នាក់​ មាន​កម្មករ​ ​ប្រមាណ​ជា​ជិត​៧០​លាន​នាក់​ អាច​នឹង​ត្រូវ​បាត់​បង់​ការងារធ្វើ ដោយសារតែ​ផ្នែក​ផ្សេង​ៗ​​នៃ​ដំណើរ​ការ​ផលិត​កម្ម ត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន​គ្រឿង​ចក្រស្វ័យប្រវត្តិ។ ការ​បាត់​បង់​ការងារ​ក្នុង​រោង​ចក្រ​នេះ គឺ​ប្រឈម​មុខ​​នឹង​កើត​មាន​នៅប្រទេស​៥ ក្នុង​តំបន់​អាស៊ី​​អាគ្នេយ៍។ នោះ​គឺ​កម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​​។

ការ​សិក្សា​បាន​សង្កត់​ធ្ងន់ថា កម្មករ​នៅ​កម្ពុជានិង​វៀតណាម​ អាច​នឹង​រងគ្រោះ​ខ្លាំង ដោយសារ​ប្រទេស​ទាំងពីរ​នេះ ពឹង​ផ្នែកច្រើន​​ទៅលើ​វិស័យ​កាត់​ដេរ។ ពីព្រោះថា ការ​ងារ​​​រោង​ចក្រ​នេះ អាច​ពី​​​៧០ទៅ​៨០ភាគរយ អាច​នឹង​ត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ។ នៅពេលនោះ កម្មកររោង​ចក្រ​​ភាគ​ច្រើន​ដែល​ជា​ស្ត្រី​អាច​នឹង​បាត់​បង់​ការងារ។ នៅ​វៀតណាម​ អាច​នឹងមាន​ស្ត្រី​ជាង​២លាន​៦សែន​នាក់ ត្រូវ​ឈប់​ពីការងារ​រោងចក្រ​ ហើយ​នៅ​កម្ពុជា ស្រី​ខ្មែរ ៦០ម៉ឺន​នាក់ ប្រឈមមុខ​នឹងការបាត់​បង់​ការងារកាត់​ដេរ​។ ហើយ​ពួក​គេ​ទាំង​នោះ​ អាច​នឹង​ធ្លាក់​នៅក្នុង​ស្ថានភាព​លំបាក​រក​ការងារ​ធ្វើ ឬ​អាច​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការទម្រង់​ដូច​ទាសភាព​។ ទាំង​នេះ គឺក្តី​បារម្ភ​របស់​អ្នក​សរសេរ​របាយការណ៍។​

គួរ​បញ្ជាក់​ដែរថា ក្រៅ​ពី​វិស័យ​កាត់​ដេរ វិស័យ​ផ្សេង​ៗ គឺ​មាន​ផ្នែក​កសិកម្ម នេសាទ អាជីវកម្ម​ព្រៃឈើ ផ្នែក​សិប្បកម្ម សំណង់ ផ្នែក​ចែកចាយ​សេវាកម្ម និង​សេវា​បដិសណ្ឋារៈកិច្ច​ជា​ដើម ​អាច​នឹង​រង​ផល​ប៉ះពាល់​បាត់​បង់​ការងារ ជា​បន្តបន្ទាប់ ដោយសារ​​កំណើន​ម៉ាស៊ីន​ស្វ័យប្រវត្តិ៕​