អានតួអត្ថបទ

អាមេរិក​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​និង​ល្បាត​ដែនសមុទ្រ​ទៅ​សិង្ហបុរី

កាល​ពីថ្ងៃ​ចន្ទ សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​យន្តហោះ​ស៊ើបការណ៍​និង​ល្បាត​ដែន​សមុទ្រ​មួយគ្រឿង ឲ្យ​ទៅ​នៅ​ប្រចាំការ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារជាតិ​អាមេរិក និង​សិង្ហបុរី។ ការ​ដាក់​ពង្រាយ​យន្តហោះ​ជំនាញ​ខាង​ដែន​សមុទ្រ​នេះ គឺ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​អាមេរិក​កំពុង​ប្រឈមមុខ​ជាមួយ​នឹង​ចិន នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

យន្តហោះ​អាមេរិក ធុន​ P-8 Poseidon ដែល​ជំនាញ​ខាង​​ស៊ើបការណ៍​និង​ល្បាត​ដែន​សមុទ្រ
យន្តហោះ​អាមេរិក ធុន​ P-8 Poseidon ដែល​ជំនាញ​ខាង​​ស៊ើបការណ៍​និង​ល្បាត​ដែន​សមុទ្រ U.S. Navy
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ដែល​សហរដ្ឋ​អាមេរិក​បញ្ជូន​ឲ្យ​ទៅ​ឈរជើង​ប្រចាំការ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ពេលនេះ គឺ​ជា​យន្តហោះ​ធុន P-8 Poseidon ដែល​ជា​ប្រភេទ​យន្តហោះ​ប៊ូអ៊ីង ៧៣៧ កែច្នៃ​ជា​យន្តហោះ​ជំនាញ​ខាង​ស៊ើបការណ៍​សម្ងាត់ និង​ខាង​ល្បាត​ដែន​សមុទ្រ ហើយ​វា​គឺ​ជា​លើកដំបូងបង្អស់ ដែល​អាមេរិក​ដាក់​ពង្រាយ​យន្តហោះ​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក និង​សមភាគី​សិង្ហបុរី​បាន​លើកឡើង​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ ចេញផ្សាយ​ក្រោយ​ពី​ជំនួប​នៅ​រដ្ឋធានីវ៉ាស៊ីងតោន កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ការដាក់ពង្រាយ​យន្តហោះ P-8 Poseidon នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រឹត​បន្តឹត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​អាមេរិក-សិង្ហបុរី ហើយ​ធ្វើឡើង​ក្នុងគោលដៅ​ពង្រឹង​ប្រតិបត្តិការ​យោធា​រួមគ្នា​ ទាំង​ប្រតិបត្តិការ​យោធា​ទ្វេភាគី និង​ពហុភាគី​​នៅ​ក្នុង​តំបន់។

ក៏ប៉ុន្តែ មន្រ្តីការទូត​មួយចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​​ ដែល​មិន​បញ្ចេញឈ្មោះ​ បាន​​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការណ៍​ដែល​អាមេរិក​ដាក់​ពង្រាយ​យន្តហោះ​ស៊ើបការណ៍​និង​ល្បាត​ដែន​សមុទ្រ​ធុន​ទំនើប​ទៅ​ក្នុង​តំបន់​ក្បែរ​សមុទ្រ​ចិន​ខាង​ត្បូង​បែបនេះ គឺ​ទំនង​ជា​ក្នុងគោលដៅ​បញ្ជាក់​ប្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ពី​ជំហរ​រឹងមាំ​របស់​អាមេរិក ក្នុងការ​ប្រឈមមុខ​ជាមួយ​ចិន នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

គួរបញ្ជាក់ឡើងវិញ​ថា ប្រទេស​ដែល​ជាប់ជម្លោះ​ជាមួយចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។ សិង្ហបុរី​មិនមាន​ជាប់ជម្លោះ​នេះ​ទេ ក៏ប៉ុន្តែ កូនប្រទេស​តូចមួយនេះ គឺ​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​ជា​ប្រទេស​ដែល​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ពី​ស្ថិរភាព​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដោយសារ​តែ​តំបន់​នេះ​គឺ​ជា​ច្រក​នាវាចរណ៍​យ៉ាងសំខាន់​បំផុត សម្រាប់​ការ​ដឹកជញ្ជូន និង​ពាណិជ្ជកម្ម​អន្តរជាតិ ហើយកំពង់ផែ​សិង្ហបុរី​ជាប់ចំណាត់ថ្នាក់​ជា​កំពង់ផែ ដែល​មាន​នាវាពាណិជ្ជកម្ម​ចេញចូល​ច្រើន​ជាងគេ​លំដាប់ទី២ នៅលើ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ