អានតួអត្ថបទ
ទិវា​ទឹក​ពិភពលោក

អសប​អំពាវនាវ​ឲ្យ​ចេះ​ប្រើ សន្សំសំចៃ​ទឹក បើ​​មិន​ចង់​ខ្វះ ពីពេលនេះ ដល់​ឆ្នាំ ២០៣០

តម្រូវការ​ទឹក​ក្នុង​ពិភពលោក​បាន​កើនឡើង ជារៀងរាល់​ថ្ងៃ។ ២០ភាគរយ​នៃទឹក​ក្រោមដី​ត្រូវ​បាន​គេ​ប្រើ​ហួស​កំណត់។ ពីរ​ថ្ងៃ​មុន​ទិវា​ទឹក ពិភពលោក អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ នៅក្នុង​របាយការណ៍​របស់​ខ្លួន ចេញផ្សាយ កាលពីថ្ងៃ​សុក្រ ទី ២០ មីនាសុំ​ឲ្យ​គេ​កែប្រែ​របៀប​ប្រើប្រាស់​ទឹក​ដ៏​ខ្ជះខ្ជាយ សព្វថ្ងៃ ដើម្បី ជៀសវាង ការខ្វះ​ទឹក​ប្រើប្រាស់ នៅ​ឆ្នាំ ២០៣០។ 

នៅពីរ​ថ្ងៃ​មុន​ទិវា​ទឹក​ពិភពលោក អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​ចេះ​គ្រប់គ្រង និង​ប្រើប្រាស់ទឹក
នៅពីរ​ថ្ងៃ​មុន​ទិវា​ទឹក​ពិភពលោក អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​ចេះ​គ្រប់គ្រង និង​ប្រើប្រាស់ទឹក DR
ផ្សាយពាណិជ្ជកម្ម

ផែនដី​មាន​ទឹកគ្រប់គ្រាន់​សម្រាប់​តម្រូវការ​របស់មនុស្ស។ ប៉ុន្តែ បើមនុស្ស​នៅ​តែ​បន្ត​ប្រើប្រាស់​ទឹក​ដោយ ខ្ជះខ្ជាយ មិន​ចេះគ្រប់គ្រង​ទេនោះ មនុស្ស​នឹង​ប្រឈម​នឹង​ការខ្វះទឹក​ប្រើប្រាស់​ប្រមាណ ៤០​ភាគរយ ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ នេះ​ជា​ការក្រើន​រំលឹក​របស់​អ្នកសរសេរ​របាយការណ៍​ឲ្យ​អង្គការ​សហប្រជាជាតិ។

 
នៅក្នុង​របាយការណ៍ អ្នកនិពន្ធ​បាន​លើកឡើង ពី​ផលប៉ះពាល់​ជា​អវិជ្ជមាន នៃ​របៀប​ប្រើប្រាស់ និង​គ្រប់គ្រង​ប្រភព​ធនធាន​ទឹក ក្នុង​ពិភពលោក​សព្វថ្ងៃ។ សម្រាប់​អ្នកនិពន្ធ ទឹក​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ក៏ពិតមែន ហើយ ប៉ុន្តែ ទឹក​ក៏​ត្រូវ​បាន​គេ​ប្រើ​ហួស​កំណត់ដែរ។ អ្នកសរសេរ​របាយការណ៍​បានលើក​ឡើង​ករណី​របស់​ប្រទេស​ឥណ្ឌា ដែល​ចំនួន​ម៉ាស៊ីន​បូមទឹក​អណ្តូង​បាន​កើនឡើង ពី ១លាន ទៅ ១៩​លាន នៅក្នុង​រយៈពេល ៤០​ឆ្នាំ​ចុងក្រោយនេះ។ នៅ​ប្រទេស​ចិន បណ្តាញ​ធារាសាស្រ្ត​ដែល​គេ​បង្កើត​ឡើង​យ៉ាង​គំហុក​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទឹក​ក្រោមដី ធ្លាក់​ថយចុះ អស់ ៤០​ម៉ែត្រ។

ក្រៅពី​កសិកម្ម ទឹក​ក៏​កំពុង​ត្រូវ​គេ​បូម​ប្រើ​ច្រើន​សម្រាប់​វិស័យ​ឧស្សាហកម្ម។ គេ​ប៉ាន់​ប្រមាណ​ថា តម្រូវការ​សម្រាប់​វិស័យ​នេះ នឹង​កើនឡើង ៤០០ភាគរយ រហូត​ដល់​ឆ្នាំ ២០៥០។ ជារួម តម្រូវការ​ទឹកប្រើប្រាស់​កើនឡើង​ច្រើន នៅ​កន្លែង​ដែល​កម្រិត​ជីវភាព​ប្រជាជន​មាន​កម្រិត​ខ្ពស់។ នេះ​គេ​នៅ​មិនទាន់​និយាយ​ពី​ការបាត់បង់​ធនធាន​ទឹក​ក្រោមដី ដែល​បណ្តាល​មក​ពី​អាកាសធាតុ​រាំងស្ងួត និង​ការឡើង​កំពស់​​ទឹកសមុទ្រ ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ។ ដោយមិន​ចាំបាច់​រង់ចាំ​ដល់​ពេលអនាគត តាមអ្នកនិពន្ធ ប្រព័ន្ធ​ទឹកក្រោមដី​នៅតាម​ឆ្នេរ​សមុទ្រ ដូចជា​នៅ​ទីក្រុង​កាល់កុលតា របស់​ឥណ្ឌា និង​ទីក្រុង​សៀងហៃ​របស់​ចិន ត្រូវ​រងគ្រោះ​រួចទៅហើយ ដោយសារ​ការឡើង​កំពស់​ទឹកសមុទ្រ។

មនុស្សលោក​នឹង​ជួប​ផលវិបាក ខ្វះទឹក​ប្រើប្រាស់ ​បើសិន​គេ​មិន​ចេះ​គ្រប់គ្រង និង​ប្រើ​ដោយ​សន្សំសំចៃ។ ដើម្បី ជៀសវាង គ្រោះគ្មាន​ទឹកប្រើប្រាស់ អ្នកសរសេរ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​យោបល់​ឲ្យ​គេ​បិទ​រោងចក្រ​ផលិត​អគ្គិសនី ដែល​ត្រូវការប្រើ​​ទឹក​យ៉ាងសម្បើម។ មួយវិញ​ទៀត ការចេះ​គ្រប់គ្រង​ល្អ និង​នយោបាយ​កែច្នៃ​យក​ទឹក​ប្រើប្រាស់​រួចហើយ ទៅ​កែច្នៃ ធ្វើជា​ទឹកស្អាត​ឡើងវិញ ក៏​ជា​មធ្យោបាយ​រួមចំណែក​មួយ​សម្រាប់​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​ក្រោមដី​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ