តើសិង្ហបុរីអាចដកខ្លួនរួចពីការដឹកនាំ ដោយបក្សតែមួយ ដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣៤
ប្រធានាធិបតីសិង្ហបុរី បានប្រកាសរំលាយរដ្ឋសភា កាលពីថ្ងៃអង្គារ ទៅតាមការស្នើសុំរបស់នាយករដ្ឋមន្រ្តី បច្ចុប្បន្ន លោកលី សៀនឡុង ជាកូនប្រុសច្បងរបស់ស្ថាបនិក សិង្ហបុរី លោកលី ក្វាន់យូ ដែលទើបចែកឋាន ទៅ កាលពីខែមីនាកន្លងទៅ។ ការបោះឆ្នោតមុនកំណត់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១១ខែ កញ្ញា ខាងមុខ។ ចាប់តាំងពីឆ្នាំ ១៩៥៩មក គណបក្សសកម្មភាពប្រជាជន របស់លោកនាយករដ្ឋមន្រ្តី លី សៀនឡុង ឈ្នះឆ្នោតរហូត និងក្តោបក្តាប់ អំណាច តែម្នាក់ឯង នៅសិង្ហបុរី។ គេរំពឹងថា គណបក្សកាន់អំណាចនឹងឈ្នះឆ្នោត ជាថ្មី នាំមុខ គណបក្សប្រឆាំងតូចៗ។ បើសិន គណបក្សកាន់អំណាចនៅតែអាចឈ្នះឆ្នោត ដដែល ជាដដែល ហេតុអ្វីបានជាថ្នាក់ដឹកនាំរបស់បក្សនេះ ប្រកាសរៀបចំការបោះឆ្នោតមុន កាលកំណត់ធ្វើអ្វី?
លោកនាយករដ្ឋមន្រ្តី លី សៀនឡុង មានអាណត្តិដឹកនាំសិង្ហបុរី ដល់ឆ្នាំ ២០១៧។ ប៉ុន្តែ លោកបានទាមទារឲ្យមានការបោះឆ្នោតមុនកាលកំណត់។ លោកលី សៀនឡុង ដឹង ប្រាកដក្នុងចិត្តថា គណបក្សសកម្មភាពប្រជាជនរបស់ឪពុកលោក ដែលក្តោបក្តាប់អំណាច នៅសិង្ហបុរី ជាង ៥០ឆ្នាំមកហើយនោះ នឹងឈ្នះឆ្នោត ជាថ្មី ដោយគ្មានសង្ស័យ។ ឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី មិនមែនជារឿងលំបាក ដែលនាយករដ្ឋមន្រ្តីលី សៀនឡុង ធ្វើមិនបាននោះទេ។ ហើយដោយពិតទៅ នោះក៏មិនមែនជាទិសដៅ ដែលលោកចាក់ផ្តោត អារម្មណ៍នោះដែរ។
អ្វីដែលលោកកូនប្រុសរបស់ស្ថាបនិកសិង្ហបុរីផ្តោតចង់បាន គឺ ការកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន នៅពេលអស់ពីឪពុកទៅ។ ត្រូវដឹងថា លោកនាយករដ្ឋមន្រ្តីលី សៀនឡុង ទទួលប្រជាប្រិយភាព ក៏ដោយសារឪពុក។ រហូតមក ទោះជាក្លាយខ្លួន ជានាយករដ្ឋមន្រ្តី ដឹកនាំសិង្ហបុរី ប៉ុន្តែ លោកលី សៀនឡុង ស្ថិតនៅក្រោមម្លប់ឥទ្ធិពល ប្រជាប្រិយរបស់ឪពុក គឺលោកលី ក្វាន់យូ ដែលប្រជាជនសិង្ហបុរី ចាត់ទុកជាវីរបុរស និងបិតា ដឹកនាំសិង្ហបុរី ឲ្យស្គាល់ភាពរុងរឿង រហូតក្លាយជាខ្លាអាស៊ី នាពេលបច្ចុប្បន្ន។ នៅមុនទទួលមរណភាព កាលពីខែ មីនា លោកលី ក្វាន់យូ បើទោះបីជាចូលនិវត្តន៍ ប៉ុន្តែ នៅតែមានឥទ្ធិពល ទៅលើអ្នកដឹកនាំនយោបាយនៅសិង្ហបុរី ដែលមានផងដែរ នាយករដ្ឋមន្រ្តី លី សៀនឡុង ដែលជាកូនប្រុស។
លី ក្វាន់យូ នៅតែជាវីរបុរសរបស់សិង្ហបុរី។ ប្រជាជនសិង្ហបុរី វ័យចំណាស់ដែលធ្លាប់រស់នៅក្រោមការដឹកនាំរបស់លោកលី ក្វាន់យូ នឹងបន្តជួយគាំទ្រ គណបក្សសកម្មភាពប្រជាជនរបស់លោក រហូតទៅ។ ប៉ុន្តែ អ្វីដែលគណបក្សកាន់អំណាចព្រួយបារម្ភ នោះគឺយុវជនសិង្ហបុរី ដែលកើតក្រោយសម័យសិង្ហបុរីបានទទួលឯករាជ្យពីសហព័ន្ធម៉ាឡេស៊ី នាឆ្នាំ ១៩៦៥។ យុវជនទាំងនោះស្រេកឃ្លាន សេរីភាព និងលែងចង់ឲ្យមានគណបក្សតែមួយ កាន់អំណាច ដឹកនាំសិង្ហបុរី។ គឺយុវជនសិង្ហបុរី ដែលនាយករដ្ឋមន្រ្តីលី សៀនឡុង សំឡឹង ចង់អូសទាញមកគាំទ្រខ្លួន។ នៅក្នុងខួប៥០ឆ្នាំនៃឯករាជ្យសិង្ហបុរី លោកលី សៀនឡុង បានអំពាវនាវទៅកាន់មហាជនថា៖ “ប្រសិនបើអ្នកមានមោទនភាពនឹងអ្វីដែលយើងបានសម្រេចរួមគ្នា ក្នុង៥០ឆ្នាំកន្លងមក ហើយនិងគាំទ្រ អ្វីដែលយើងចង់ធ្វើ បន្ត ទៅ៥០ឆ្នាំខាងមុខ ដូច្នេះ សូមគាំទ្រខ្ញុំ គាំទ្រក្រុមរបស់ខ្ញុំ”។
ក្រៅតែពីចង់អូសទាញសំឡេងគាំទ្រ សម្រាប់ខ្លួនផ្ទាល់ កូនប្រុសរបស់វីរបុរសសិង្ហបុរីចង់ផងដែរ ប្រើ ការបោះឆ្នោតមុនកាលកំណត់ ដើម្បី ធ្វើជាតេស្ត វាស់ស្ទង់ សំឡេងគាំទ្ររបស់គណបក្សប្រឆាំង ដែលធ្លាប់បានសំឡេងគាំទ្រច្រើន នៅកាលបោះឆ្នោត ឆ្នាំ ២០១១។ កាលណោះ គណបក្សសកម្មភាពប្រជាជន ទទួលបានសំឡេងឆ្នោត គាំទ្រ ត្រឹម ៦០ភាគរយ ជាចំនួនដែលទាបបំផុត ក្នុងប្រវត្តិរបស់ខ្លួន។ ទោះជាសំឡេងឆ្នោតគាំទ្រធ្លាក់ចុះ ប៉ុន្តែ ប្រព័ន្ធឆ្នោត ដែលតាក់តែងឡើងដោយគណបក្សកាន់អំណាច បានធ្វើឲ្យគណបក្សនេះ នៅតែគ្រប់គ្រងអាសនៈ ដល់ទៅ ៨០ ក្នុងចំណោមអាសនៈសរុប ចំនួន ៨៧ នៅសភា។
ការបោះឆ្នោតមុនកាលកំណត់លើកនេះ ធ្វើឡើងផងដែរ នៅចំពេលដែលប្រជាជនសិង្ហបុរី មិនសប្បាយចិត្ត ដោយសារទំនិញឡើងថ្លៃ និងលំហូរចូលនៃជនបរទេស ដែលធ្វើអន្តោប្រវេសន៍ មករស់នៅសិង្ហបុរី។ ប្រជាជនម្ចាស់ស្រុកបានចេញមុខ ប្រឆាំងជនអន្តោប្រវេសន៍ ដែលពួកគេចោទថា បានចូលមកដណ្តើមការងារ និងសេវាសង្គម សុខភាព ពួកប្រជាជនម្ចាស់ស្រុក។ ប៉ុន្តែ តាមអ្នកវិភាគខ្លះ គណបក្សប្រឆាំងដែលនៅតែបែកបាក់ មិនរួមគ្នាជាធ្លុងមួយ មិនទំនងនឹងទាញយកដែលកូដអប្រជាប្រិយភាពរបស់រដ្ឋាភិបាល មកធ្វើជាប្រយោជន៍របស់ខ្លួននោះទេ។ ចង់ ឬមិនចង់ គណបក្សសកម្មភាពប្រជាជនរបស់លោកលី សៀនឡុង កូនប្រុសរបស់លោកលី ក្វាន់យូ នឹងអាចបន្តគ្រប់គ្រងតែម្នាក់ឯង យូរអង្វែងតទៅទៀត នៅសិង្ហបុរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ