rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន សហរដ្ឋអាមេរិក G8

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជប៉ុន៖​កិច្ចប្រជុំ G៧​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា​បង្កប់​ដោយ​ទស្សនកិច្ច​និមិត្តរូបខ្ពស់​របស់​លោក​ចន ឃ៊ែរី

media
Reuters

កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​នៃ​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់​ថា G៧ បើក​ធ្វើ​រយៈពេល​២ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ ទី១០ មេសា​នេះ​នៅ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ប្រទេស​ជប៉ុន។ កិច្ចប្រជុំ​ថ្នាក់​ប្រមុខ​ការទូត G៧ គឺ​ជា​ការ​ត្រៀម​រៀបចំ​ជំនួបកំពូល G៧ ថ្នាក់​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​នៅ​ដំណាច់​ខែ​ឧសភា​ខាង​មុខ។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស G៧ ពេល​នេះ គឺ​ជម្រើស​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ដើម្បី​រៀបចំ​កិច្ចប្រជុំ និង​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​អ្នកទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ក្នុង​រដ្ឋបាល​អាមេរិកាំង​ម្នាក់​លោក​ចន ឃ៊ែរី​នៅ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។


គេ​ចាត់​ទុក​ទស្សនកិច្ច​របស់​លោក​ប្រមុខការទូត​អាមេរិក​ចន ឃ៊ែរី​នៅ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ជា​រឿង​ប្រវត្តិសាស្រ្ត​មិន​ធ្លាប់​មាន ព្រោះ​ជា​លើកទី១ តាំង​ពី​ក្រោយ​បញ្ចប់​សង្រ្គាម​លោកលើកទី២ ដែល​មាន​អ្នកដឹកនាំជាន់ខ្ពស់​ក្នុង​រដ្ឋបាល​អាមេរិកាំង​ម្នាក់​បាន​ដាក់​ជើង​ជាន់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។ ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ដែល​បាន​រងគ្រោះ​ដោយ​គ្រាប់បែក​បរមាណូ​អាមរិកាំង​ក្នុង​ថ្ងៃទី៦ សីហា ១៩៤៥​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៤ម៉ឺននាក់ របួស​ជា​ច្រើន​ម៉ឺននាក់ និង​ដែល​ចំហាយ​ធាតុវិទ្យុសកម្ម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ជប៉ុន​រស់​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​មក​ដល់​សព្វថ្ងៃ។ នេះ​ដោយ​មិន​រាប់​បញ្ចូល​ពី​ការ​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​ផ្លូវអារម្មណ៍​របស់​ប្រជាជន​ជប៉ុន​ផង។

ជាង ៧០ឆ្នាំ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមលោក​លោកទី២ អតីត​គូសត្រូវ​អាមេរិក និង​ជប៉ុន​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិន​លេច​មែន តែ​ស្នាម​របួស​ប្រវត្តិសាស្រ្ត​នៅ​បន្ត​មាន និង​ប្រហែល​ជា​គ្មាន​ថ្ងៃ​រលុប​បាត់​សូន​ឈឹង​ទេ។ ម្យ៉ាង​ទៀត ជាង ៧០ឆ្នាំ​ក្រោយ​មក ក៏​គេ​មិន​ដែល​ឃើញ​មាន​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ក្នុង​រដ្ឋបាល​អាមេរិកាំង​ណា​ម្នាក់ ទោះ​បី​ក្នុង​ជំនាន់​រូប​ប្រធានាធិបតី​ណា​ក៏​ដោយ បាន​ដាក់​ជើង​ជាន់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ដែរ។ ដូច្នេះ​វត្តមាន​របស់​លោក​ប្រមុខ​ការទូត​ចន ឃ៊ែរី​ថ្ងៃ​នេះ​ពិត​ជា​រឿង​ប្រវតិ្តសាស្រ្ត និង​បង្កប់​ដោយ​និមិត្តរូប​ខ្ពស់​ណាស់។ និមិត្តរូប​កាន់​តែ​ខ្ពស់​ថែម​ទៀត គឺ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ដែល​លោក​ចន ឃ៊ែរី​នឹង​ទៅ​ទស្សនា​សារៈមន្ទីរ​ដើម្បី​សន្តិភាព និង​ចូលរួម​គោរពវិញ្ញាណក្ខន្ទ​ចំពោះ​ជនរងគ្រោះ​ជប៉ុន​ដោយ​គ្រាប់បែក​បរិមាណូ​ទាំង ១៤ម៉ឺននាក់។

លោក​ចន ឃ៊ែរី​បាន​ទាមទារ​ឲ្យ​ពិភពលោក​គ្មាន​អាវុធនុយក្លេអ៊ែរ

ការ​ទម្លាក់​គ្រាប់បែក​បរិមាណូ​អាមេរិកាំង​លើ​ជប៉ុន​កាល​ពី​ជាង ៧០ឆ្នាំ​មុន​នៅ​បន្ត​ជា​សំណុំរឿង​រសើប​ខ្លាំង​ណាស់​រវាង​ទីក្រុង​វ៉ាស៊ីតោន និង​តូក្យូ។ នៅ​ក្នុង​ន័យ​នេះ លោក​ប្រមុខ​ការទូត​ចន ឃ៊ែរី​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​នៅ​ក្នុង​ពាក្យសម្តី​របស់​លោក។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ​កាសែត​ក្នុង​ស្រុក​មួយ លោក​ឃ៊ែរី​មិន​បាន​និយាយ​អ្វី​ទាក់ទង​នឹង​រឿង​ហ៊ីរ៉ូស្ហ៊ីម៉ា​ទេ តែ​បាន​ទាមទារ​ឲ្យ​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ លោក​ឃ៊ែរី​បាន​សង្កត់​ធ្ងន់ៗ​ថា អាមេរិក​បាន​សន្យា​ក្នុង​ការ​បំបាត់​នុយក្លេអ៊ែរ​ឲ្យ​អស់​ពី​ភពផែនដី និង​បាន​រម្លឹក​ជា​ថ្មី​ពី​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ក្នុង​ផ្លូវ​នេះ​នៅ​ក្នុង​សុន្ទរកថា​ថ្លៃង​កាល​ពី​ខែ​មេសា ឆ្នាំ ២០០៩ ក្នុង​ទីក្រុង​ប្រាក។

សារ​ស្រដៀង​គ្នា​របស់​លោក​ចន ឃ៊ែរី​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​សមភាគី​ជប៉ុន​លោក​គីស្ហ៊ីដា​ដែរ។ ថ្លែង​នា​ឱកាស​បើក​កិច្ចប្រជុំ G៧ លោក​គីស្ហ៊ីដា​បាន​បញ្ជូន​សារ​ដើម្បី​សន្តិភាព និង​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ ចំណែក​ចៅក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​បាន​សម្តែង​ក្តី​សង្ឃឹម​ថា ទស្សនកិច្ច​របស់​លោក​ឃ៊ែរី​នឹង​អនុញ្ញាត​ឲ្យ​អាមេរិក​យល់​កាន់​តែ​ច្បាស់​ពី​ការ​ពិត​នៃ​គ្រាប់បែក​បរិមាណូ។ ពិត​ណាស់​ថា អ្វី​ដែល​ប្រជាជន​ជប៉ុន ពិសេស​អ្នក​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ចង់​បាន​ចម្លើយ​ពី​បបូរ​មាត់​ថ្នាក់ដឹក​នាំ​កំពូល​អាមេរិកាំង គឺ​ការ​សុំទោស​ជា​ផ្លូវការ ឬ​យ៉ាង​ហោច​ណាស់ ក៏​សម្តែង​ការ​សោកស្តាយ​ដែរ។

តែ​ជាង ៧០ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​សោកសៅ​ជា​ប្រវត្តិសាស្រ្ត​នោះ​មក អាមេរិក​មិន​ដែល​និយាយ​ពាក្យ « សុំទោស » ឬ​ក៏ « សោកស្តាយ » ទេ។ ប្រជាជន​ជប៉ុន​ទូទៅ មាន​អ្នក​ខ្លះ​យល់​ថា រឿង​អាមេរិក​សុំទោស ឬ​មិន​សុំទោស​វា​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​នោះ គឺ​សុំ​កុំ​ឲ្យ​ព្រឹត្តិការណ៍​មួយ​នេះ​កើត​មាន​ជា​ថ្មី​ម្តង​ទៀត។ សម្រាប់​អ្នក​ខ្លះ​ទៀត​យល់​ថា វា​សំខាន់​ណាស់​ដែល​គេ​ត្រូវ​ដឹង​ពី​រឿង​អតីតកាល​ដើម្បី​ចៀសវាង​កុំ​ឲ្យ​រឿង​ច្រំដែល​មួយ​នេះ​កើត​ឡើង​វិញ។

ប្រធានបទ​អាទិភាព​របស់ Gគឺ​កម្ទេច​អង្គការ​រដ្ឋអ៊ីស្លាម

កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​នៃ​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ G៧ ដែល​រៀបចំ​រយៈ ២ថ្ងៃ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ប្រទេស​ជប៉ុន​ពេល​នេះ គឺ​ជា​ការ​ត្រៀម​រៀបចំ​ជំនួបកំពូល G៧ ថ្នាក់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៅ​ដំណាច់​ខែ​ឧសភា​ខាង​មុខ។ ជំនួបកំពូល​ដែល​គេ​សង្ឃឹម​មាន​វត្តមាន​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។ សំណុំរឿង​សម្រាប់​កិច្ចប្រជុំ​ក្រុម G៧ ឆ្នាំ ២០១៦ នេះ​មាន​ច្រើន ពិសេស​សំណុំរឿង​អន្តរជាតិ​ដែល​កំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក។

សំណុំរឿង​អន្តរជាតិ​ក្តៅ​គគុក​ទាំង​នោះ​រួមមាន យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយមអន្តរជាតិ ពិសេស​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​បន្ត​វាតទី​នៅ​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ វិបត្តិ​ផ្ទៃក្នុង​នៅ​ស៊ីរី នៅ​យេម៉ែន នៅ​លីប៊ី និង​ការ​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​របស់​កូរ៉េខាងជើង តាម​រយៈ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​ការ​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប​ជា​បន្តបន្ទាប់​ក្នុង​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ។ ទាំង​នេះ​មិន​ភ្លេច​និយាយ​ទេ ពី​យុទ្ធនាការ​ប្រឆំាង​នឹង​ភាពក្រីក្រ ភាព​អត់ឃ្លាន និង​កង្វះអាហារជាដើម។

បច្ចុប្បន្ន​នេះ​នៅ​ទូទំាង​ពិភពលោក មាន​អ្នកអត់ឃ្លាន ឬ​គ្មាន​ខ្វះអាហារ​ទទួល​ទាន​ប្រមាណ​ជា ២ ០០០លាននាក់ ហើយ G៧ ធ្លាប់​បាន​ប្តេជ្ញាចិត្ត​ក្នុង​ឆ្នាំ ២០១៥ ពី​ការ​កាត់​បន្ថយ​ភាព​អត់ឃ្លាន​ឲ្យ​បាន ៥០០លាននាក់​ពី​ពេល​នេះ​ដល់​ឆ្នំា ២០៣០៕