អានតួអត្ថបទ
នេប៉ាល់-រញ្ជួយដី

៥ថ្ងៃ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​ នេប៉ាល់ ​ស្ថិត​ក្នុង​ភាព​សោក​សង្រេង

ប្រទេស​នេប៉ាល់ ​ដែល​បាន​ជួប​គ្រោះ​រញ្ជួយដី​យ៉ាង​ធ្ងន់ធ្ងរ​ កាល​ពី​ថ្ងៃ​ទី ​២៥​មេសា​ កន្លង​ទៅ ​ពេល​នេះ​កំពុង​តែ ​ត្រូវការ​ជំនួយ​បន្ទាន់ ​ដើម្បី​រុករក​អ្នក​បាត់ខ្លួន​​ ដែល​ជាប់​ក្នុង​គំនរ​បាក់បែក ​និង​សង្រ្គោះ​អ្នក​របួស​ជា​ច្រើន​ពាន់​នាក់។ ចំនួន​មនុស្ស​ស្លាប់ ​បាន​កើនឡើង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជំនួយ​អន្តរជាតិ​បាន​បន្ត ​បញ្ជូន​ទៅ​ដល់​ជា​បន្ត​បន្ទាប់ ​ប៉ុន្តែ​ឧបសគ្គ​នៃ​ការ​ដឹក​ជញ្ជូន ​កំពុង​តែ​ធ្វើឲ្យ​ជំនួយ​ទាំង​នោះ ​មាន​ការ​យឺតយ៉ាវ ​មុន​ទៅ​​ដល់​ដៃ ​ប្រជាជន​រងគ្រោះ​ ដែល​កំពុងតែ​ត្រូវ​ការ​ជំនួយ​បន្ទាន់ ​ទាំង​នោះ​ ជា​ចាំ​បាច់។

គំនរបាក់បែក ផ្ទះប្រជាជន​នេប៉ាល់ បង្ហាញ​ពីទុក្ខវេទនា​ របស់​ប្រជាជន ដែលគ្មាន​ទីជម្រក នឹងភាព​អាសន្ន​ក្នុង​ការជួយសង្រ្គោះ​មនុស្ស​ដែលកំពុង​ជាប់គាំង​ក្នុង​គំនរ​ទាំង​នោះ
គំនរបាក់បែក ផ្ទះប្រជាជន​នេប៉ាល់ បង្ហាញ​ពីទុក្ខវេទនា​ របស់​ប្រជាជន ដែលគ្មាន​ទីជម្រក នឹងភាព​អាសន្ន​ក្នុង​ការជួយសង្រ្គោះ​មនុស្ស​ដែលកំពុង​ជាប់គាំង​ក្នុង​គំនរ​ទាំង​នោះ REUTERS
ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នក​ស្លាប់​កើន​ដល់​៥៤៨៩​នាក់ ​ផ្ទះ​រលំ​ទាំងស្រុង​ ៥ម៉ឺន​ខ្នង៖

យោង​តាម​តួលេខ​ផ្លូវការ ​ដែល​ផ្តល់​ឲ្យ​ដោយ ​មជ្ឈមណ្ឌល​ជាតិ​ប្រតិបត្តិការ​បន្ទាន់ ​របស់​នេប៉ាល់ ​បាន​បង្ហាញ​ថា ​ចំនួន​អ្នក​ស្លាប់ ​ដោយ​គិត​មក​ត្រឹម ​ថ្ងៃ​ព្រហស្បតិ៍​ទី ​៣០​ មេសា ​នេះ ​មាន​ចំនួន​ ៥៤៨៩​នាក់។ សូម​បញ្ជាក់​ម្តងទៀត ​ថា​នេះ​គឺ​ជា​ចំនួន​បណ្តោះ​អាសន្ន ​ដែល​គេ​បាន​ស្រង់​ស្ថិតិ ​ចាប់​ពី​ថ្ងៃ​កើត​ហេតុ​មក។ ដូច្នេះ ​ចំនួន​នេះ ​អាច​កើន​ឡើង​បន្ថែម​ទៀត ​ទៅ​ថ្ងៃ​ខាង​មុខ។ លោក Sushil Koirala នាយក​រដ្ឋមន្រ្តី នេប៉ាល់ ​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា ​លោក​បារម្ភ​ណាស់ ​ថា​ចំនួន​អ្នក​ស្លាប់​ ​អាច​នឹង​ឡើង ​ទៅ​ដល់​១ម៉ឺន​នាក់​ឯណោះ។ នៅ​មាន​ភូមិ​ស្រុក​ច្រើន​កន្លែង​ណាស់ ​ដែល​គេ​មិន​ទាន់​ទៅ​ដល់ ​ហើយ​ដែល​ចំនួន​អ្នក​ស្លាប់ ​និង​របួស​អាច​មាន​ច្រើន ​នៅ​តាម​តំបន់​ទាំង​នោះ។ ចំណែក​ចំនួន​អ្នក​របួស​វិញ ​មាន​ចំនួន​ ប្រមាណ​ជា ៨ពាន់​នាក់ ​ទាំង​ស្រាល​ទាំង​ធ្ងន់ ​ដែល​កំពុងតែ​ត្រូវ​ការ​ការ​ព្យាបាល។

ទាក់ទិន​នឹង​តួលេខ​នៃ​ការ​ខូចខាត​វិញ ​តាម​តួលេខ​បណ្តោះ​អាសន្ន​ដដែល ​គឺ​មាន​ផ្ទះ​ប្រមាណ​ជា ​៧ម៉ឺន​ខ្នង ​ដែល​ត្រូវ​បាន​បាក់​រលំ​ទាំង​ស្រុង ​ហើយ​ប្រមាណ​ជា ៥៣​ម៉ឺន​ខ្នង​ទៀត ​បាន​រង​ការ​ខូចខាត។ នេប៉ាល់ ​ដែល​មាន​ប្រជាជន ​២៨លាន​នាក់ ​ក្នុង​ចំណោម​នេះ ​មាន​ប្រជាជន​ប្រហែល​ជា ​៨លាន​នាក់ ​ដែល​បាន​រង​គ្រោះ​ដោយ​ផ្ទាល់ ​ពី​ការ​រញ្ជួយ​ដី​ ដ៏​កាច​សាហាវ​នេះ។ ក្នុង​ចំណោម​ស្រុក​ទាំង ​៧៥ ​នៅ​នេប៉ាល់ ​មាន​ស្រុក ​ប្រមាណ​ជា ​៣៩ ​ដែល​បាន​រង​ការ​ខូច​ខាត ​ដោយ​ការ​រញ្ជួយ​ដី។

ជា​ការ​ពិត​ណាស់ ​គ្មាន​នរណា ​អត់​មិន​អាណិត​ប្រជាជន​ណេប៉ាល់​ ដែល​រងគ្រោះ​ដោយសា​រគ្រោះ​រញ្ជួយដី​នេះ​បាន​ទេ។ ប្រទេស​ធំៗ​ជា​ច្រើន ​ដូច​ជា​សហរដ្ឋ​អាមេរិក ​បាន​សន្យា​ជួយ ១០លាន​ដុល្លារ  ​ជប៉ុន​ផ្តល់ ​៨លាន​ដុល្លារ  អូស្រ្តាលី​ផ្តល់ ៤លាន ​៧សែន​ដុល្លារ ​និង​ន័រវែស​សន្យា​ផ្តល់​ឲ្យ​​ដល់​ទៅ​ជិត​ ១៧លាន​ដុល្លារ​ ឯណោះ។ ចំណែក​ស្ថាប័ន​របស់​អង្គការ​សហ​ប្រជាជាតិ​វិញ ​មូលនិធិ​អន្តរាគមន៍​បន្ទាន់​ បាន​ផ្តល់​ចំនួន ​១៥លាន​ដុល្លារ ​ហើយ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ បាន​សន្យា​ផ្គត់ផ្គង់​ស្បៀង​អាហារ​ ជា​ច្រើន​ពាន់​តោន ​សម្រាប់​ ប្រជាជន។

ក្រៅ​ពី​ជំនួយ​ហិរញ្ញវត្ថុ​ទាំង​នេះ ​នៅ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន ​ដូច​ជា​កាកបាទ​ក្រហម ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ​ដែល​ធ្វើ​ប្រតិបត្តិការ​សង្រ្គោះ​អ្នក​របួស។ ប្រទេស​បារាំង ​បាន​បញ្ជូន ​យន្តហោះ​ពីរ​គ្រឿង​​ហើយ​ទៅ​ដល់​ប្រទេស​នេប៉ាល ​ដែល​ជើង​ទីមួយ ​មាន​ដឹក​ក្រុម​សង្រ្គោះ​ចំនួន ​៥៥​នាក់ ​និង​សម្ភារៈ​បរិក្ខា​ពេទ្យ​ប្រមាណ​ជា ​២៥​តោន   ​ហើយ​ជើង​ទីពីរ​ដែល​ទើប​ទៅ​ដល់​នេប៉ាល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​៣០​មេសា ​គឺ​មាន​ដឹក​សម្ភារៈ​សង្រ្គោះ​ចំនួន​២០​តោន ​និង​ក្រុម​អ្នក​ជំនាញ​សង្រ្គោះ​បន្ទាន់ ​ចំនួន​ជាង​១០០​នាក់។ គូរ​បញ្ជាក់​ផង​ដែរ​ថា ​មាន​ប្រជាជន​បារាំង​ច្រើនណាស់​ ដែល​ជាប់​នៅ​នេប៉ាល់។ តាម​តួលេខ​ មាន​ ចំនួន​ ២២០៩​នាក់ ​ដែល​នៅ​រស់​មាន​ជីវិត​នៅ​នេប៉ាល់ ​ហើយ​២៨០​នាក់​ទៀត ​បាត់​ខ្លួន​ មិន​ទាន់​រក​ឃើញ​ទេ។ យន្តហោះ​ដឹក​ជំនួយ​បារាំង​ ទើបតែ​បាន​ត្រឡប់​មក​វិញ ​ដោយ​មាន​ដឹក ​ប្រជាជន​បារាំង ​ចំនួន​ ២០៦​នាក់ ​មក​ដល់​ស្រុក​វិញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០​មេសា នេះ​ឯង។

កត្តា​ភូមិសាស្រ្ត ​​ធ្វើឲ្យ​ការ​ដឹក​ជញ្ជូន​ជំនួយ​មាន​ការ​យឺតយ៉ាវ៖
បើ​និយាយ​ជា​រួម​ទៅ​   ​ជំនួយ​មាន​ច្រើន​សម្រាប់​នេប៉ាល់ ​ដែល​ក្រីក្រ ​ខ្វះមុខ​ខ្វះ​ក្រោយ ​គ្មាន​លទ្ធភាព​ប្រឈមមុខ​​តែ​ម្នាក់​ឯង។ ប៉ុន្តែ ​បញ្ហា​មាន​ពីរ​ធំៗ ​ដែល​ធ្វើ​មាន​ការ​លំបាក ​ក្នុង​ការ​បែកចែក​ជំនួយ​ទាំង​នេះ ​ក៏​ដូច​ជា​ចាត់ចែង​ការងារ​របស់​ក្រុម​សង្រ្គោះ។

ទី​មួយ​គឺ ​ដោយសារ​តែ​កត្តា​ភូមិសាស្ត្រ​តែ​ម្តង។ នេប៉ាល់ ​ជា​ប្រទេស​ស្ថិត​នៅ​លើ​ជួរភ្នំ​ហិមាល័យ ​ដែល​មាន​ភ្នំ​អេវើរ៉េស ​ជា​ភ្នំ​ខ្ពស់​ជាង​គេ​លើ​លោក​យើង​នេះ។ ស្ថានភាព​ដី ​ដែល​មាន​ភ្នំ​ខ្ពស់ៗ​   ​និង​កន្លែង​ខ្លះ​មាន​ទឹកកក​ទៀត​ផង ​បាន​បង្ក​ជា​ឧបសគ្គ​​ក្នុងការ​ធ្វើ​ដំណើរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​គ្រោះ​រញ្ជួយ​ដី ​បាន​បំផ្លាញ ​បណ្តាញ ​ផ្លូវ​ថ្នល់ ​នឹង​បណ្តាញ​​ទូរគមនាគមន៍ ​ដែល​ធ្វើឲ្យ​កាន់​តែ​លំបាក​មួយ​កម្រិត​ទៀត។ អ្នក​រាយការណ៍​របស់ ​អង្គការ​សហ​ប្រជាជាតិ​ម្នាក់ ​បាន​បញ្ជាក់​ប្រាប់​ថា ​មាន​ភូមិ​មួយ​ចំនួន​ នៅ​ដាច់​ស្រយ៉ាល ​ត្រូវ​ដើរ​ទៅ ​៥ថ្ងៃ​បាន​ទៅ​ដល់។ ដូច្នេះ​ ក្រុម​ការងារ​សង្រ្គោះ ​មាន​ការ​លំបាក​ណាស់ ​ដើម្បី​ដឹក​ជំនួយ​ស្បៀង​អាហារ​ និង​ថ្នាំ​សង្កូវ​ ទៅ​ជួយ​ប្រជាជន​ទាំង​នោះ។

អាជ្ញាធរ​នេប៉ាល់ ​អសមត្ថភាព ធ្វើ​ការ​យឺតយ៉ាវ ចាត់ចែង​កិច្ចការ​អាសន្ន​គ្មាន​ប្រសិទ្ធិ​ភាព៖
បញ្ហា​ទីពីរ ​គឺ​មក​ពី​អាជ្ញាធរ​នេប៉ាល់​តែ​ម្តង ​ដែល​គ្មាន​លទ្ធភាព ​និង​សមត្ថភាព​គ្រប់គ្រាន់ ​ដើម្បី​ឆ្លើយ​តប ​ទៅ​នឹង​ការ​គ្រប់គ្រង ​ចាត់ចែង ​តម្រូវការ​បន្ទាន់​ទាំង​អស់​នេះ។ ​យើង​ពិបាក​បន្ទោស​ដែរ​ ព្រោះ​ម្នាក់ៗ​ធ្វើ​ទៅ​តាម​អ្វី ​ដែល​គ្នា​អាច​ធ្វើ​ទៅ​បាន។ អាជ្ញាធរ​នេប៉ាល់ ​គ្នា​គ្មាន​ការ​គ្រប់គ្រង ​និង​ចាត់ចែង ​ឲ្យ​បាន​ត្រឹមត្រូវ ​ដូច​ប្រទេស​ជឿនលឿន​ផ្សេង​ទៀត​ទេ ​ដូច្នេះ​ហើយ​បាន​ជា ​ប្រឈមមុខ​ជាមួយ ​គ្រោះ​អាសន្ន​ដ៏​ធំ​បែប​នេះ ​ម្នាក់ៗ​ស្លន់ស្លោ ​មិន​ដឹង​ត្រូវ​ធ្វើអ្វី​មុន​ទេ។ បញ្ហា​នេះ ​ហើយ​ដែល​ធ្វើឲ្យ​ការ​ដឹក​ជញ្ជូន ​និង​​ចាត់ចែង​ ជំនួយ​សង្រ្គោះ​ មាន​ការ​យឺតយ៉ាវ រឺក៏​មិន​មាន​ប្រសិទ្ធិភាព​ ទៅ​តាម​អ្វី​ដែល​ចង់​បាន។

ជាក់​ស្តែង ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ​មាន​កើត​ចលាចល​នៅ​ក្រុង ​កាតម៉ាន់ឌូ​តែម្តង។ ប្រជាជន ​បាន​នាំ​គ្នា ​ខឹង​សម្បារ​ ​នឹង​អាជ្ញាធរ​ដោយសារ​តែ​ទ្រាំ​លែង​បាន ​នឹង​ភាព​យឺតយ៉ាវ​ ក្នុង​ការ​បំពេញ​ការងារ។ អាជ្ញាធរ​បាន​សន្យា​ថា យក​រថយន្ត​ធំ​ៗ​មក​ដឹក​ប្រជាជន​ណា​ ដែល​ចង់​ចេញ ​ពី​តំបន់​កាតម៉ាន់ឌូ។ មាន​ប្រជាជន​ច្រើន​ណាស់ ​ដែល​មក​ឈរ​ចាំ​ឡាន​មួយ​ថ្ងៃ​វ៉ាល់​ល្ងាច ​ប៉ុន្តែ​គ្មាន​ឡាន​មក​ដឹក​សោះ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា ​កើត​ចេញ​ជា​ការ​ប្រទូស្តរាយ​គ្នា។ នេះ​គ្រាន់​ជា​ឧទ្ទាហរណ៍​មួយ ​ដែល​អាច​បញ្ជាក់ ​បាន​ពី​ភាព​យឺតយ៉ាវ ​ក្នុង​ការ​បំពេញ​ការងារ​ របស់​អាជ្ញាធរ​ជាតិ​នេប៉ាល់។

ដោយសារ​តែ​មិន​មាន​លទ្ធភាព​ចាត់ចែង ​ឲ្យ​បាន​ត្រឹមត្រូវ​នេះ​ហើយ ​ទើប​នៅ​ថ្ងៃ​នេះ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​នេប៉ាល់ ​បាន​ប្រកាស​ថា​ផ្អាក​ឈប់​ទទួល​ជំនួយ​សិន ​ជំនួយ​ដែល​បាន​ដឹក​មក​ដល់​នេប៉ាល់​នា​ពេល​នេះ ​គ្រប់គ្រាន់​ល្មម​ហើយ។ តាម​ពិត​ ​ជំនួយ​ជា​ស្បៀង​ ក៏​ដូច​ជា​ក្រុម​សង្រ្គោះ​ មាន​ច្រើន​ក្រុម​ពេក ​ដែល​ធ្វើ​ឲ្យ​នេប៉ាល់​ល្វីង​មុខ ​ចាត់ចែង​មិន​ទាន់។ ហើយ​មួយ​ទៀត ​ព្រលាន​យន្តហោះ​ក្រុង​កាតម៉ាន់ឌូ ​ដែល​មាន​ទំហំ​តូច​ស្រាប់​ទៅ​ហើយ ​ត្រូវ​ខូច​ខាត​មួយ​ផ្នែក​​ទៀត​នោះ ​កំពុង​ជួប​បញ្ហា​កក​ស្ទះ ​មិន​អាច​អនុញ្ញត​ឲ្យ​យន្តហោះ​ដឹក​ស្បៀង ​ចុះចត​រហ័ស​នោះ​ទេ។ ទាំង​នេះ ​ទៀមទារ​ឲ្យ​មាន​ការ​ធ្វើការ​ទំនាក់​ទំនង​គ្នា ​ឲ្យ​បាន​ម៉ត់ចត់ ​ចៀសវាង​ យន្តហោះ​​មក​ដល់​ហើយ​ រក​កន្លែង​ចត​មិន​បាន។

យុវជន​អាយុ១៥ឆ្នាំ​ ជាប់​ក្នុង​គំនរ​៥ថ្ងៃ​ តែ​នៅរស់​មាន​ជីវិត​៖
ការងារ​បន្ទាន់​នា​ពេល​នេះ គឺ​ធ្វើ​យ៉ាង​ណា ​ស្រង់​ស្ថិតិ​អ្នក​បាត់​ខ្លួន​ និង​ស្វែងរក​អ្នក​រងគ្រោះ​ដែល​កំពុង​តែ​ជាប់​គាំង​ ក្នុង​គំនរ​បាក់បែក ​ឲ្យ​ទាន់​ពេល​វេលា។ មាន​តំណឹង​ល្អ ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០មេសា ​គឺ​ក្រុម​សង្រ្គោះ ​បាន​ទាញ​យក​យុវជន​ម្នាក់​អាយុ​១៥​ឆ្នាំ ​ចេញ​ពី​គំនរ​ថ្ម ​ហើយ​យុវជន​នេះ ​នៅ​មាន​ជីវិត​នៅ​ឡើយ ​៥ថ្ងៃ​ក្រោយ​ថ្ងៃ​រញ្ជួយដី។ នេះ​ជា​តំណឹង​ល្អ​មួយ ​ដែល​ផ្តល់​កម្លាំង​ចិត្ត​ ដល់​ក្រុម​សង្រ្គោះ ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​អ្នក​បាត់ខ្លួន។ អ្នក​ជំនាញ​ម្នាក់​ បាន​បញ្ជាក់​ថា ​តាម​ធម្មតា ​អ្នក​រងគ្រោះ​អាច​នៅ​រស់​បាន​ពី​ ៧ ​ទៅ ​៩ថ្ងៃ។ ដូច្នេះ​បើ ការងារ​នេះ ​ធ្វើ​ទាន់​ពេល​វេលា​ គេ​អាច​មាន​សង្ឃឹម​​ជួយ​ជីវិត​មនុស្ស​បាន​ច្រើន​ទៀត។

ជម្រក​បណ្តោះ​អាសន្ន​ ទឹក​ស្អាត ​បង្គន់​អណាម័យ និងជួសជុល​​បណ្តាញ​​គមនាគមន៍​  ជាបន្ទាន់៖
ការងារ​បន្ទាន់​ចាំបាច់​មួយ​ទៀត​នោះ ​គឺ​ការ​ផ្តល់​ជា​ជំរក​បណ្តោះ​អាសន្ន​ ដល់​អ្នក​ដែល​បាត់បង់​ផ្ទះ​សម្បែង ​ព្រោះ​ថា ខែ​នេះ ​នៅ​នេប៉ាល់ ​មាន​ភ្លៀង​ច្រើន​ណាស់ ​ហើយ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ទៀត​ផង។ អង្គការ​សហ​ប្រជាជាតិ បាន​ប្រកាស​ថា​នឹង ​ផ្តល់​ជា​ដំបូល​តង់​ដល់​ប្រជាជន​ប្រមាណ​ជា​ ៥សែន​គ្រួសារ។ ក្រៅ​ពី​ជម្រក​បណ្តោះ​អាសន្ន ​ប្រជាជន​ដែល​រស់​នៅ​រប៉ាត់​រប៉ាយ​តាម​ទីវាល ​កំពុង​ត្រូវការ​ជា​ចាំបាច់​ នូវ​ទឹក​ស្អាត ​និង​ស្បៀង​អាហារ។ បញ្ហា​មួយទៀត ​ដែល​ត្រូវតែ​ប្រយ័ត្នប្រយែង​នោះ ​គឺ​បញ្ហា​អនាម័យ​តែម្តង។ ប្រជាជន​គ្មាន ​បង្គន់​អនាម័យ ​ហើយ​គ្មាន​ទឹកស្អាត​ប្រើបា្រស់ ​អាច​នឹង​ងាយ​ប្រឈមមុខ​ ជាមួយ​ជម្ងឺ​ឆ្លង ​ដូចជា​ជម្ងឺ​អាសន្នរោគ​ជាដើម។

អង្គការ​សហ​ប្រជាជាតិ ​បាន​ប្រកាស​ស្វែងរក​ការ​ឧបត្ថម្ភ ​ចំនួន ៤១៥​លាន​ដុល្លារ។ ការងារ​ចាំបាច់​បន្ទាន់ ​មួយ​ទៀត ​គឺ​ជួសជុល​ បណ្តាញ​ផ្លូវថ្នល់ ​និង​បណ្តាញ​ទូរគមនាគមន៍ ​ដើម្បី​ឲ្យ​ក្រុម​សង្គ្រោះ​ ធ្វើ​ដំណើរ​ទៅ​បាន ​នៅ​តាម​តំបន់​ដាច់​ស្រយ៉ាល ​ដែល​ប្រជាជន​ គ្មាន​ទី​ពឹង​អ្វី​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ