rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ម៉ាឡេស៊ី យន្តហោះ MH370

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

MH370៖ ម៉ាឡេស៊ី​​ចុះ​ហត្ថលេខា ​ជាមួយ​ក្រុមហ៊ុន​ឯកជន​អាមេរិក​មួយ​ ឲ្យ​រុករក​

media
រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូនម៉ាឡេស៊ី Liow Tiong Lai ក្នុងពិធី​​ចុះ​ហត្ថលេខា​ជាមួយ​​Ocean Infinity ដើម្បី​​រុករក​​យន្តហោះ​​ MH370ថ្ងៃ​ទី១០ មករា ២០១៨ REUTERS/Lai Seng Sin

រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ចុះហត្ថលេខា ​កាលពី​ថ្ងៃ​ពុធទី១០មករា ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​អាមេរិក​មួយ ​ជំនាញ​ស្រាវជ្រាវ​បាត​សមុទ្រ ​ដើម្បីឲ្យ​ក្រុមហ៊ុន​នេះ ធ្វើការ​រុករក​សាកសព​យន្តហោះ​ MH370 ​ដែល​បាន​ធ្លាក់​បាត់​ដំណឹង ​កាល​ពី​ជិត​៤ឆ្នាំ​មុន។ យោង​តាម​ការប្រកាស ​ក្រុមហ៊ុន​ឯកជន​នេះ​ អាច​ទទួល​ប្រាក់​ ល្គិក​​ណា ការ​ស្រាវជ្រាវ​រុករក​នៅ​បាត​សមុទ្រ ​បាន​ទទួល​វិជ្ជមាន។


ក្រុមហ៊ុន​ឯកជនអាមេរិកមួយ ឈ្មោះ Ocean Infinity បានចុះហត្ថលេខា ជាមួយរដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​ធ្វើការ​រុករក​សាកសព​យន្តហោះ MH370 ដែល​បាន​ធ្លាក់​បាត់​ស្រមោល​សូន្យឈឹង​ កាលពី​ថ្ងៃទី ​៨មីនា​ ឆ្នាំ​២០១៤។ ក្រុមហ៊ុន​ឯកជន​របស់អាមេរិក ​ដែល​បំពាក់​ដោយ​ឧបករណ៍​ និង​សម្ភារៈ​បច្ចេកវិទ្យា​រុករក​ ដ៏​ទំនើបៗ​នេះ នឹង​ចាប់ផ្តើម​ដំណើរ​ការរុករក ​នៅពាក់​កណ្តាល​ខែ​មករា​នេះ។ បើសិន​ជា​លទ្ធផល​រុករក​បានល្អ ​ក្រុមហ៊ុន​នេះ ​នឹង​ទទួល​ប្រាក់ ​ប្រមាណ​ជា​៧០លានដុល្លារ។

នៅក្នុង​ពិធី​ចុះហត្ថលេខា​ នៅក្រុង​កូឡាឡំពួរ​ ដោយ​មាន​វត្តមាន ​តំណាង​ក្រុម​គ្រួសារ​​ជនរង​គ្រោះ​ខ្លះ ​ចូល​រួម​ដែរ​នោះ ​ លោក​រដ្ឋមន្ត្រី​ក្រសួ​ងដឹក​ជញ្ជូន​ម៉ាឡេស៊ី ​បាន​ថ្លែង​ថា តាម​រយៈ​កិច្ចសន្យា​ ប្រគល់​ការ​រុករក ​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ ​រដ្ឋាភិបាល​ម៉ាឡេស៊ី ​មាន​បំណង​ បញ្ជាក់​ប្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំង​អស់​ ឲ្យបាន​ដឹង​ថា ​រដ្ឋាភិបាល​ ក៏​ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​ Malaysia Airlines​ នៅតែ​ចង់​​ស្វែងរក​​ការពិត នៃការ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះMH370  ​នេះជានិច្ច។

តំណាងក្រុមគ្រួសារជនរងគ្រោះដែលមានវត្តមាន ក្នុងឱកាសនោះ បានសម្តែងការត្រេកអរ ​ដែលរដ្ឋាភិបាលម៉ាឡេស៊ី សម្រេចចិត្តបន្តការរុករកយន្តហោះ។ សម្រាប់ពួកគេ បងប្អូនក្រុមគ្រួសារជនរងគ្រោះ មិនអស់ចិត្ត មិនអាចអហោសិកម្ម និងមិនអាចកាត់ចិត្តបានទេ បើសិនជាពួកគេ មិនដឹងការពិត ដែលជាមូលហេតុនៃគ្រោះថ្នាក់នេះ។ ក្រុមគ្រួសារ​ជនរងគ្រោះ ធ្លាប់បានបន្ទោសអាជ្ញាធរម៉ាឡេស៊ី និងក្រុមហ៊ុន Malaysia Airlines ថា​បាន​លាក់លៀមការពិត ស្តីពីហេតុការណ៍ពិតប្រាកដដែលបានកើតឡើយ។

គួររំលឹកថា យន្តហោះ Boeing 777 របស់ក្រុមហ៊ុន Malaysia Airlines ជើង​ហោះហើរ​លេខ MH370 ពីកូឡាឡំពួរ ទៅប៉េកាំង បានបាត់ស្រមោលសូន្យឈឹង កាលពីថ្ងៃទី ៨​មីនា ឆ្នាំ២០១៤។ យន្តហោះនេះ ផ្ទុកមនុស្សចំនួន២៣៩នាក់ ដែលភាគច្រើន គឺជាជនជាតិ​​ចិន។ កន្លងមកការស្រាវជ្រាវរុករក ដោយមានការសហការរវាង ក្រុមការងារម៉ាឡេស៊ី អូស្ត្រាលី និងចិន  ក្នុងបរិវេនតំបន់រុករក មានផ្ទៃក្រឡាទឹកសមុទ្រប្រមាណ​១២ម៉ឺនគីឡូម៉ែត្រក្រឡា ក្នុងមហាសមុទ្រឥណ្ឌា។

កាលពី​ដើមឆ្នាំ២០១៧ ក្រុមការងារ បានសម្រេចបិទបញ្ចប់ការរុករក ដោយសារគ្មានលទ្ធផល។ ដោយឡែក បំណែកយន្តហោះជាង២០ដុំ ត្រូវបានគេពើបប្រទះឃើញ នៅឆ្នេរ តាមតំបន់ភាគខាងកើតទ្វីបអាហ្វ្រិក ដែលក្រុមការងារ ជឿថាពិតជាបំណែកនៃយន្តហោះ MH370។ តែយ៉ាងណាក៏ដោយ​បំណែកទាំងនោះ មិនអាចពន្យល់ ឲ្យដឹងពីមូលហេតុ នៃគ្រោះថ្នាក់នេះទេ៕