rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នាយសមុទ្រ ធនធានធម្មជាតិ មច្ឆា បរិស្ថាន ឧស្ម័ន ឧស្សាហកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជីវិត​សត្វសមុទ្រ​ថយចុះ ពាក់កណ្តាល ចាប់តាំង​ពី​ឆ្នាំ ១៩៧០

media
ត្រីធូណា​ជាប់​ក្នុង​សំណាញ់ (រូបថត​ក្នុង​របាយការណ៍​របស់​អង្គការ​WWF) ©WWF

ចំនួន​ជីវិត​សត្វ​ក្នុងទឹក​សមុទ្រ ក្នុង​ពិភពលោក ថយ​ចុះ​ពាក់កណ្តាល។ តាម​របាយការណ៍ របស់​អង្គការ​ការពារ​បរិស្ថាន WWF ចេញផ្សាយ នៅថ្ងៃពុធ​នេះ ក្នុង​រយៈពេល ៤០​ឆ្នាំ (ពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ២០១២) ជីវិត​សត្វសមុទ្រ មិនថា ត្រី ឬ​សត្វស្លាប​សមុទ្រ ថយចុះ​ប្រមាណ ៤៩​ភាគរយ។ ចំនួន​សត្វ​ក្នុង​សមុទ្រ​ថយចុះ​នឹង​អាច​បង្ក​រាលដាល​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច។ នេះ​ជា​ការព្រមាន​ទុក​មុន របស់​អ្នកសរសេរ​របាយការណ៍ របស់​អង្គការ WWF ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ស្វ៊ីស។

 


ចំនួន​ជីវិត​សត្វ​ក្នុង​សមុទ្រ​បាន​ថយចុះ ពាក់កណ្តាល គិត​ចាប់តាំង​ពី​ឆ្នាំ ១៩៧០។ ក្នុង​រយៈពេល ៤០​ឆ្នាំ សត្វត្រី​ប្រភេទ ធូណា ឬ​ម៉ាការ៉ែល បាន​ថយចុះ ប្រមាណ ៧៤ភាគរយ ​ចំណែក​ពូជ​ត្រីឆ្លាម មួយ​ក្នុង​ចំណោម​៤​កំពុង​ឈាន​ទៅរក​ផុតពូជ។ មូលហេតុ​ចំបង គឺ​មក​ពី​ការចាប់ នេសាទ ច្រើន​ហួសហេតុ ការបំពុល​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ។

 
នៅក្នុង​របាយការណ៍​របស់ខ្លួន ចេញផ្សាយ នៅថ្ងៃ​ពុធ​នេះ មូលនិធិ​ការពារ និង​អភិរក្ស សត្វព្រៃ​ WWF បាន​សរសេរ​បរិហារ​ថា គឺ​មនុស្ស​ដែល​ជា​អ្នក​ទទួល​ត្រូវ បង្ក​ឲ្យ​មាន​ការថយចុះ​ចំនួន​សត្វក្នុង​សមុទ្រ។ មនុស្ស​នេសាទ​ច្រើន​ហួសកំណត់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ដែល​កាន់តែ​កើនឡើង។ មនុស្ស​បំផ្លាញ​ជំរក​សត្វសមុទ្រ ដោយ​បាន​យក​ឆ្នេរ​សមុទ្រ​ទៅ​អភិវឌ្ឍ ក្នុង​ផ្នែក​ឧស្សាហកម្ម ហើយ​មនុស្ស​ជា​អ្នកបំពុល​បរិស្ថាន និង​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ប្រភព​ធ្វើ​ឲ្យ​ទឹកសមុទ្រ​ឡើងក្តៅ និង​ជាតិអាស៊ីដ​កើនឡើង​ខ្លាំង ក្នុង​ទឹក​សមុទ្រ។

ក្រៅ​តែ​ពី​ត្រី អង្គការ​ WWF នៅ​បាន​ព្រមាន​ថា បើ​សិន​ទឹកសមុទ្រ​នៅ​តែ​មាន​កំដៅ ដូចសព្វថ្ងៃ​នោះ ផ្កាថ្ម នឹង​ឈាន​ទៅបាត់បង់ ផុតពូជ នៅ​ឆ្នាំ ២០៥០។ ការរលត់​ផុត​ពូជ​ផ្កាថ្ម គឺ​ជា​គ្រោះមហន្តរាយ ដ៏ធំ ព្រោះថា សត្វសមុទ្រ​ប្រមាណ ២៥%​រស់ជ្រក​ក្រោម​ផ្កាថ្ម ហើយ​មនុស្ស​ប្រមាណ ៨៥០​លាន​នាក់ ក្នុង​ពិភពលោក ពឹងអាស្រ័យ​ទៅ​លើ​ផ្កាថ្ម ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌។ “ការថយចុះ​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទឹកសមុទ្រ នឹង​អាច​បណ្តាល​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ” នេះ​ជា​ការព្រមាន​របស់​ប្រធាន​ WWF Marco Lambertini នៅក្នុង​អារម្ភកថា របស់​របាយការណ៍។

ទន្ទឹម​នឹង​ការទាញ​សញ្ញា​អាសន្ន​ស្តីពី​ការថយចុះ គួរឲ្យ​កត់សំគាល់ ជីវិត​សត្វ​ក្នុង​សមុទ្រ អ្នកចងក្រង​របាយការណ៍​របស់​ WWF​នៅ​មាន​ក្តី​សុទិដ្ឋិនិយម​ថា មហាសមុទ្រ​ជា​ប្រភព​ធម្មជាតិ មិនចេះ​រីងស្ងួត ហើយ​ជីវិត​សត្វ​ក្នុង​សមុទ្រ នឹង​អាច​កើនឡើង​វិញ បើសិន​មនុស្ស​ចេះ​គ្រប់គ្រាន់ មិនត្រូវការ​នេសាទ​ច្រើន​ហួស ធនធាន​ដែលសមុទ្រ​អាច​ផ្តល់ឲ្យ​នោះ។ ម្យ៉ាងទៀត ក្រៅតែ​ពីសំណូមពរ​សុំ​ឲ្យ​អ្នកបរិភោគ និង​អ្នកលក់ ចេះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ខាងនេសាទ​ត្រី គោរព​ច្បាប់​អន្តរជាតិ អង្គការ​ WWF​នៅ​បាន​ស្នើ​សុំ​ឲ្យ​គេ​ពង្រីក​តំបន់​អភិរក្ស ការពារ​ជីវិត​ក្នុង​សមុទ្រ ដែល​ពេលនេះ មាន​តែ​៣,៤% នៃ​ទឹកសមុទ្រ​ក្នុង​ពិភពលោក ឲ្យ​បាន​៣ដង ពីពេលនេះ ដល់​ឆ្នាំ ២០២០៕