អានតួអត្ថបទ
ជប៉ុន

ជប៉ុន​សម្លាប់​មាន់​៣៧០០០​ក្បាល ព្រោះ​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី

អាជ្ញាធរ​សុខាភិបាល​ជប៉ុន បាន​ប្រាប់​ឲ្យ​ដឹងថា គេ​ទើប​បាន​ពិនិត្យ​ឃើញ​ មាន​ករណី ឆ្លង​មេរោគ​ផ្តាសាយ​បក្សី ​មួយ​កន្លែង​ទៀត នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់ មួយ​កន្លែង​ លើ​កោះ ហុងហ្ស៊ូ ភាគ​​កណ្តាល​ប្រទេស​ជប៉ុន។ មាន់​​ចំនួន ៣ម៉ឺន ៧ពាន់​ក្បាល ​ត្រូវ​បាន សម្លាប់​ចោល ដើម្បី​ទប់​ស្កាត់ កុំឲ្យ​មេរោគ​រីក​រាលដាល ទៅ​កសិដ្ឋាន​ផ្សេង​ទៀត។ នេះ​ជា​ករណី​ទីបី ​ហើយ​ដែល​មាន​ការ​លេច​ឡើង​ជា​ថ្មី​ នូវ​មេរោគ ផ្ដាសាយ​បក្សី នៅ​តាម​កសិដ្ឋាន​ចិញ្ចឹម​មាន់​ នៅ​ជប៉ុន ក្នុង​រយៈ​ពេល​មួយ​ខែ​នេះ។

សត្វ​មាន់  រឺ​សត្វ​បក្សី​​ផ្សេង​ទៀត ជា​ប្រភព​ចម្លង​មេរោគ ​ផ្តាសាយ​បក្សី ​H5N1 និង H7N9
សត្វ​មាន់ រឺ​សត្វ​បក្សី​​ផ្សេង​ទៀត ជា​ប្រភព​ចម្លង​មេរោគ ​ផ្តាសាយ​បក្សី ​H5N1 និង H7N9
ផ្សាយពាណិជ្ជកម្ម

ម្ចាស់កសិដ្ឋានចិញ្ខឹមមាន់មួយកន្លែង នៅ​ខេត្ត យ៉ាមាហ្គូឈី លើ​កោះ ហុងហ្ស៊ូ បាន​ផ្តល់​ដំណឹង​បន្ទាន់ ដល់​អាជ្ញាធរ​សុខាភិបាល​ជប៉ុន បន្ទាប់​ពី​មាន់​ជាង​២០ ក្បាល​ បាន​ងាប់​ផ្ទួនៗ​គ្នា។ ក្រោយ​ការ​ធ្វើ​តេស្ត៍​រក​មេរោគ អាជ្ញាធរ​ជប៉ុន ​បាន​រកឃើញ​ថា មាន់​ទាំង​នោះ​ ពិត​ជា​បាន​ងាប់ ដោយសារ​មេរោគ​ផ្តាសាយ​បក្សី H5N1 ប្រាកដមែន។

 
ភ្លៀមៗ​នោះ ​គឺ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ម្សិលមិញ អាជ្ញាធរ បាន​តម្រូវ​ឲ្យ​សម្លាប់​មាន់​ទាំង​អស់ នៅ​ក្នុង​កសិដ្ឋាន ដែល​មាន​ចំនួន ៣ម៉ឺន ៧ពាន់​ក្បាល។ អាជ្ញាធរ​ក៏​បាន​ចាត់ តំបន់​សន្តិសុខ​ពិសេស ក្នុង​រង្វង់​១០ គីឡូមែត្រ ជុំវិញ​កសិដ្ឋាន​កើតហេតុ ហើយ​ហាម​មិនឲ្យ​នាំ​យក​សត្វមាន់ រឺទា ​ចេញ​ពី​តំបន់​នេះ​ទេ។

សូម​បញ្ជាក់​ថា នេះ​ជា​ករណី​ទីបី​ហើយ ចាប់​តាំង​ពី​ដើម​ខែ ធ្នូ​នេះ ដែល​មាន​ការ​រើប​មក​វិញ នូវ​មេរោគ​ផ្តាសាយ​បក្សី H5N1។ កាល​ពី​ពាក់​កណ្តាល​ខែ នៅ​ក្នុង​ខេត្ត មីយ៉ាហ្សាគី​ មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​កន្លែង ក៏​មាន​ករណី​ឆ្លង​មេរោគ​ ផ្តាសាយ​បក្សី​ដែរ។ មាន់​ប្រមាណ​ជា ៤ពាន់​ក្បាល ត្រូវ​បាន​សម្លាប់​ចោល។ ហើយ កាល​ពី​ថ្ងៃ​ចន្ទ ពីរ​ថ្ងៃ​មុន​នេះ​ទៀត នៅ​ក្នុង​ខេត្ត មីយ៉ាហ្សាគី ដដែល​ មាន​កសិដ្ឋាន​មួយ​ទៀត នៅ​ចម្ងាយ​ជាង ១០០ គីឡូមែត្រ ពី​កសិដ្ឋាន​មុន ក៏​មាន​ករណី​មេរោគ H5N1 ដែរ។ មាន់ជាង ៤ម៉ឺន ២ពាន់​ក្បាល ក៏​ត្រូវ​បាន​គេ​ សម្លាប់​ចោល ភ្លៀមៗ​នោះ​ដែរ។

ភ្លៀមៗ ក្រោយ​ទទួល​បាន​ដំណឹង​ផ្ទួនៗ​បែប​នេះ កោះ​ហុងកុង បាន​សម្រេច​បិទ​ មិន​ឲ្យ​នាំ​សាច់​មាន់ សាច់​ទា និង​ផលិត​ផល ជាប់​ទាក់ទង​ផ្សេង​ទៀត ចូល​ពី​ប្រទេស​ជប៉ុន​ទេ។ សូម​បញ្ជាក់​ថា បើគិត​ពី​ដើម​ឆ្នាំ រហូត​មក​ដល់​ខែ តុលា ឆ្នាំ​២០១៤​នេះ ហុងកុង​បាន​នាំចូល សាច់​មាន់ សាច់​ទា ចំនួន​៤ពាន់ ៦រយ​តោន និង​ពង​មាន់​ពង​ទា ចំនួន ជិត​១៨លាន​គ្រាប់​ ពី​ជប៉ុន។ កាល​ពី​ថ្ងៃ​អាទិត្យ ថ្មីៗ​នេះ ហុងកុង​ទើបតែ​បាន​ ប្រកាស​សញ្ញា​អាសន្ន ដោយសារ​មាន​ករណី អ្នក​ជំងឺ​ផ្តាសាយ​បក្សី​ម្នាក់។

សូម​រំលឹក​ថា ចាប់តាំង​ពី​ឆ្នាំ ២០០៣ មក មេរោគ ផ្តាសាយបក្សី H5N1 បាន​សម្លាប់​ជីវិត​មនុស្ស​ អស់ ៤០០នាក់​ហើយ ហើយ​ដែល​ភាគ​ច្រើន​ ជា​ប្រជាជន​នៅ​តំបន់​​ អាស៊ី​អាគ្នេយ៍​យើង​នេះ។ រីឯ​មេរោគ​ផ្តាសាយបក្សី ​មួយ​ទៀត​ ដែល​កាច​សាហាវ​ដែរ ហើយ​ដែល​ទើបតែ​ ចេញ​រូបរាង្គ​នៅ​ឆ្នាំ​២០១៣​នេះ គឺ​មេរោគ H7N9 បាន​សម្លាប់​ជីវិត​ អស់ ១៧០​នាក់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ