អានតួអត្ថបទ

Huawei បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី សម្រាប់​ផលិតផល​​​ខ្លួន ដើម្បី​ជំនួស​Android

ថ្ងៃសុក្រ ទី​៩សីហា ក្រុមហ៊ុន Huawei បានធ្វើសន្និសីត ដើម្បីបង្ហាញពី​ប្រព័ន្ធប្រតិបត្តិការ​ថ្មី ដែ​ល​នឹងដាក់ឲ្យដំណើរការ​ នៅលើផលិតផលរបស់ Huawei។ ប្រព័ន្ធប្រតិបត្តិការថ្មីផ្ទាល់ខ្លួនរបស់Huawei នេះ នឹងមកជំនួស​ប្រព័ន្ធ Android របស់Google ដោយសារ​តែ​ក្រុម​ហ៊ុន Huawei ជាប់ទណ្ឌកម្មរបស់អាមេរិក មិនអាចបន្តសហការ ជាមួយក្រុមហ៊ុន Google តទៅទៀតបាន។

លោក Richard Yu កំពុងបង្ហាញ​​ប្រព័ន្ធ​ប្រតិបត្តិការ​ HarmonyOS របស់ Huawei នៅ​Dongguan ថ្ងៃទី​៩ សីហា ២០១៩
លោក Richard Yu កំពុងបង្ហាញ​​ប្រព័ន្ធ​ប្រតិបត្តិការ​ HarmonyOS របស់ Huawei នៅ​Dongguan ថ្ងៃទី​៩ សីហា ២០១៩ REUTERS/Huanqiu.com
ផ្សាយពាណិជ្ជកម្ម

ពីទីក្រុងតុងគ័ន ភាគខាងត្បូងប្រទេសចិន លោក Richard Yu នាយកប្រតិបត្តិរបស់​Huawei បានធ្វើសន្និសីទកាសែត​​មួយ ដើម្បីបង្ហាញពី​ប្រព័ន្ធប្រតិបត្តិការថ្មី សម្រាប់ផលិតផល​ទាំងអស់ របស់​Huawei។ ប្រព័ន្ធប្រតិបត្តិការនេះ មានឈ្មោះថា HarmonyOS​។ តាមការឲ្យដឹង ពី​តំណាង​ក្រុមហ៊ុនHuawei រូបនេះ គឺប្រព័ន្ធប្រតិបត្តិការថ្មីនេះ នឹងដាក់ដំឡើងទៅក្នុង​ផលិតផល​កញ្ចក់ឆ្លាតវៃទាំងអស់របស់ Huawei ចាប់ពីឆ្នាំ​ក្រោយទៅ នៅប្រទេសចិន។ បន្ទាប់មកទៀត នឹងដាក់បញ្ចូលទៅក្នុងនាឡិកា ធុងប៉ាសសម្លេង​ ប្រព័ន្ធសម្លេងរបស់រថយន្ត។ តែយ៉ាងណា Huawei ហាក់ស្ទាក់ស្ទើមិនទាន់ប្រាប់ច្បាស់ អំពីកាលវិភាគដាក់បញ្ចូល​ប្រព័ន្ធថ្មីរបស់ខ្លួន ទៅក្នុង​ទូរស័ព្ទដៃទេ។

លោកនាយកប្រតិបត្តិរបស់Huawei បានអះអាងថា Huawei មិនមែនមិនចង់បន្តប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android របស់ Google ទេ។ ក៏ប៉ុន្តែ ដោយសារតែទណ្ឌកម្ម​អាមេរិក​ បានធ្វើ​ឲ្យ​កម្មវិធីខ្លះ នៅលើ​ប្រព័ន្ធAndroid មិនអាចយកមកប្រើបាន នៅក្នុងផលិតផលHuawei។ ដោយឆ្លៀតសរសើរថា Google គឺជាក្រុមហ៊ុនដ៏ល្អ លោកនាយកប្រតិបត្តិរបស់Huawei បានបញ្ជាក់ថា Huawei មិនទាន់បោះបង់ ប្រព័ន្ធរួមរបស់​ Android​ទាំងស្រុងទេ បើទោះបីជាHuawei អាចធ្វើវាភ្លាមៗក៏ដោយ។

សូមរំលឹកថា ក្រុមហ៊ុនHuawei របស់ចិន បានក្លាយ​ជាជនរងគ្រោះ នៃសង្រ្គាមពាណិជ្ជកម្ម​ រវាង​ចិន និងអាមេរិក។ រដ្ឋាភិបាលអាមេរិក បានហាមឃាត់ក្រុមហ៊ុនអាមេរិកទាំងអស់ មិនឲ្យលក់បច្ចេកវិទ្យា ឬសហការរកស៊ី ជាមួយក្រុមហ៊ុន​Huaweiនេះទេ។ បើគ្មានប្រព័ន្ធប្រតិបត្តិការ​Android ផលិតផលHuawei អាចនឹងជួបបញ្ហា មិនអាចប្រកួតប្រជែងនឹងផលិតផលគេផ្សេងបានទេ។

គួរកត់សំគាល់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Huawei បាន​ព្យាយាមផលិត​ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនមួយ។ ក៏ប៉ុន្តែអ្នកជំនាញបាន​លើកឡើងថា វាជារឿងលំបាកណាស់ ក្នុងពេលបច្ចុប្បន្ននេះ ដែលចង់បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការថ្មី​មួយ​ អាចមក​ប្រកួតប្រជែងជាមួយ​Android របស់Google បាន។ អ្នកជំនាញជឿថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់Huawei នេះ នៅ​ខ្វះខាត មិនអាចមកប្រៀបធៀប បានមួយចំណិត Android ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ