អានតួអត្ថបទ
ទីបេ-ភូមា

សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​អំពាវនាវ​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី​ចេញមុខ​ជួយ​ជនជាតិ​រ៉ូហ៊ីងយ៉ា

សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​អំពាវនាវ​សុំ​ឲ្យ​ប្រមុខដឹកនាំ​បក្ស​ប្រឆាំង​ភូមា លោកស្រី អ៊ុងសាន ស៊ូជី​អន្តរាគមន៍ លូកដៃ ជួយ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រងទុក្ខ​វេទនា ក្នុង​ទឹកដី​ភូមា។ សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​នឹង​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច នៅ​ប្រទេស​អូស្ត្រាលី នៅ​សប្តាហ៍​ក្រោយ។

ជ័លាភី​រង្វាន់​ណូបែល​សន្តិភាព សម្តេចសង្ឃ​ដាឡៃ ឡាម៉ា និង​លោកស្រី​អ៊ុងសាន ស៊ូជី ជួប​គ្នា ក្នុង​ទីក្រុង​ឡុងដ៍
ជ័លាភី​រង្វាន់​ណូបែល​សន្តិភាព សម្តេចសង្ឃ​ដាឡៃ ឡាម៉ា និង​លោកស្រី​អ៊ុងសាន ស៊ូជី ជួប​គ្នា ក្នុង​ទីក្រុង​ឡុងដ៍
ផ្សាយពាណិជ្ជកម្ម

ក្នុង​​នាម​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព សម្តេចសង្ឃ ដាឡៃ ឡាម៉ា បាន​អំពាវនាវ​សុំ​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី ដែល​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ដូចព្រះអង្គ ធ្វើកិច្ចការ​អ្វីមួយ ដើម្បី​ជួយ​សង្រ្គោះ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ រ៉ូហ៊ីងយ៉ា​ដែល​អង្គការ​សហប្រជាជាតិ ចាត់ទុក​ជា​ជនជាតិ​ភាគតិច ដែល​ទទួល​រងការធ្វើ​ទុក្ខបុកម្នេញ​ខ្លាំងគេ​ជាង នៅក្នុង​ពិភពលោក។

សេចក្តី​អំពាវនាវ​របស់​ព្រះអង្គ​ទៅ​កាន់​មេដឹកនាំ​បក្ស​ប្រឆាំង​ភូមា ធ្វើឡើង នៅក្នុង​បទសម្ភាសន៍ មួយ នៅក្នុង​កាសែត អូស្ត្រាលី ដែល​ចេញផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍ទី ២៨​ឧសភា។ នៅក្នុង​បទសម្ភាសន៍ ជាមួយ​កាសែត​អូស្ត្រាលី ប្រមុខសាសនា​ទីបេ បាន​អះអាងថា ព្រះអង្គ​ធ្លាប់​បាន​និយាយ​ដោយ​ផ្ទាល់ ចំនួន​ពីរ​លើក ទៅ​លោកស្រី អ៊ុងសាន ស៊ូជី ពី​ករណី​ប្រជាជន​រ៉ូហ៊ីងយ៉ា។ លើកទីមួយ នៅ​ទីក្រុង​ឡុងដ៍ និង​លើក​ទីពីរ នៅ​សាធារណរដ្ឋ​ឆែក ជាទី​ដែល​ព្រះអង្គ​បាន​លើក​យក​បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា ទៅ​និយាយ​ជាមួយ​លោកស្រី​អ៊ុងសាន ស៊ូជី គឺ​ចាប់តាំង​ពី​ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​រងគ្រោះ​ក្នុង​ជម្លោះ​ហិង្សា ជាមួយ​ពុទ្ធសាសនិក នៅ​ភូមា នៅ​ឆ្នាំ ២០១២។

 
“លោកស្រី អ៊ុងសាន ស៊ូជី បាន​ឆ្លើយតប​មក​ខ្ញុំ​វិញថា លោកស្រី​ជួប​ការលំបាក​ច្រើន ក្នុង​នោះ​រឿង​នេះ។ ជនជាតិ​រ៉ូហ៊ីងយ៉ា គឺ​ជា​សំណុំរឿង​ដែល​ស្មុគស្មាញ មិន​ងាយស្រួល​នឹង​ដោះស្រាយៗ”។ នេះ​ជា​ការរៀបរាប់​របស់​សម្តេចសង្ឃ ដាឡៃ ឡាម៉ា។ តាម​ព្រះអង្គ បញ្ហា​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា បាន​ស្តែង​ឲ្យ​ឃើញ ថា នៅ​ទីបំផុត​ទៅ មនុស្ស​នៅតែ​ខ្វះ​មេត្តាធម៌ ដើម្បី​ជួយ​យក​អាសារ​អ្នកដទៃ។

លោកស្រី​អ៊ុងសាន ស៊ូជី បាន​ដកឃ្លា មិន​សូវចេញ​មុខ និយាយ​ពី​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ តាម​អ្នកវិភាគខ្លះ អវត្តមាន​របស់​មេដឹកនាំ​បក្ស​ប្រឆាំង មាន​ទាក់ទង​ទៅ​នឹង​ការបោះឆ្នោត ជាតិ ដែល​ត្រូវ​ធ្វើ​នៅ​ចុងឆ្នាំ ២០១៥។ លើក​និយាយ​ការពារ​បុព្វហេតុ​ជនជាតិ​រ៉ូហ៊ីងយ៉ា នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​របស់​លោកស្រី​បាត់បង់​សំឡេង​ឆ្នោត ពី​ក្រុម​ប្រជាជន​ភូមា ដែល​ជាតិ​និយម និង​ប្រឆាំង​សាសនា​អ៊ីស្លាម នៅ​ភូមា។

ជនជាតិ​រ៉ូហ៊ីងយ៉ាង​រងទុក្ខ​វេទនា មិនថា នៅក្នុង​ទឹកដី ភូមា ឬ​នៅ​បរទេស។ នៅ​ប្រទេស​បង់ក្លាដែសវិញ ជាទី​ដែល​មាន​ជំរំភៀសខ្លួន ពីរ ដាក់ ជនជាតិ​រ៉ូហ៊ីងយ៉ា ជាង ៣ម៉ឺននាក់ អាជ្ញាធរ​បាន​ប្រកាស​គម្រោង​ផ្លាស់ទី ជំរំជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ទៅ​នៅ​លើ​កោះ​មួយ ប៉ែក​ខាងត្បូង​ប្រទេស។ ប្រធាន​ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ បង់ក្លាដែស​បាន​ទទូច​សុំ​ឲ្យុ​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគម ព្រោះថា ជនជាតិ​រ៉ូហ៊ីងយ៉ា​នឹង​ជួប​ការលំបាក​កាន់​តែ​ខ្លាំង បើសិន​ពួកគេ ត្រូវ​បញ្ជូន​ឲ្យ​ទៅរស់នៅ​លើ​កោះ​ដាច់ឆ្ងាយ​ពី​ដីគោក​នោះ។ តាម​ប្រធានក្រុម​រ៉ូហ៊ីងយ៉ា​ដដែល អាជ្ញាធរ​បង់ក្លាដែស ចាត់វិធានការ​រើ យក​ជំរំ​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ចេញ​ពី​ទីតាំងចាស់ ក៏​គេ​ចង់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​តំបន់​នោះ​សម្រាប់​ភ្ញៀវបរទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ