អានតួអត្ថបទ
ចិន-សន្និសីទ​ស្តីពី​អាកាសធាតុ​នៅប៉ារីស

ចិន​ប្រកាស​បើក​ទីផ្សារ​កាបូន​ដើម្បី​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់

កាលពី​ថ្ងៃ​អង្គារ ទីក្រុង​ប៉េកាំង​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ២ ថ្ងៃ​ប្រកាស​អាសន្ន​កម្រិត​ផ្សែងពុល​ក្នុង​បរិយាកាស។ នៅថ្ងៃ​អង្គារ​ដដែល នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​ក្នុង​ទីក្រុង​ប៉ារីស​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ចិន បាន​ប្រកាស​បង្កើត​ទីផ្សារ​កាបូន ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ ចាប់​ពី​ឆ្នាំ ២០១៧​ទៅ។ តើ​អ្វី​ទៅ​ជា​ទីផ្សារ​ភាគហ៊ុន កាបូនិក? 

មេឃ​ចុះ​ស្រអាប់​ដោយសារ​ផ្សែង​ចេញ​ពី​រោងចក្រ​គីមី​នៅ​ខេត្ត​ស្ហានដុង នៅ​ប្រទេស​ចិន
មេឃ​ចុះ​ស្រអាប់​ដោយសារ​ផ្សែង​ចេញ​ពី​រោងចក្រ​គីមី​នៅ​ខេត្ត​ស្ហានដុង នៅ​ប្រទេស​ចិន Reuters/Stringer/Files
ផ្សាយពាណិជ្ជកម្ម

ទីផ្សារ​កាបូន​មាន​ទិសដៅ​ចំបង កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ តាមរយៈ​ប្រព័ន្ធ​ទិញដូរ ​កូតា និង​សិទ្ធិ​បញ្ចេញ​ឧស្ម័ន​កាបូនិក ទៅក្នុង​បរិយាកាស។ ទីផ្សារ​កាបូន​អនុវត្ត​ទៅតាម​គោលការណ៍ ដែល​ថា អ្នកបញ្ចេញ​ផ្សែងពុល ត្រូវ​តែ​បង់លុយ ទៅ​តាម​ចំនួន​ឧស្ម័ន​ដែល​ខ្លួន​បំភាយ​ទៅក្នុង​បរិយាកាស។ វិធានការ​គាប​យក​លុយ​បន្ថែម ពី​ក្រុមហ៊ុន រោងចក្រ ដែល​បញ្ចេញ ឧស្ម័ន​កាបូនិក ធ្វើឡើង ដើម្បី ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​គេ​ចេះ​សន្សំសំចៃ​ក្នុង​ការប្រើថាមពល ឬ ឲ្យ​គេ​លះបង់​ចោល ថាមពល​ដែល​បាន​មកពី​ធ្យូងថ្ម និង​បែរ​ទៅ​អភិវឌ្ឍ​បច្ចេកវិទ្យា ដើម្បី​បង្កើត​ថាមពល​មិន​ចេះរីងស្ងួត​ដូចជា​ថាមពល​បាន​មក​ពី​ពន្លឺ ព្រះអាទិត្យ​ជាដើម។ នៅ​អាស៊ី កូរ៉េខាងត្បូង​ជា​ប្រទេស​នាំមុខ​គេ ដែល​បាន​អនុវត្ត​ទីផ្សារ​កាបូនិក ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។

 
នៅ​ទីផ្សារ​កាបូន គឺ​ស្ថាប័ន​រដ្ឋ (ឬ​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប) ជាអ្នកកំណត់​បរិមាណ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ទូទៅ ត្រូវ​មាន​កម្រិត​តិចជាង ចំនួន​ឧស្ម័ន​ដែល​គេ​ធ្លាប់​បាន​បញ្ចេញ កន្លងមក។ ដោយ​ផ្អែក​លើ​បរិមាណ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​រដ្ឋាភិបាល​នីមួយៗ​សន្យា​កាត់បន្ថយ នៅ​ថ្នាក់​អន្តរជាតិ ស្ថាប័ន​រដ្ឋ​អាច​បែងចែក​កូតា​ទៅ​ឲ្យ​ក្រុមហ៊ុន បុគ្គល ដែល​អាជីវកម្ម​របស់ពួកគេ​មាន​បញ្ចេញ​ឧស្ម័ន​កាបូនិក។ ក្រុមហ៊ុន​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​លើស​ពីកូតា​ដែល​រដ្ឋ​បាន​កំណត់ ត្រូវ​បង់លុយ សុំ​ទិញ​បន្ថែម​កូតា​ពីទីផ្សារ​កាបូន ឬ​បើ​មិនដូច្នោះទេ គេ​ត្រូវ​ប្រឈម​នឹង​ការបង់ប្រាក់​ពិន័យ។ ចំណែក​ក្រុមហ៊ុន​ផ្សេង​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក តិច ទាប​ជាង​កូតា​ដែល​ខ្លួន​មាន គឺ​អាច​ដាក់​លក់​កូតា​នៅ​សល់​របស់ខ្លួន ទៅ​ក្នុង​ទីផ្សារ​កាបូន។

ក្នុង​ករណី​ប្រទេស​ចិន ទីផ្សារ​កាបូន​ដែល​នឹង​លេច​រូបរាង នៅ​ឆ្នាំ ២០១៧ នឹង​ក្លាយ​ជាទីផ្សារ​កាបូន​ធំជាង​គេ​ក្នុង​ពិភពលោក។ បើតាម លោក​ជាង ចាវលី អនុប្រធាន​ការិយាល័យ​អាកាសធាតុ ទីផ្សារ​កាបូន​របស់​ចិន មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជិត ១ម៉ឺន​ក្រុមហ៊ុន។ តាម​លោក​ជាង ចាវលី ផ្សារ​កាបូន នឹង​លាត​សន្ធឹង​ក្នុង​ខេត្ត​ចំនួន ៣១​របស់​ប្រទេស​ចិន និង​រួមបញ្ចូល​វិស័យ​ឧស្សាហកម្ម​ចំនួន​៦។ នៅ​ឆ្នាំ ដំបូង ទីផ្សារ​កាបូន​របស់​ចិន នឹង​គ្របដណ្តប់​លើ​ឧស្ម័ន​ផ្ទះកញ្ចក់ ៤ពាន់​លាន​តោន ដែល​ស្មើ​នឹង​ពាក់កណ្តាល​នៃ​បរិមាណ​ឧស្ម័ន​ផ្ទះកញ្ចក់។ តាម​អង្គការ​ស្តីពី​គម្រោង​កាបូន​ក្នុង​ពិភពលោក ចិន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ប្រមាណ ៩ពាន់​លាន​តោន ក្នុង​មួយឆ្នាំៗ ដែល​ក្នុងនោះ មាន​ជាង​៧២ភាគរយ ជា​ឧស្ម័ន​កាបូនិក។ ចាប់តាំង​ពី​ឆ្នាំ ២០០៥ ចិន​បាន​វ៉ា​ដាច់​ប្រទេស​អាមេរិក ដោយ​បាន​ក្លាយ​ជា​ប្រទេស​ធំ​ទី​១​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ជាងគេ​ទៅក្នុង​បរិយាកាស។ ឧស្ម័ន​កាបូនិក ដែល​ចិន​បញ្ចេញ​បាន​កើនឡើង​ជារៀងរាល់​ឆ្នាំ គឺ​ប្រមាណ​១២០ភាគរយ។ ការបញ្ចេញ​ឧស្ម័ន​កាបូនិក កើនឡើង ដោយសារ​មាន​ការកើនឡើង​នៃការប្រើប្រាស់​ធ្យូងថ្ម ប្រេង និង​ការផលិត​ស៊ីម៉ង់ ដែល​ដើរតួ​សំខាន់​ដែរ​ក្នុង​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ទៅក្នុង​បរិយាកាស។ គឺ​ឧស្ម័ន​កាបូនិក​ដែល​បាន​ក្លាយ​ជា​ឧស្ម័ន​ផ្ទះកញ្ចក់ ដើមហេតុ​បង្ក​ឲ្យ​មាន​ការប្រែប្រួល​អាកាសធាតុ និង​ការឡើង​កំដៅ​ផែនដី៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ