ជំនួបកំពូលសេដ្ឋកិច្ចAPEC គ្របបាំង ជិត ដោយបញ្ហាភេរវកម្ម
នៅថ្ងៃព្រហស្បតិ៍នេះ ថ្ងៃចុងក្រោយនៃជំនួបកំពូលសេដ្ឋកិច្ចAPEC ក្នុងទីក្រុងម៉ានីល ថ្នាក់ដឹកនាំកំពូលនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក បានអំពាវនាវ ឲ្យមានការសហការជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម។ អំពើភេរវកម្ម និងជម្លោះនៅសមុទ្រចិនខាងត្បូង បានក្លាយជាប្រធានបទនាំមុខ នៅក្នុងជំនួបកំពូលAPEC ដែលតាមពិត មានគោលដៅ ផ្តោតទៅលើការពង្រឹងចំណងពាណិជ្ជកម្មនៅក្នុងតំបន់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២១
តាមសេចក្តីព្រាង សេចក្តីប្រកាសបិទជំនួបកំពូលសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក ដែលទីភ្នាក់ងារព័ត៌មានបារាំងទទួលបាន គេឃើញថា កិច្ចប្រជុំសេដ្ឋកិច្ច APEC មាននិយាយជាសំខាន់ ការថ្កោលទោសរបស់ថ្នាក់ដឹកនាំ ដែលក្នុងនោះ មានទាំងលោកប្រធានាធិបតីអូបាម៉ា ហើយនិងលោកស៊ី ជីនពីង ទៅលើសកម្មភាព ធ្វើភេរវកម្ម ក្នុងគ្រប់ទម្រង់រូបភាព។ “ពួកយើងនឹងមិនអនុញ្ញាតឲ្យក្រុមភេរវនិយមគំរាម បំផ្លាញតម្លៃជាមូលដ្ឋាន ដែល គាំទ្រសេរីភាព និងសេដ្ឋកិច្ចបើកទូលាយរបស់យើងបានជាដាច់ខាត” នេះជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលបានទាមទារផងដែរចង់ឲ្យមានការសហការ សាមគ្គីភាពថ្នាក់អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម។
ប្រតិកម្មប្រឆាំង អំពើភេរវនិយមបានកើតឡើងជាបន្តបន្ទាប់ នៅក្រោយក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរី ចេញមុខ ប្រកាសថា ខ្លួនជានៅពីក្រោយអំពើភេរវកម្ម ដែលសម្លាប់មនុស្ស ១២៩នាក់ នៅទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ នៅថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតីចិន ផ្ទាល់ក៏បានថ្កោលទោស ផងដែរ ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម ដែលទើបបានប្រកាសប្រហារជីវិត ជនជាតិចិន និងជនជាតិន័រវ៉េស។
តំបន់អាស៊ី បាស៊ីហ្វិក ដែលសំបូរប្រជាជន និងមានសក្តានុពលសេដ្ឋកិច្ចខ្លាំងជាងគេ ក្នុងពិភពលោក កំពុងប្រឈមនឹងការគំរាមកំហែងធ្វើភេរវកម្មពីក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី ជាដើមកំពុងព្រួយបារម្ភថា ជនជាតិរបស់ខ្លួនដែលចេញទៅប្រយុទ្ធក្នុងក្រុមជីហាត នៅស៊ីរី នឹងអាចត្រលប់មកបង្កអំពើភេរវកម្មសម្លាប់មនុស្សក្នុងទឹកដីកំណើតរបស់ខ្លួនវិញ។
ក្រៅតែពីបញ្ហាភេរវកម្ម ជំនួបកំពូលសេដ្ឋកិច្ច APECត្រូវគ្របដណ្តប់ផងដែរ ដោយជម្លោះនៅសមុទ្រចិនខាងត្បូង។ ជាថ្មីម្តងទៀត អាមេរិករួម ជាមួយសមាជិករបស់APEC បានអំពាវនាវឲ្យចិន បញ្ឈប់ជាបន្ទាន់ ការសាងសង់ ដីកោះសិប្បនិម្មិត ដើម្បីយកទៅធ្វើជាទីតាំងយោធា នៅសមុទ្រចិនខាងត្បូង។ ក្រៅតែពីប្រកាសផ្តល់ជំនួយ ជាង ២៥០លានដុល្លារ ទៅឲ្យប្រទេសសមាជិកអាស៊ាន សម្រាប់ពង្រឹងសន្តិសុខ លោកប្រធានាធិបតីអូបាម៉ា កាលពីថ្ងៃអង្គារ បានប្រកាសផ្តល់នាវាចម្បាំង ដល់សម្ព័ន្ធមិត្ត ហ្វីលីពីន ដែលកំពុងប្រឈមមុខដោយផ្ទាល់ជាមួយទីក្រុងប៉េកាំង ក្នុងជម្លោះសមុទ្រចិនខាងត្បូង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ