rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន ឧស្ម័ន ហិរញ្ញវត្ថុ សន្និសីទ​អាកាសធាតុ​ប៉ារីស២០១៥

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ធនាគារ​ADB​ឲ្យ​ចិន​ខ្ចីលុយ យក​ទៅ​កាត់បន្ថយ​ផ្សែង​ពុល​បរិយាកាស

media
ស្រ្តី​ទេសចរ​ពាក់​ម៉ាស បិទមុខ​ថត​នៅ​ទីលាន​ធាន​អានមេន ថ្ងៃទី ៩​ធ្នូ ២០១៥ ©REUTERS/Damir Sagolj

តើ​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទីពីរ ចាំបាច់​ត្រូវការ​ប្រាក់​កម្ចី​ពី​ធនាគារ​បរទេស ដើម្បី​ដោះស្រាយ​បញ្ហា​ខ្យល់​ពុល​បរិយាកាស​របស់ខ្លួន​ដែរ​ឬទេ? នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ធនាគារ​អភិវឌ្ឍ​អាស៊ី ADB​រួម​ជាមួយ​ធនាគារ​អាល្លឺម់ង់ ទើប​បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ ៣០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្យល់ពុល បរិយាកាស នៅ​ទីក្រុង​ប៉េកាំង។

 


នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បញ្ជាក់​ថា ប្រាក់​កម្ចី​ប្រមាណ ៣០០​លាន​ដុល្លារ នឹង​ត្រូវ​យក​ទៅប្រើ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម ដែល​ជា​ប្រភព​បញ្ចេញ​ឧស្ម័នពុល ឧស្ម័ន​ផ្ទះកញ្ចក់ ក្នុង​ទីក្រុង​ប៉េកាំង។

 
នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ក្រុង​ប៉េកាំង​បាន​ប្រកាស​អាសន្ន​ស្តី​ពី​កម្រិត​ផ្សែងពុល​ខ្ពស់​បំផុត នៅក្នុង​បរិយាកាស។ តាម​លោក​Satoshi Ishii អ្នកជំនាញ​ម្នាក់ របស់​ធនាគារ ADB ផ្សែងពុល ឬ​ឧស្ម័ន​កាបូនិក គ្រោះថ្នាក់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​ចីរកាល នៅក្នុង​តំបន់។ ដូច្នេះ ប្រាក់​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មាន​ទិសដៅ​តែមួយ​គត់ គឺ​ចូលរួម​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​ជួយ​កែលម្អ​មូលដ្ឋាន​ច្បាប់​ស្តីពី​បរិស្ថាន នៅ​ប្រទេស​ចិន។

ប្រាក់​កម្ចី​របស់​ធនាគារ ADB មួយចំនួន​ធំ​នឹង​យក​ទៅ​ប្រើ​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ១២លាន​តោន ក្នុង​មួយឆ្នាំៗ តាមរយៈ ការកាត់បន្ថយ ការប្រើប្រាស់​ធ្យូងថ្ម នៅ​ខេត្ត​ឧស្សាហកម្ម ហេប៊ី ដែល​ជាប្រភព​បញ្ចេញ​ឧស្ម័ន​ពុល ច្រើន ទៅ​គ្របដណ្តប់​ទីក្រុង​ប៉េកាំង និងទីក្រុង​កំពង់ផែរ​ធានជីង។ បណ្តុំ​ខេត្ត ក្រុង​ទាំងបី មាន​ប្រជាជន​រស់នៅ​ប្រមាណ ១០០​លាន​នាក់ និង​តំណាង​ឲ្យ​១០ភាគរយ​នៃ​សេដ្ឋកិច្ច​ជាតិ​ចិន។

សម្រាប់​ប្រធាន​ធនាគារ ADB ​ប្រចាំ​ក្រុង​ប៉េកាំង វា​ជារឿង​កម្រ​ដែល​គេ​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ដូចជា​ចិន។ ប៉ុន្តែ ស្ថានភាព​ផ្សែងពុល​បរិយាកាស​ដ៏​ធ្ងន់ធ្ងរ​នៅ​ទីក្រុង​ប៉េកាំង​បានធ្វើ​ឲ្យ​ធនាគារ​ផ្លាស់ប្តូរ​គោល​នយោបាយ។

នេះ​ជាលើក​ទី១ ដែល​ធនាគារ ADB ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ចិន។ តាមទម្លាប់ ទីក្រុង​ប៉េកាំង​មាន​អរិភាព មិន ចង់​បាន​ជំនួយ ពី​ស្ថាប័ន​ឥណទាន​បរទេស ជាពិសេស ពី​ធនាគារ ADB ដែល​មាន​ថៅកែ ជា​ជប៉ុន និង​អាមេរិក​នោះឡើយ។ ទីក្រុង​ប៉េកាំង​តែង​វាយតម្លៃ​ថា ជំនួយ​ហិរញ្ញវត្ថុ របស់​ស្ថាប័ន​ធនាគារ​បរទេស គឺភ្ជាប់​មកជាមួយ​លក្ខខណ្ឌ ដាក់​សម្ពាធ​លើ​នយោបាយ​ក្នុងស្រុក ជាពិសេស ក្នុង​រឿង​ការពារ​បរិស្ថាន។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចៅហ្វាយក្រុង​រង ធានជីង ​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​កញ្ចប់​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី នៅពេល​ចៅហ្វាយក្រុង​រង​ប៉េកាំង និយាយ​ថា នៅក្នុង​បញ្ហា​ផ្សែងពុល​បរិយាកាស គេ​ត្រូវ​ធ្វើការ ដោះស្រាយ​រួមគ្នា។

សូមបញ្ជាក់ថា ក្នុង​រយៈពេល ១០​ខែ​ឆ្នាំ​នេះ ទីក្រុង​ប៉េកាំង បាន​បិទ ឬ​ផ្លាស់ប្តូរ រោងចក្រ ក្រុមហ៊ុន​ប្រមាន ៣១៥​ដែល​គេ​វាយតម្លៃថា បាន​បញ្ចេញ​ឧស្ម័ន​កាបូនិក ច្រើនហួសហេតុ៕