អានតួអត្ថបទ

ចិន​ប្រាប់ទៅអង្គការ​អូតង់វិញថា ចិនជា​មហាអំណាច​សន្តិភាព

ទីក្រុង​ប៉េកាំង នៅថ្ងៃ​ព្រហស្បតិ៍ បាននិយាយ​ប្រាប់​ទៅ​ក្រុមសម្ព័ន្ធអាត្លង់ទិក ថា មហាអំណាចចិន ជា​មហាអំណាច​សន្តិភាព ប៉ុន្តែ មិន​គំរាមកំហែង​ពិភពលោកនោះទេ។ ប្រតិកម្ម​របស់​ប្រទេស​ចិន ធ្វើឡើង​នៅមួយ​ថ្ងៃ​ក្រោយ ក្រុមប្រទេស​សមាជិក​អូតង់ ដែល​បើកជំនួបកំពូល​នៅប្រទេស​អង់គ្លេស បាន​ចេញសេចក្តីថ្លែងការណ៍ រួម ចាត់ទុក​ចិន ជាមហាអំណាច​ដែល​កំពុង​កើនឥទ្ធិពលខ្លាំង ដែល​គេត្រូវ​ប្រឈម​នៅក្នុង​គ្រប់វិស័យ តាំង​ពី​យោធា សេដ្ឋកិច្ច រហូត​ដល់​បច្ចេកវិទ្យា។ 

អគ្គលេខាធិការអង្គការ​អូតង់ លោកJens Stoltenberg បើកជំនួបកំពូល​អូតង់​នៅWatfordជាយក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី ៤ធ្នូ ២០១៩
អគ្គលេខាធិការអង្គការ​អូតង់ លោកJens Stoltenberg បើកជំនួបកំពូល​អូតង់​នៅWatfordជាយក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី ៤ធ្នូ ២០១៩ ©Ludovic Marin/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធអាត្លង់ទិក​អូតង់ ដែល​ត្រូវ​បាន​បង្កើតឡើងកាលពី​៧០ឆ្នាំមុន​ដើម្បី​ប្រឈម​ទប់ទល់​នឹង​ការគំរាមកំហែង ឥទ្ធិពល​របស់​សហភាព​សូវៀត បាន​បែរ​ចំណាប់អារម្មណ៍ សំដៅ​ប្រទេស​ចិន​វិញ​ម្តង។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃ​ពុធ ក្រុមប្រទេស​សមាជិក​អូតង់​ទាំង​២៩​បាន​ទទួល​ស្គាល់​ជា​លើកទី ១ ថា មហាអំណាច​ចិន កំពុង​ពង្រីក​ឥទ្ធិពល ដែល​បក្សសម្ព័ន្ធ​អូតង់​ត្រូវរួមគ្នាដោះស្រាយ។

តាំង​ពី​ថ្ងៃ​អង្គារ អគ្គលេខាធិការ​អង្គការ​អូតង់ លោក Jens Stoltenberg បាន​រំលឹក​និយាយ​ពី​ប្រទេស​ចិន ដែល​រង​ការចោទ​ប្រកាន់​ថា បាន​បើកការវាយប្រហារ​តាម​អ៊ីនធ័រនែត ប្រឆាំង​ប្រទេស​នៅអឺរ៉ុប ធ្វើការចារកម្ម​ឧស្សាហកម្ម ដែល​នេះ​គឺ​ជាគ្រោះថ្នាក់​សម្រាប់​សន្តិសុខ​របស់​ប្រទេស​សមាជិក​អូតង់។

តាម​អគ្គលេខាធិការ​អូតង់ នៅក្នុង​ពេលខាងមុខ ប្រទេស​ចិន​នឹង​ក្លាយ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច។ ប៉ុន្តែ នៅពេលនេះ ចិន​បាន​​ក្លាយ​ជា​ប្រទេស​ធំទី២ នៅក្នុង​ពិភពលោក បន្ទាប់ពី​អាមេរិក ក្នុង​នាមជាប្រទេស​ដែល​ចំណាយ​ថវិកា​ច្រើនបំផុត សម្រាប់​កងទ័ព។ នៅក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយនេះ ចិន​បាន​បន្ថែម​ចំនួន​នាវាចម្បាំង និង​នាវាមុជទឹក ៨០​គ្រឿង ដល់​កងទ័ព​ជើងទឹក​របស់ខ្លួន ដែល​ស្មើ​នឹង​ចំនួន​ដែល​ប្រទេស​អង់គ្លេស​កំពុងមាន។ ព្យុហយាត្រា​នៅក្នុង​ខួប​កងទ័ពជាតិ​ចិន​កន្លងមក​បានបង្ហាញថា ចន មាន​មីស៊ីល​ចម្ងាយមធ្យម ដែល​អាច​រំលោភ​សន្ធិសញ្ញា​អន្តរជាតិ មាន​មីស៊ីល​អន្តរទ្វីប​ដែលអាច​បាញ់​ដល់ទឹកដី​អាមេរិក និង​អឺរ៉ុប។ សម្រាប់ ប្រមុខ​អូតង់​អំណាច ឥទ្ធិពល​របស់​ចិន មាន​លើស​កម្លាំងយោធា ព្រោះ​ចិន​បានក្លាយ​ជា​ប្រទេស​នាំមុខគេ​ខាងអភិវឌ្ឍ​បច្ចេកវិទ្យា ដែលមានតាំង​ពី​ប្រព័ន្ធទូរស័ព្ទ5G របស់​ក្រុមហ៊ុន​Huawei និង​ម៉ាស៊ីន​សម្រាប់​ស្តុកទុក​ទិន្នន័យ​ក្នុង​ពិភពលោក។

ប្រតិកម្ម​តប​នឹង​សេចក្តីថ្លែងការណ៍​រួម​របស់​អូតង់ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន នៅថ្ងៃ​ម្សិលមិញ បាន​និយាយ​ធានា​ថា មហាអំណាច​ចិន​ដែល​កើនឡើង ជា​មហាអំណាច​សន្តិភាព។ ដោយ​មិន​និយាយ​ដល់​សហរដ្ឋអាមេរិក អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន​បាន​វាយតម្លៃ​ថា គឺនយោបាយ​ឯកតោភាគី ការបំផិតបំភ័យ ដែល​គំរាមកំហែង​ពិភពលោក។ “សូម្បី សម្ព័ន្ធមិត្ត​របស់អាមេរិកក៏​រងគ្រោះ​ដោយសារ​នយោបាយ​ឯកតោភាគី​នេះដែរ”។

សម្រាប់​រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក Mark Esper មាន​ប្រទេស​អឺរ៉ុប​កាន់តែ​ច្រើន​ដែល​យល់​ថា ការពង្រីក​វិស័យយោធា​របស់​ចិន គឺជា​ការប្រឈមមួយ​ធំ។ ចិន​ជា​មាន​យុទ្ធសាស្រ្ត​យោធា​ដែល​អាច​គ្រោះថ្នាក់​ដល់​ប្រទេស​សមាជិក​សម្ព័ន្ធមិត្ត​អូតង់ ប៉ុន្តែ នេះ​មិនមែន​មានន័យថា ចិន​ឥលូវនេះ ជាសត្រូវ​របស់អូតង់​នោះទេ។ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​ចង់​ឲ្យ​សម្ព័ន្ធអូតង់​ត្រូវ​គិតគូរ​ពីបញ្ហា​នេះ និង​ត្រូវ​រៀបចំ​ខ្លួនទប់ទល់ ក្នុង​ករណី​ដែល​គេ​លែង​គិត​ដូចមុនថា ចិន​មិនមែន​ជា​សត្រូវ​របស់​អូតង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ