អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាកាសធាតុ ៖ ហ្កាស ជា​ថាមពល​អន្តរកាល ឬជា​ដំណោះស្រាយ​ខុសឆ្គង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សហប្រជាជាតិ​កំពុង​រៀប​ចំ​ធ្វើ​ សន្និសីទអន្តរជាតិ​ លើកទី​២៥ នៅទីក្រុង​ម៉ាឌ្រីត​ ប្រទេស​អេស្ប៉ាញ​ តាំង​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃទី ១៣ ធ្នូ ដើម្បី​រក​ដំណោះស្រាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ហៅកាត់​ថា អាអ៊ីអឺអា បាន​ស្នើ​ឱ្យ​ពិភពលោក​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ ជំនួស​ថាមពល​ធ្យូង​ថ្ម ដែល​ជាប់​ឈ្មោះ​ល្បី​​ខាង​បំពុល​បរិយាកាស​ខ្លាំង។ តើ​សំណើ​នេះ​សម​ហេតុផល​ទេ ? តើ​ឧស្ម័ន​ធម្មជាតិ​ហ្កាស​ ពិត​ជា​អាច​ដើរ​តួនាទី​ជា​ប្រភពផ្តល់​ថាមពល​​ក្នុង​ពេល​អន្តរកាលអាកាសធាតុ​មែន​ឬយ៉ាងណា ?

អណ្តាត​ភ្លើង​ឧស្ម័ន​ធម្មជាតិ​ នៃ​រោងចក្រ​បូម​ហ្កាសមួយ​របស់​កាណាដា
អណ្តាត​ភ្លើង​ឧស្ម័ន​ធម្មជាតិ​ នៃ​រោងចក្រ​បូម​ហ្កាសមួយ​របស់​កាណាដា Don Mason
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ភ្នាក់ងារ​ថាមពល​បរមាណូ​AIEA ទើប​បាន​លើក​សំណើ​មួយ​ទាក់​ទង​នឹង​អនាគត​ថាមពល​ដែល​ពិភពលោក​គួរ​ប្រើ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ។ នោះ​គឺ​ថាមពល​ឧស្ម័ន​ធម្មជាតិ ឬ​ហ្កាសរាវ (GNL)។ បើ​តាម​ភ្នាក់ងារ ​ការ​ប្រើ​ប្រាស់​ឧស្ម័ន​ធម្មជាតិ​នេះ ឆ្លើយ​តប​បាន​ទាំង​ស្រុង​ទៅ​នឹង​​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១៥។

AIEA បាន​ពន្យល់​ថា ដើម្បី​អភិវឌ្ឍ​ថាមពល​មិន​ចេះ​រីងស្ងួត សេចក្តី ត្រូវ​ការ​ផ្នែក​ថាមពលបាន​មក​ពី​​​ប្រេង និង​ធ្យូងថ្ម​ ត្រូវ​បញ្ចុះ​ឱ្យ​បាន​លឿន​បំផុត តែ​ត្រូវ​បង្កើន​ការ​ប្រើប្រាស់​​ថាមពល​បាន​មក​ពី​ឧស្ម័ន​ធម្មជាតិ​រាវ​ ១០% រហូត​ដល់​ចុង​ឆ្នាំ​២០២០។ សំណើ​សុំ​ឱ្យ​ងាក​មក​ប្រើ​ឧស្ម័ន​ធម្មជាតិ ជំនួស​ធ្យូងថ្ម មក​ពី​ប្រភព​ថាមពល​មួយ​នេះ មាន​សម្បូរ​បែប​ខ្លាំង​និង​មាន​តម្លៃ​ថោក​ណាស់​នៅលើទីផ្សារ។ ឯ​ថាមពល​ធ្យូងថ្ម ដែល​មាន​ប្រើ​យ៉ាង​ទូលំទូលាយ​បំផុត នៅ​លើ​ពិភពលោក និង​ជាពិសេស​នៅ​តំបន់​អាស៊ី​ ដើម្បី​ទាញ​យក​ថាមពល​អគ្គិសនីពុល​ណាស់​សម្រាប់​​បរិយាកាស​។ ម្យ៉ាង​វិញ​ទៀត​ ថាមពល​ហ្កាស​អាច​ប្រើ​សម្រាប់​ម៉ាស៊ីន​នាវា​​ជំនួស​ប្រេង​ម៉ាហ្សូត​បាន​ទៀត។

ឧស្ម័ន​ធម្មជាតិ ជា​ថាមពល​ចំហេះ​មួយ​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក អាស្សូត នៅ​ពេល​ដុត​ ប៉ុន្តែ​ក្នុង​កំរិត​តិច​ជាង​ថាមពល​ប្រេង ដល់​ទៅ ៣០% និង​តិច​ជាង​ជិត​ពាក់​កណ្តាល​បើ​ប្រៀប​ទៅ​នឹង​ធ្យូង​ថ្ម។ ដូច្នេះ​ហ្កាស​ មិន​សូវ​ធ្វើ​ឱ្យ​ខ្យល់​បរិយាកាស​ខូច​គុណភាព​ទេ។ បទ​ពិសោធន៍​ត្រូវ​បានគេ​មើល​ឃើញ​យ៉ាង​ជាក់ស្តែង​នៅ​ប្រទេស​ចិន។ ការ​ប្តូរ​មក​ប្រើ​ថាមពល​ហ្កាស​​​ជំនួស​ធ្យូងថ្ម បាន​ធ្វើ​ឱ្យ​​គុណភាព​ខ្យល់​​នៅភាគ​ខាង​ជើង​ប្រទេស ល្អ​ប្រសើរ​ឡើង​ខ្លាំង ​សម្រាប់​​សុខភាព​សាធារណៈ។

សរុប​ដោយ​ខ្លី​ទៅ សម្រាប់​អ្នក​គាំទ្រ​ប្រភព​គម្រោង​​នេះ ហ្កាស​ជា​ ថាមពល​អន្តរកាល​។ ក្រុមហ៊ុន​ប្រេង​ធំៗ​របស់​អឺរ៉ុប ដូច​ជា​តូតាល់ ស្ហែល ​ជា​ច្រើន បាន​បូម​ផលិត​កាន់​តែ​ច្រើនឡើងៗ និង​បានដាក់​គម្រោង​សម្រាប់​រយៈ​ពេល​រាប់​ទសវត្សរ៍​ឯណោះ។

​​ឧស្ម័ន​ធម្មជាតិ​រាវ​ និង​ហ្កាស ​អាច​ប្រសើរ​ជាង​ប្រេង​និង​ធ្យូង​ថ្ម ប៉ុន្តែ តើ​វា​ល្អ​ប៉ុនណា និង​គ្រប់គ្រាន់​សម្រាប់​ចូល​រួម​ចំណែក​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ ?

ទេ ! ពី​អង្គ​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​ម៉ាឌ្រីដ ថ្ងៃ​ពុធនេះ អង្គការ​សហប្រជាជាតិ​បាន​​ព្រមាន​ជា​ថ្មី​ថា ​ឧស្ម័នកាបូនិក​​​បញ្ចេញដោយ​ថាមពល​ចំហេះ​ មិន​បាន​ចុះ​ថយ​ទេនៅ​ឆ្នាំ​២០១៩។ ទោះ​បី​ការ​ប្រើប្រាស់​ថាមពល​ធ្យូងថ្ម​ចុះ​ថយ​ តាម​រយៈ​ការ​​ជំនួស​មក​វិញ ដោយ​ថាមពលប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ក៏​ដោយ​ ក៏​CO2 នៅ​តែ​បន្ត​ការ​កើន​ឡើង​​ក្នុង​បរិយាកាស​​ដដែល ក្នុង​កំរិត​០,៦%។

តាមការ​ពិត ឧស្សាហកម្ម​បូម​ឧស្ម័ន​ ក៏​មាន​ចំណែក​ខ្ពស់​ក្នុង​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃភព​ផែន​ដី តាំង​ពី​ក្នុង​ដំណាក់កាល​ខួង​ដំបូង​ភ្លាម​ម៉្លេះ។ នៅពេល​ខួង​ទាញ​យកឧស្ម័ន​ ជាតិ​មេតាន​បាន​ធ្លាយ​មក​ជាមួយ​ដែរ​ក្នុង​បរិមាណ​ដ៏​ច្រើន​លើសលុប។ ហើយ​មេតាន​នេះ ជា​ប្រភព​បង្ក​ឱ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់​ជាង​ឧស្ម័នពុល​កាបូនិក ដល់​ទៅ​៣០​ដង ព្រោះ​មេតាន​ឆាប់​ក្តៅ​ជាង​CO2ខ្លាំង​ណាស់។ អ្នក​ផលិត​ថាមពល​​ចេញ​ពី​ឧស្ម័ន​ធម្មជាតិ តែង​មើល​សា្រល​ការ​បញ្ចេញ​ជាតិ​​មេតានណាស់។ ឧស្ម័ន​បញ្ចេញ​ផ្សែង​ពុល​ក្នុង​បរិយាកាស​ មិន​ចាញ់​ប្រភព​ថាមពល​ចំហេះ​ផ្សេង​ទៀត​ទេ។ មុន​បាន​ក្លាយ​ជា​ឧស្ម័ន​រាវ​ធម្មជាតិ​អាច​យក​មក​ប្រើ​បាន​ គេ​ត្រូវ​ឆ្លងកាត់​ការ​ចម្រាញ់​ជា​ច្រើន​ដំណាក់កាល ដែល​​បន្សល់​ទុក​នូវ​ស្នាម​កាបូន​យ៉ាង​ច្រើន។ នេះ​ជា​បើ​តាម​ការ​បរិហារ​របស់​តំណាង​អង្គការ​មិត្ត​សម្លាញ់​ផែនដី ដោយ​អះអាង​ថា នាំ​ឧស្ម័ន​GNL ទៅ​ទីផ្សារ​អាស៊ី​ដើម្បី​ជំនួស​ធ្យូងថ្ម មិន​អាច​ប្រឈម​នឹង​វិបត្តិ​អាកាសធាតុ​ដ៏ធ្ងន់ធ្ងរ​ដំណាក់​កាល​នេះ​ទេ។ សម្រាប់​អង្គការ​ មធ្យោបាយ​មាន​តែ​មួយ​ គឺ​ត្រូវ​នាំ​គ្នា​កាត់​បន្ថយ​ការ​សេចក្តីត្រូវការ​ផ្នែក​ថាមពល​។

អង្គការ​ការពារ​បរិស្ថាន Global Witness វិញ​យល់​ថា សំណើរ​បស់​ភ្នាក់ងារ​ថាមពល​បរមាណូ លើក​សំណើ​ដ៏​អាក្រក់។ ភ្នាក់ងារ​គួរ​តែ​រំដោះ​ខ្លួន​ចេញ​ពី​​ឥទ្ធិពលរបស់​ក្រុម​ឧស្សាហកម្ម​ចំហេះ​និងក្រុមប្រទេស​ដែល​មិន​ទទួល​​ស្គាល់​​ភាព​បន្ទាន់​នៃ​វិបត្តិ​អាកាសធាតុ ដូច​យ៉ាង​សហរដ្ឋ​អាមេរិក។ ដើម្បី​បញ្ជាក់​អំពីភាព​មិន​ជាក់លាក់​នៃ​ឧស្ម័ន​ធម្មជាតិ​ចំពោះ​បរិស្ថាន ធនាគារវិនិយោគ​​អឺរ៉ុប​​ទើប​បាន​ប្រកាស​​បញ្ឈប់​រាល់​ការ​ផ្តល់​ហិរញ្ញវត្ថុ​លើ​រាល់​គ្រប់​គម្រោង​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ថាមពល​ចំហេះ រាប់​ទាំង​ហ្កាស​មួយ​ផង ចាប់​ពី​ឆ្នាំ​២០២២​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ