ចិន ដណ្តើមចំណាត់ថ្នាក់លេខ១ពីសិង្ហបុរី ក្នុងនាមប្រទេសដែលមានប្រព័ន្ធសិក្សាអប់រំមានប្រសិទ្ធិភាពខ្ពស់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៣
តាមរបាយការណ៍សិក្សាPisa របស់អង្គការកិច្ចហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច OCDE អាស៊ី និងជាពិសេស ប្រទេសចិនតែម្តង បានជាប់ចំណាត់ថ្នាក់នាំមុខគេ ខាងមានប្រព័ន្ធអប់រំល្អ ក្នុងមុខវិជ្ជា វិទ្យាសាស្រ្ត គណិតវិទ្យា និងការអានសរសេរ។ អ្វីដែលគួរឲ្យកត់សំគាល់ខ្លាំងជាងគេនៅក្នុងរបាយការណ៍សិក្សា ឆ្នាំ ២០១៩ របស់ OCDE គឺសិង្ហបុរីបានថ្នាក់ចំណាត់ថ្នាក់របស់ខ្លួន ពីលេខ ១ មកនៅលេខ២ នៅក្រោយប្រទេសចិន។
របាយការណ៍សិក្សា ដែលអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច OCDE បានចេញផ្សាយនៅថ្ងៃ អង្គារនេះ បានបង្ហាញថាអាស៊ី ជាពិសេស ប្រទេសចិន បានទទួលចំណាត់ថ្នាក់ល្អ នាំមុខគេ ខាងមានសិស្សពូកែ គណិតវិទ្យា វិទ្យាសាស្រ្ត ហើយនិងការអាន សរសេរ។
វាមិនមែន ជារឿងថ្មី រឿងចម្លែក ទេ ដែលប្រទេសអាស៊ី មានចំណាត់ថ្នាក់នាំមុខ នៅក្នុងការវាយតម្លៃលើផ្នែកអប់រំរបស់អង្គការ OCDE។ ប្រទេសសិង្ហបុរី និងក្រុមប្រទេសអាស៊ី ធ្លាប់បាននាំមុខគេ នៅក្នុងការសិក្សាតាមដានរបស់ OCDE អស់ជាច្រើនឆ្នាំមកហើយ។ និន្នាការនេះនៅតែមាននៅក្នុងរបាយការណ៍របស់ OCDEនៅក្នុងការវាយតម្លៃសម្រាប់ឆ្នាំ ២០១៨។ ជាក់ស្តែង នៅក្នុងចំណោមប្រទេស១០ដែលជាប់មានចំណាត់ថ្នាក់ ល្អជាងគេ មានប្រទេស ៧មកពីអាស៊ី ហើយប្រទេសអាស៊ី ចំនួន៥ សុទ្ធតែមានចំណាត់ថ្នាក់ល្អ នាំមុខ ដូចជា ចិនជាប់ចំណាត់ថ្នាក់លេខ ១ បន្ទាប់មក គឺសិង្ហបុរី ចំណែក ម៉ាកាវជាប់ចំណាត់ថ្នាក់ទី ៣ ទី ៤គឺហុងកុង ជាដើម ចំណែកទី ៥ គឺប្រទេសអេស្តូនី និងទី ៦ គឺប្រទេសកាណាដា។
សូមអាន៖ សឹង្ហបុរី៖ ក្មេងសិស្សសាលាមានចំណេះដឹងខ្ពស់ តែក៏ប្រឈមខ្លាំងនឹងជំងឺផ្លូវចិត្ត
របាយការណ៍របស់អង្គការ OCDEចេញផ្សាយនៅថ្ងៃអង្គារ គឺផ្តោតទៅលើលទ្ធផលនៃការធ្វើតេស្តកម្មវិធីអន្តរជាតិ ដើម្បីតាមដានចំណេះដឹងរបស់សិស្ស ដែលអង្គការ OCDE បានបើកធ្វើឡើង នៅក្នុងប្រទេស ចំនួន ៧៩ កាលពីខែ ឧសភា ឆ្នាំ មុន។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០០ មក និងជារៀងរាល់ ៣ឆ្នាំម្តង អង្គការ OCDEតែងតែ ធ្វើការសិក្សា វាយតម្លៃទៅលើចំណេះដឹង និងសមត្ថភាពរបស់សិស្សអាយុ ១៥ឆ្នាំ លើផ្នែកវិទ្យាសាស្ត្រ គណិតវិទ្យា និងការអាន។
ប្រទេសនៅអឺរ៉ុបបានថយពិន្ទុច្រើន ដូចជាប្រទេសហ្វាំងឡង់ ដែលធ្លាប់ចំណាត់ថ្នាក់ លេខ ១ នៅឆ្នាំ ២០០០ បែរជាលែងមានមុខនៅក្នុងចំណាត់ថ្នាក់ល្អរបស់ OCDEទៀតហើយ។ បារាំងវិញ ជាប់ចំណាត់ថ្នាក់ លើសមធ្យមបន្តិច គឺជាប់លេខ២៣ ក្រោយប្រទេសបែលហ្ស៊ិក អាមេរិក និងអង់គ្លេស ប៉ុន្តែ នៅមុខប្រទេសស្វ៊ីស។
ចិនមិនធ្លាប់មានមុខក្នុងចំណាត់ថ្នាក់ប្រទេសទាំង ១០ដែលមានពិន្ទុល្អ របស់អង្គការOCDE កាលពីមុនទេ ប៉ុន្តែ ជាប់ចំណាត់ថ្នាក់ លេខ១ របស់OCDE ឆ្នាំ ២០១៨
ប្រទេសចិន ជាប់លេខ១ នៅក្នុងចំណាត់ថ្នាក់របស់អង្គការ OCDE ព្រោះថា ខេត្តទីក្រុងធំៗរបស់ចិន ដូចជា ប៉េកាំង សៀងហៃ ជៀងស៊ុ និងជេជាំង ដែលចូលប្រលង តំណាងប្រទេសចិន លើកនេះ គឺសុទ្ធតែជាខេត្ត ទីក្រុង ដែលមានស្ថានភាពសេដ្ឋកិច្ច ល្អ ហើយ ការសិក្សាអប់រំទៀត ត្រូវគេចាត់ទុកជាអាទិភាពចំបង។ តាមការវាយតម្លៃរបស់អគ្គលេខាធិការរបស់អង្គការ OCDE អាជ្ញាធរចិន នៅទីក្រុង ខេត្តទាំង៤ដែលមានកម្រិតសេដ្ឋកិច្ចខ្ពស់ បានចំណាយ ថវិកា សម្រាប់កម្មវិធីអប់រំ ជាពិសេស ដើម្បីជំរុញ និងពង្រឹងគុណភាព សមត្ថភាពរបស់សិស្សសាលា។
តាមការវាយតម្លៃរបស់អ្នកជំនាញ ខាងផ្នែកអប់រំរបស់អង្គការ OCDE នៅក្នុងប្រទេសអាស៊ី ភាគច្រើន ការសិក្សាអប់រំកុមារ ត្រូវបានគេចាត់ទុកជាបញ្ហាអាទិភាព។ ឧទាហរណ៍ នៅសិង្ហបុរី ដែលធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ កាលពី៣ឆ្នាំមុខ គ្រូបង្រៀនត្រូវបានឆ្លងកាត់ការវាយតម្លៃ ជាទៀងទាត់ ឆ្លងកាត់ការបណ្តុះបណ្តាលដំបូង យ៉ាងស៊ីជម្រៅ និងជឿនលឿនបំផុត។ នៅប្រទេសដែលមានចំណាត់ថ្នាក់ពិន្ទុល្អ គេបានសម្រេចចិត្តវិនិយោគលើស្ថាប័នអប់រំ ដែលជួបការលំបាក។ នៅប្រទេសកូរ៉េខាងត្បូង ដែលជាប់ចំណាត់ថ្នាក់ល្អដែរនោះ គ្រូបង្រៀនត្រូវបានគេឲ្យតម្លៃខ្ពស់ ចំណែកប្រាក់ខែរបស់គ្រូបង្រៀនទៀតសោត គឺខ្ពស់ គួរឲ្យទាក់ទាញមែនទែន។
តើចំណាត់ថ្នាក់របស់អង្គការOCDE មានប្រយោជន៍អ្វី?
នៅពេលអង្គការOCDE ចាប់ផ្តើមកម្មវិធីអន្តរជាតិដើម្បីតាមដានចំណេះដឹងសិស្ស ហៅកាត់ថា Pisaដំបូង នៅឆ្នាំ ២០០០ មានប្រទេសជាច្រើន ជាពិសេសនៅអឺរ៉ុបតែម្តង បានប្រតិកម្មប្រឆាំង ដោយសារគេគិតថា តេស្តរបស់ OCDEនឹងអាចបន្ថោក បញ្ចុះតម្លៃគុណកម្មវិធី អប់រំថ្នាក់ជាតិ។ ប៉ុន្តែ បន្តិចម្តងៗ លទ្ធផលតេស្ត របស់ OCDE ត្រូវបានគេប្រើធ្វើជា ចំណុចគោល ដើម្បី ឲ្យគ្រប់ប្រទេសក្នុងពិភពលោក អាចយកប្រើដើម្បី ពិចារណា ឡើងវិញ ពី នយោបាយ កម្មវិធីអប់រំដែលគេត្រូវកែលម្អឡើងវិញ ឬជំរុញបន្ថែម ដើម្បី ពង្រឹងសមត្ថភាពសិស្សឲ្យឆ្លើយតបនឹងការវិវឌ្ឍសង្គម។
ចំនួនសិស្សដែលចូលចិត្តអាន នៅតែមានតិច
របាយការណ៍របស់ OCDE ឆ្នាំ ២០១៨ ដែលផ្តោតសំខាន់ ទៅលើ ការអាន និងការសរសេរ របស់សិស្សសាលា បានទាញសញ្ញាអាសន្នដែលថា ការអានរបស់សិស្សសាលា នៅតែមិនរីកចម្រើនទាល់តែសោះ តាំងពីឆ្នាំ ២០០០។ អ្វីដែលជាបញ្ហាប្រឈមខ្លាំងសព្វថ្ងៃនេះ ទៀត គឺ ជាមួយនឹងការរីកចម្រើន ផ្នែកព័ត៌មានវិទ្យា អ៊ីនធ័រនែត ចំនួនសិស្សដែលអាន បានថយចុះចំនួន។ ម្យ៉ាងទៀត ពួកគេអានភាគច្រើន តែនៅលើស្មាតហ្វូន ទូរស័ព្ទ ប៉ុន្តែ មិនមែនជាសៀវភៅ ឯកសារដូចមុនទេ។
ខុសពីមុន ដែលសិស្សអានតែលើឯកសារ កម្មវិធីរៀនសូត្រដែលរដ្ឋាភិបាល សម្រេចថ្នាក់ជាតិ យុវសិស្សឥលូវអានច្រើនឯកសារ លើអ៊ីនធ័រនែត ដែលចេញមកពីច្រើនប្រភព ពោល គឺសំបូរច្រើន ដោយព័ត៌មានពិត ផង និងមិនពិតផង។ នេះហើយជាគ្រោះថ្នាក់ និងដែលទាំងអាជ្ញាធរ គ្រូបង្រៀន ឪពុកម្តាយ ត្រូវប្រុងប្រយ័ត្ន ដោយត្រូវចាំជួយ កែតម្រង់យុវជនគ្រប់ពេលវេលា ដើម្បីកុំឲ្យពួកគេយល់ ដើរផ្លូវខុស ដោយសារតែទទួលព័ត៌មានក្លែងក្លាយ។
ចំណុចមួយទៀត ដែលអង្គការ OCDE ចង់ទាញសញ្ញាអាសន្នដែរ គឺសិស្សសាលាមកពីគ្រួសារក្រីក្រ មិនចង់បន្តរៀនទៅសាលាជាន់ខ្ពស់ នោះបើទោះបីជាពួកគេមានពិន្ទុល្អ នៅក្នុងការប្រលងធ្វើតេស្តរបស់ OCDE។ OCDE បានបង្ហាញសាជាថ្មី គំលាតក្នុងការអប់រំ រវាងក្មេងដែលមកពីគ្រួសារមានជីវភាពល្អប្រសើរ និងក្មេងដែលមកពីគ្រួសារមានជីវភាពមធ្យម។ ដូចមុនៗ ក្មេងមកពីគ្រួសារក្រីក្រ នៅតែបានទទួលការអប់រំ មានកំណត់ មិនសូវមានគុណភាព។ អង្គការ OCDEបានអំពាវនាវឲ្យរដ្ឋាភិបាលបន្ថែម ការយកចិត្តទុកដាក់ វិនិយោគបន្ថែមទៅលើការអប់រំ សម្រាប់ក្មេងមកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្មេងៗនៅតំបន់ក្រីក្រ ដើម្បីធានាការអប់រំស្មើភាព ហើយនិងដើម្បីអាចបានកម្លាំងបន្ថែម សម្រាប់ជំរុញសេដ្ឋកិច្ច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ