អានតួអត្ថបទ
អូស្រ្តាលី-ចិន

អូស្រា្តលីបង្កើតក្រុមការងារមួយដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកបរទេសចូលកិច្ចការផ្ទៃក្នុងអូស្រា្តលី

នៅ​ថ្ងៃ​ចន្ទ ទី២ ធ្នូ រដ្ឋាភិបាល​ប្រទេស​អូស្រា្តលី​បាន​ប្រកាស​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​លូកដៃ​ចូល​ជ្រៀតជ្រែត​ពី​បរទេស។ ការ​ប្រកាស​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​មួយ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ការចោទ​ប្រកាន់​នៃ​ប្រតិបត្តិការ​ចារកម្ម​ដឹកនាំ​ដោយ​ប្រទេស​ចិន​នៅ​ក្នុង​ទឹកដី​អូស្រា្តលី​កំពុង​មាន​កាន់​ច្រើន។ នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក Scott Morrison បាន​លំអិត​ថា បេសកកម្ម​របស់​ក្រុម​ការងារ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​គ្រប់​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​ទាំង​អស់។

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison Wallace Woon/Pool via REUTERS/File Photo
ផ្សាយពាណិជ្ជកម្ម

លោក Scott Morrison បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង Canberra។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន លោក Morrison គ្រាន់​បាន​លើក​ឡើង​ពី​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​របស់​បរទេស​ដែល​មាន​មក​ពី​គ្រប់​ប្រភព​ខុស​គ្នា និង​ដែល​ការ​គំរាមកំហែង​នោះ​មាន​ការ​វិវឌ្ឍន៍។ លោក Morrison បាន​បន្ថែម​ថា ចំណុច​ថ្មី​មួយ​នៅ​ក្នុង​បេសកកម្ម​របស់​ក្រុម​ការងារ​មួយ​នេះ គឺ​ការ​រួម​សហការណ៍​រវាង​ស្ថាប័ន​ប៉ូលីស និង​គ្រប់​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​ទាំង​អស់​ដើម្បី​ទប់​នឹង​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ និង​ដើម្បី​វែក​អត្តសញ្ញាណ​ក្នុង​គោលដៅ​ប្តឹង​ទៅ​តុលាការ ឬ​បណ្តេញ​ភ្នាក់ងារ​បរទេស​ទាំង​នោះ​ចេញ​ពី​ទឹកដី​អូស្រា្តលី។

ការ​ប្រកាស​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​មួយ​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​លូកដៃ​ពី​បរទេស​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​សប្តាហ៍​ក្រោយ​ពី​មាន​ព័ត៌មាន​ធ្លាយ​ចេញ​ពី​លោក​វ៉ង លីជាំង​ដែល​បាន​តាំង​ខ្លួន​ជា​អតីត​ចារកិច្ច​ចិន​ផ្តាច់ខ្លួន​ម្នាក់​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​អូស្រា្តលី។ លោក​វ៉ង លីជាំង​បាន​រៀបរាប់​ប្រាប់​បណ្តាញ​សារព័ត៌មាន​អូស្រា្តលី និង​អង្គភាព​ប្រឆាំង​ចារកម្ម​អូស្ត្រាលី​ពី​អត្តសញ្ញាណ និង​របៀប​ធ្វើ​ប្រតិបត្តិការ​របស់​ក្រុម​មន្រ្តីស៊ើបការណ៍​សម្ងាត់​ជាន់​ខ្ពស់​ចិន​ដើម្បី​ជ្រៀតជ្រែក និង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ទឹកដី​អូស្ត្រាលី។ នៅ​មុន​លោក​វ៉ង លីជាំង អតីត​ប្រធាន​អង្គភាព​ប្រឆាំង​ចារកម្ម​អូស្ត្រាលី​លោក Duncan Lewis ដែល​ទើប​លា​ចុះ​ពី​តំណែង​ក្នុង​ខែ​កញ្ញា​បាន​ចោទ​ចិន​ពី​បទ​ចង់​គ្រប់គ្រង​នយោបាយ​អូស្រា្តលី​តាម​រយៈ « ចារកម្ម និង​ជ្រៀតជ្រែក »។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ រដ្ឋអំណាច​អូស្រា្តលី​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ព័ត៌មាន​ដែល​ថា ចិន​ប្រហែល​ជា​បាន​ព្យាយាម​ប្រើ​ទឹកលុយ​ទាក់ទង​អ្នកជំនួញ​អូស្ត្រាលី ដើមកំណើត​ចិន​ម្នាក់ ឈ្មោះ Bo Nick Zhao ដើម្បី​ជួយ​រូប​គេ​ឲ្យ​អាច​ជាប់ឆ្នោត​ជា​សមាជិក​សភា​អូស្ត្រាលី។ តែ​បើ​តាម​មើល​ទៅ លោក Bo Nick Zhao ដែល​ជា​អ្នកជំនួញ​រថយន្ត​ទំនើប និង​ជា​សមាជិក​គណបក្ស​សេរី​របស់​លោក Morrison ប្រហែល​ជា​បាន​បដិសេធ​នឹង​សំណើ​របស់​ចិន។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Morrison បាន​ចាត់​ទុក​រឿងរ៉ាវ​មួយ​នេះ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ពន់ពេក។ ចំណែក​ចិន​វិញ ក្រុង​ប៉េកាំង​បាន​លើក​ឡើង​ពី​ការ​ភូតកុហក លាភព័ណ៌ និង​បាន​ចោទ​អ្នក​នយោបាយ​អូស្រា្តលី អង្គការ និង​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​នៅ​អូស្ត្រាលី​ពី​បទ​ក្លែងបន្លំ​រឿង​ចារកម្មចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ