អសប៖ ចំនួនអ្នកស្លាប់ដោយសារជម្ងឺអេដស៍បានថយចុះ ប៉ុន្តែ ករណីឆ្លងថ្មីនៅតែមានច្រើន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥០
ថ្ងៃអាទិត្យទី ១ធ្នូ ជាទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីជម្ងឺអេដស៍ ដែលហៅកាត់ជាភាសាបារាំង ONUSIDA មនុស្សជិត ៣៨លាននាក់ មានផ្ទុកមេរោគអេដស៍ នៅទូទាំងពិភពលោក នៅឆ្នាំ២០១៨។ នៅពេលទិវាប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ផ្តោតសំខាន់ទៅលើការវិវឌ្ឍនៃជម្ងឺ និងសារៈសំខាន់នៃការការពារ បង្ការកុំឲ្យឆ្លងមេរោគអេដស៍ ស្ថាប័នរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ផងដែរពីការតួនាទីដ៏សំខាន់របស់សហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍។
តាមតួលេខរបស់អង្គការសហប្រជាជាតិ ស្តីពីជម្ងឺអេដស៍ ONUSIDA អ្នកមានមេរោគអេដស៍ មានចំនួន ជិត ៣៨លាននាក់ (៣៧,៩លាន) គឺកើនឡើង បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដែលមានប្រមាណ ជិត ៣៧លាននាក់ (៣៦,៩លាននាក់)។ ចំនួនអ្នកមានមេរោគអេដស៍ កើនឡើងបន្តិច ដោយសារថា ចំនួនអ្នកស្លាប់ដោយសារមេរោគអេដស៍បានថយចុះ ប៉ុន្តែ ចំនួនអ្នកដែលឆ្លងមេរោគអេដស៍ថ្មី គឺនៅតែកើនឡើងដដែល ប្រមាណ ១លាន ៧សែននាក់ នៅឆ្នាំ ២០១៨។ ជាក់ស្តែង អត្រាអ្នកស្លាប់បានថយចុះ មកនៅ ត្រឹម ជាង ៧សែននាក់ នៅឆ្នាំ ២០១៨ គឺថយចុះប្រមាណ ២សែននាក់ បើធៀបនឹងឆ្នាំ ២០១៧។ ចំនួនអ្នកស្លាប់ដោយសារជម្ងឺអេដស៍ បានថយចុះ គឺគេត្រូវអរគុណ ដល់ប្រសិទ្ធិភាពរបស់ថ្នាំពន្យារជីវិត។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីជម្ងឺអេដស៍ ចំនួនអ្នកជម្ងឺដែលបានប្រើប្រាស់ថ្នាំពន្យារជីវិតបានកើនឡើង គួរឲ្យកត់សំគាល់ ក្នុងរង្វង់ ២៤លាននាក់ គិតមកត្រឹមពាក់កណ្តាលឆ្នាំនេះ។ មានន័យថា ចំនួនអ្នកជម្ងឺអេដស៍ ដែលបានទទួលប្រើប្រាស់ថ្នាំ ពន្យារជីវិត បានកើនឡើងបន្ថែម ជាង ១លាន២សែននាក់ បើបៀបធៀបនឹងឆ្នាំ ២០១៧។ យ៉ាងណាក៏ដោយ សម្រាប់អ្នកជំនាញ របស់អង្គការសហប្រជាជាតិ ចំនួននេះនៅមិនទាន់គ្រប់គ្រាន់ ដើម្បី អាចឲ្យគេអាចសម្រេចបានតាមកម្មវត្ថុ ឆ្នាំ ២០២០ របស់អង្គការសហប្រជាជាតិ។ គោលដៅរបស់អង្គការសហប្រជាជាតិ គឺចង់ឲ្យចំនួន អ្នកជម្ងឺអេដស៍ដែលអាចទទួលបានថ្នាំពន្យារជីវិត កើនឡើង ដល់ ៣០លាននាក់ នៅឆ្នាំ ២០២០។
ចំនួន អ្នកឆ្លងមេរោគអេដស៍បានកើនឡើងនៅអាស៊ី និងអឺរ៉ុបខាងកើត
តួលេខរបស់ ONUSIDA បានបង្ហាញថា ចំនួនអ្នកឆ្លងថ្មី ដោយមេរោគអេដស៍ ហាក់នៅទ្រឹង ក្នុងរង្វង់ ១លាន ៧សែននាក់ ក្នុងពិភពលោក នៅឆ្នាំ ២០១៨ នោះទោះបីជាគេខិតខំប្រឹងប្រែង ធ្វើយុទ្ធនាការផ្សព្វផ្សាយពីមេរោគអេដស៍ក្តី។ តាមរបាយការណ៍របស់ ONUSIDA ប្រទេស៥០បានស្គាល់អត្រាកំណើនខ្លាំងជាងគេ។
ករណីឆ្លងថ្មី កើនឡើងខ្លាំងនៅអាស៊ី និងនៅបណ្តាប្រទេសអឺរ៉ុបខាងកើត។ ជាក់ស្តែង ៣០ភាគរយនៃករណីឆ្លងថ្មី មាននៅក្នុងតំបន់ទាំងពីរនេះ។ តាមអ្នកតំណាងអង្គការសហប្រជាជាតិ មានហេតុផលច្រើនយ៉ាងដែលធ្វើសន្ទុះអ្នកឆ្លងមេរោគអេដស៍ថ្មី កើនឡើងនៅក្នុងតំបន់ពីរនេះ។ ទី ១ នៅក្នុងតំបន់ទាំងនោះ មេរោគអេដស៍បានផ្ទុះឡើងនៅអំឡុងឆ្នាំ ១៩៩០ គឺចំពេល ដែតំបន់អាស៊ី និងអឺរ៉ុបខាងកើត កំពុងជួបបញ្ហាអ្នកប្រើប្រាស់ថ្នាំញៀន តាមរយៈ ការចាក់បញ្ចូលតាមសេរ៉ាំង។ ទី២ មេរោគអេដស៍បានចាប់រាតត្បាត ខ្លាំង នៅក្នុងពេលដែលរចនាសម្ព័ន្ធសុខភាពរបស់ប្រទេសទាំងនោះនៅទន់ខ្សោយនៅឡើយ។ គ្រូពេទ្យនៅមិនទាន់ បានប្រុងប្រៀបខ្លួន ដើម្បី ទទួលព្យាបាលអ្នកជម្ងឺ នៅពេលមនុស្សជាច្រើន នៅតែមានគំនិត គិតនៅឡើយថា មេរោគអេដស៍ កើតមានតែនៅប្រទេសលោកខាងលិច និងតែនៅអាហ្វ្រិកតែប៉ុណ្ណោះ។
នៅតំបន់អាស៊ី ការរើសអើង ភាពក្រីក្រ និងថវិកាដ៏តិចតួចស្តួចស្តើងរបស់រដ្ឋាភិបាល ទៅលើវិស័យសុខាភិបាល មិនបានជួយឲ្យគេអាចទប់ទល់ គ្រប់គ្រងស្ថានភាពឆ្លងមេរោគអេដស៍នោះទេ។
ពិភពលោកពិបាកនឹងសម្រេចតាមគោលដៅរបស់អង្គការសហប្រជាជាតិដែលមិនចង់ឲ្យមានករណីឆ្លងថ្មី នៅ ឆ្នាំ ២០៣០
អង្គការសហប្រជាជាតិបានកំណត់គោលដៅច្រើនណាស់ នៅក្នុងការប្រយុទ្ធប្រឆាំងបំបាត់មេរោគអេដស៍ ដែលរហូតមកពេលនេះ បានសម្លាប់មនុស្ស ប្រមាណ ៣២លាននាក់ ចាប់តាំងពីជម្ងឺអេដស៍ ចាប់រាតត្បាត ពិភពលោក នៅឆ្នាំ ១៩៨៣។
នៅក្នុងសន្និសីទពិភពលោកកន្លងទៅ អង្គការសហប្រជាជាតិបានកំណត់គោលដៅ ដ៏មហិច្ឆតាមួយសម្រាប់ឆ្នាំ ២០២០ ពោល គឺបង្កើនការធ្វើតេស្តរកអ្នកឆ្លងមេរោគអេដស៍ ឲ្យបាន៩០ភាគរយ ផ្តល់ថ្នាំឲ្យអ្នកកើតជម្ងឺអេដស៍ ឲ្យបាន៩០ភាគរយ និងធ្វើយ៉ាងណាឲ្យ ថ្នាំពន្យាជីវិត អាចមានប្រសិទ្ធិភាពដល់៩០ភាគរយ។
អង្គការសហប្រជាជាតិ បានកំណត់គោលដៅយូរអង្វែងមួយទៀត គឺមិនចង់ឲ្យមានមានករណីឆ្លងថ្មី ទាល់តែសោះ យ៉ាងយូរនៅឆ្នាំ ២០៣០ ដូចបាននិយាយ។ ប៉ុន្តែ តួលេខករណីឆ្លងថ្មី ដែលនៅតែថេរយ៉ាងដូច្នេះ គឺជាសញ្ញាមិនល្អទាល់តែសោះ។ នៅពេលប្រទេសក្រីក្រ ជួបការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ នៅក្នុងប្រទេសអ្នកមាន វិញ យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជម្ងឺអេដស៍ ក៏មិនសូវជាផ្តល់ផ្លែផ្កាប៉ុន្មានដែរ។ នៅប្រទេសបារាំង ការស្ទង់ស្ថិតិបង្ហាញថា យុវជនជំនាន់ក្រោយមិនសូវយល់ដឹងច្រើនពីជម្ងឺអេដស៍។ យុវជនបារាំង គិតថា មេរោគអេដស៍ ជាមេរោគរាតត្បាត នៅជំនាន់មុន គឺមនុស្សចាស់ជំនាន់មុន ដែលជួបបញ្ហាផ្ទាល់ប៉ុន្តែ មិនមែនពួកគេទេ នោះក៏ ដោយសារថា យុទ្ធនាការផ្សព្វផ្សាយ សព្វថ្ងៃនេះ ផ្តោតច្រើនទៅលើការប្រើប្រាស់ថ្នាំ ពន្យារជីវិត។ ការយល់ដឹងនៅទាប ដោយសារតែយុទ្ធនាការផ្សព្វផ្សាយ មិនច្បាស់លាស់។ នេះ គេនៅមិនទាន់និយាយពីបញ្ហាខ្វះថវិកាផង។ នៅពេលមេរោគអេដស៍នៅតែគំរាមកំហែងគ្រោះថ្នាក់ សម្លាប់មនុស្ស កញ្ចប់ថវិការបស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍បានថយចុះ ជារៀងរាល់ឆ្នាំ មកនៅត្រឹម ១៩ពាន់លានដុល្លារ នៅឆ្នាំ ២០១៨ ថយចុះ ១ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ ២០១៧ និងថយចុះ ៧ពាន់លានដុល្លារ បើធៀបនឹងថវិកាដែលគេត្រូវការ សម្រាប់ឆ្នាំ ២០២០៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ