អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី២៤ វិច្ឆិកា ហុងកុង​ដែល​ជា​ទឹកដី​ស្វយ័ត​របស់​ចិនដីគោក​បាន​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់។ មាន​ពលរដ្ឋ​ហុងកុង​ចំនួន ៤ ១៣០ ០០០នាក់​ក្នុង​ចំនួន​ពលរដ្ឋ​ហុងកុង​សរុប​ទាំង ៧ ៣០០ ០០០នាក់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​នេះ។ គួរ​រម្លឹក​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅ​ហុងកុង​ត្រូវ​រៀបចំ​ធ្វើ​នៅ​រៀងរាល់ ៤ឆ្នាំ​ម្តង។ តែ​ការ​បោះឆ្នោត​លើក​នេះ​បាន​រៀបចំ​ឡើង ក្នុង​ពេល​ដែល​ហុងកុង​កំពុង​ស្គាល់​វិបត្តិ​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ ពោល​ចលនា​បាតុកម្ម​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​បាន​អូសបន្លាយ​តាំង​ពី ៦ខែ។

ពលរដ្ឋ​ហុងកុង​ឈរតម្រង់ជួរ​ដើម្បី​ចូលរួម​បោះឆ្នោត ថ្ងៃទី២៤ វិច្ឆិកា ២០១៩
ពលរដ្ឋ​ហុងកុង​ឈរតម្រង់ជួរ​ដើម្បី​ចូលរួម​បោះឆ្នោត ថ្ងៃទី២៤ វិច្ឆិកា ២០១៩ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

បរិយាកាស​រួម​នៃ​ការ​រៀបចំ​បោះឆ្នោត​ឃុំ សង្កាត់​នៅ​ហុងកុង​ពេល​នេះ គឺ​ល្អ។ ល្អ​ព្រោះ​មាន​ពលរដ្ឋ​ហុងកុង​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ៤លាននាក់​បាន​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត​ដោយ​សុខចិត្ត​ឈរ​តម្រង់​ជួរ​រង់ចាំ​ដល់​វេន​របស់​ខ្លួន ទោះ​បី​ជា​ត្រូវ​រង់ចាំ​ប៉ុន្មាន​ម៉ោង​ក៏​ដោយ។ មាន​ការ​កត់សម្គាល់​ចំនួន ៣​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​ហុងកុង​លើក​នេះ ទី១ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​កើន​បន្ថែម ៤០០ ០០០នាក់ បើ​ធៀប​នឹង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៥ ទី២ អត្រា​អ្នក​ចូលរួម​បោះឆ្នោត​លើក​នេះ​មាន​ការ​កើន​ឡើង បើ​ធៀប​នឹង​ការ​បោះឆ្នោត​កាល​ពី ៤ឆ្នាំ​មុន និង​ទី៣ ការ​បោះឆ្នោត​លើក​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​មួយ​ដែល​ហុងកុង​កំពុង​ស្គាល់​វិបត្តិនយោបាយ​ធ្ងន់ធ្ងន់​អូសបន្លាយ​តាំង​ពី ៦ខែ។

ថ្មីៗ​នេះ​មាន​ការ​លើក​ឡើង​ថា ការ​បោះឆ្នោត​ឃុំ សង្កាត់​ពេល​នេះ​ប្រហែល​ជា​មិនអាច​រៀបចំ​បាន​ផង​ដោយ​បារម្ភ​ពី​ការ​អុកឡុក​របស់​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ។ តែ​ខុស​ពី​ការ​គិត​ទុក ការ​បោះឆ្នោត​នេះ​បែរ​ជា​ប្រពឹត្ត​ទៅ​ដោយ​រលូន និង​ថែម​ទាំង​មាន​ការ​អំពាវនាវ​ឲ្យ​ចូលរួម​បោះឆ្នោត​ពី​ចលនា​អ្នកប្រជាធិបតេយ្យ​ទៀត​ផង។

ការ​បោះឆ្នោត​ឃុំ សង្កាត់​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍

ជា​ទូទៅ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​មិន​សូវ​បាន​គ្រប់​គ្នា​យក​ចិត្ត​ទុក​ដាក់ ហើយ​អត្រា​អ្នក​ចូលរួម​បោះឆ្នោត​ក៏​មាន​តិចតួច។ តែ​បរិបទ​នៃ​ការ​រៀបចំ​បោះឆ្នោត​ឃុំ សង្កាត់​លើក​នេះ​មិន​ដូច​កាល​ពី​ឆ្នាំ ២០១៥ ទេ។ ការ​បោះឆ្នោត​ឃុំ សង្កាត់​លើក​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ហុងកុង​កំពុង​ស្គាល់​វិបត្តិនយោបាយ​យ៉ាង​ជ្រៅ​មួយ​មិន​ធ្លាប់​មាន តាំង​ពី​ហុងកុង​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិនដីគោក​ក្នុង​ឆ្នាំ ១៩៩៧។ បេក្ខជន​ដែល​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​មួយ​នេះ​ច្រើន​ជា​បេក្ខជន​មាន​ទំនោរ​រក​រដ្ឋាភិបាល​ហុងកុង​ដែល​គាំទ្រ​ចិនដីគោក។

ការ​បោះឆ្នោត​លើក​នេះ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ដល់​ទៅ​ជាង ១ ១០០នាក់​ដែល​ពលរដ្ឋ​ហុងកុង​ត្រូវ​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​តែ​ចំនួន ៤៥២នាក់​សម្រាប់ ១៨ឃុំ សង្កាត់។ ក្រុមប្រឹក្សា​ឃុំ សង្កាត់​មាន​តួនាទី​ទទួល​បន្ទុក​កិច្ចការ​ក្នុង​ឃុំ សង្កាត់​របស់​ខ្លួន​ដោយ​គ្រប់គ្រង​លើ​ការ​ចំណាយ​មួយ​ចំនួន និង​មាន​សិទ្ធិសម្រេច​លើ​ការងារ​ទាក់ទង​នឹង​សុខភាព​សាធារណៈ ឬ​មួយ​មធ្យោបាយដឹកជញ្ជូន​សាធារណៈ​ជា​ដើម។ បើ​ធៀប​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា ឬ​ប្រមុខ​ដឹកនាំ​ហុងកុង ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ជា​រឿង​តូចតាច។ តែ​នៅ​ក្នុង​បរិបទ​សព្វថ្ងៃ ការ​បោះឆ្នោត​មួយ​នេះ​កំពុង​ក្លាយ​ជា​ក្តីសង្ឃឹម​សម្រាប់​ក្រុម​អ្នកប្រជាធិបតេយ្យ និង​ជា​តេស្ត​សម្រាប់​ប្រមុខ​ដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ។

ជា​ការ​បោះឆ្នោត​ប្រជាមតិ​ប្រឆាំង​លោកស្រី​ការី ឡាំ?

នៅ​ចំពោះ​មុខ លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់​ពេល​នេះ​នឹង​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​រូបភាព​វិបត្តិនយោបាយ​នៅ​ហុងកុង​ពេល​នេះ​ទេព្រោះ​វិបត្តិនយោបាយ​មួយ​នេះ​អាស្រ័យ​លើ​កត្តា​ច្រើន ពោល​មិន​អាស្រ័យ​តែ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ពេល​នេះ ឬ​មួយ​ក៏​លទ្ធផល​នៃ​ការ​បោះឆ្នោត​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ​ឡើយ។ តែ​សម្រាប់​ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ​ហុងកុង​ដែល​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​តាំង​ពី ៦ខែ​កន្លង​ទៅ ពួក​គេ​បាន​ឆ្លៀត​យក​ការ​បោះឆ្នោត​ឃុំ សង្កាត់​ពេល​នេះ​ដើម្បី​បញ្ចេញ និង​ប្រើ​ជា​រូបភាព​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​ប្រឆាំង​នឹង​លោកស្រី​ការី ឡាំ។

ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​លើក​នេះ​មាន​ការ​កើន​ឡើង អ្នក​បោះឆ្នោត​បាន​ចំណាយ​ពេល​តម្រង់​ជួរ​ដើម្បី​ចូលរួម​បោះឆ្នោត និង​កំណើន​នៃ​អត្រា​អ្នក​ចូលរួម​បោះឆ្នោត​ដោយសារ​តែ​មាន​ការ​អំពាវនាវ​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា ពលរដ្ឋ​ហុងកុង​ពិត​ជា​បាន​នាំ​គ្នា​គាំទ្រ​បុព្វហេតុ​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ។ ពិត​ណាស់ ទោះ​បី​ជា​ចលនា​អ្នកប្រជាធិបតេយ្យ​ឈ្នះ​នៅ​ការ​បោះឆ្នោត​ឃុំ សង្កាត់​ពេល​នេះ​ក៏​ដោយ​ក៏​នៅ​មិន​ទាន់​អាច​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​ពេល​នេះ​បាន​ដែរ។ តែ​យ៉ាង​ហោច​ណាស់ ក៏​អាច​ជា​ការ​រួម​ចំណែក​ជួយ​លើក​ទឹកចិត្ត​បន្ថែម និង​ជួយ​​ពង្រឹង​ការ​ទាមទារ​របស់​ពួក​គេ​ជា​បន្ត​ទៀត។ ចំណែក​រដ្ឋអំណាច​នៅ​ហុងកុង​ក៏​ដូច​នៅ​ចិន​ដីគោក​អាច​នឹង​ពិចារណា​ឡើង​វិញ​ពី​ដំណោះស្រាយ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ចំពោះ​ហុងកុង​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ