អានតួអត្ថបទ

តុលាការព្រហ្មទណ្ឌអន្តរជាតិប្រកាសបើកអង្កេត អំពើ“ឧក្រិដ្ឋកម្ម” លើជនជាតិរ៉ូហ៊ីងយ៉ា

ជាង​មួយ​ឆ្នាំក្រោយ​ការ​បើក​ត្រួតពិនិត្យ​បឋម នៅ​ថ្ងៃព្រហស្បតិ៍ទី ១៤​ វិច្ឆិកា ២០១៩​នេះ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ (CPI) បាន​ប្រកាស​បើក​អង្កេតជា​ផ្លូវការ​​ ទង្វើ​ហិង្សា​របស់​ភូមា ប្រឆាំង​នឹង​​ជនជាតិភាគតិច​កាន់​សាសនា​អ៊ីស្លាម​​រ៉ូហ៊ីងយ៉ា រហូត​មាន​ចរន្ត​រត់​ភៀស​ទាំង​ហ្វូង​ទៅ​ប្រទេស​បង់ក្លាដែស​ជិតខាង ថា​ពិត​ជា​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ ដូច​គេ​សង្ស័យ​មែន​ឬ​យ៉ាងណា?

ទីស្នាក់ការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ CPI នៅ​ទីក្រុង​ឡាអេ
ទីស្នាក់ការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ CPI នៅ​ទីក្រុង​ឡាអេ © REUTERS/Eva Plevier/File Photo
ផ្សាយពាណិជ្ជកម្ម

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​មាន​បន្ទុក​ជំនុំ​ជំរះ​​បទ​ឧក្រិដ្ឋធំៗ​ និង​អាក្រក់ៗបំផុត​​ នៅ​លើ​ពិភពលោក បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ប្រកាស​អនុញ្ញាត​ឱ្យ​រដ្ឋ​អាជ្ញារ​បើក​អង្កេត​ជា​ផ្លូវ​ការ សកម្មភាព​ឧក្រិដ្ឋ​របស់​ភូមា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

“បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​បឋម តុលាការ​សង្កេត​ឃើញ​មាន​សកម្មភាព​ហិង្សា​ជា​ទូទៅ និង​ជា​ស្វ័យ​ប្រវត្តិ​ ដែល​អាច​រាប់​បាន​ថា​ទង្វើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ នៅ​តាម​ព្រំដែន​ភូមា​និង​បង់ក្លាដែស និង​មាន​ការ​ធ្វើ​ទុក្ខមុកម្នេញ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ក្រោមហេតុផល​សាសនា​និង​ជាតិពិន្ធុ។ ​ទំហំ​នៃ​ឧក្រិដ្ឋកម្ម​ ​ចំនួន​ជន​រងគ្រោះ និង​ចំនួន​ជនភៀសខ្លួន​ប្រមាណ​ពី​៦សែន​ទៅ​១លាន​នាក់​រត់​ពី​ភូមា​ទៅ​ជ្រកកោន​នៅ​បង់ក្លាដែស បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង ដែល​តុលាការ​ត្រូវ​តែ​បើក​អង្កេត”។

សូម​បញ្ជាក់​ថា នៅ​ខែ​សីហា​ឆ្នាំ​២០១៧ ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ប្រមាណជាង​៧៤០០០​នាក់​​ បាន​នាំ​គ្នា​រត់​គេច​ខ្លួន​ពី​ភូមា​ដែល​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ក្រោយ​ពី​យោធា​ភូមា​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប។ ជា​ការ​រត់​ភៀស​ខ្លួន​ទ្រង់ទ្រាយ​ធំបំផុត មួយ​​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក។

នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៨ រដ្ឋ​អាជ្ញារ​របស់​តុលាការ លោកស្រី ហ្វាទូ បេនស៊ូដា បាន​បើក​ការ​ត្រួត​ពិនិត្យ​បឋម​ បន្ទាប់​ពី​តុលាការ​​ក្រុង​ឡាអេ បាន​​ប្រកាស​ទទួល​ស្គាល់​​​យុត្តាធិកា​របស់​ខ្លួន​ក្នុង​ការ​ស៊ើប​អង្កេត​និង​ជំនុំ​ជំរះ​សំណុំ​រឿង​រ៉ូហ៊ីងយ៉ា​នេះ ព្រោះ​​ថ្វីបើ​ភូមា​មិនមែន​ជា​ប្រទេស​ហត្ថលេខី​​នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម​ -ស្ថាបនិក​តុលាការ​នេះ​មែន​ ប៉ុន្តែ​បង់ក្លាដែស​ដែល​រង​​បន្ទុក​ទទួល​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជា​សមាជិក​របស់​សន្ធិសញ្ញា​។ លោក​ស្រី​រដ្ឋ​អាជ្ញា​រ ​បាន​ស្នើ​សុំឱ្យ​តុលាការ​បើក​អង្កេត​ជា​ផ្លូវការ​ តាំង​ពី​​​ខែ​មិថុនាមក តែ​ទើប​បាន​ទទួល​ចម្លើយ​វិជ្ជមាន​នៅ​ថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ចន្ទ ហ្កំប៊ី​ តំណាង​ឱ្យ​ប្រទេស​ជា​សមាជិក​អង្កការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​៥៧​ផ្សេង​ទៀត បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិប្រឆាំង​នឹង​ភូមាដែរ​​ចំពោះ​ទង្វើ​បែប​ប្រល័យ​ពូជសាសន៍ជនជាតិ​ភាគ​តិច​អ៊ីស្លាម​រ៉ូហ៊ីងយ៉ានេះ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ