HRW៖ បរិហារអំពើឧក្រិដ្ឋរបស់យុទ្ធជនអាហ្វហ្កានីស្ថានបង្វឹកដោយCIA
បើតាមរបាយការណ៍ថ្មីរបស់អង្គការការពារសិទ្ធិមនុស្ស Human Rights Watch ក្រុមយុទ្ធជនប្រដាប់អាវុធអាហ្វហ្កានីស្ថាន ដែលបង្វឹកបង្ហាត់ដោយភ្នាក់ងារចារកិច្ចអាមេរិក បានប្រព្រឹត្តអំពើឧក្រិដ្ឋ សម្លាប់ជីវិតមនុស្សដោយមិនខ្លាចច្បាប់ រលោភទាំងស្រុងនិងដ៏ធ្ងន់ធ្ងរសិទ្ធិមនុស្ស សឹងអាចចាត់ទុកបានថាជាទង្វើឧក្រិដ្ឋកម្មសង្គ្រាម។ ជាសកម្មភាពវាយប្រហារបាញ់រះនៅពេលយប់ និងជំរុញឱ្យមានការបាត់ខ្លួនទាំងបង្ខំ។ នេះបើតាមការអះអាងរបស់អង្គការ HRW។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:០៣
ជារបាយការណ៍កម្រាស់៥០ទំព័រ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ៣១តុលា នេះ បញ្ជាក់អំពីសកម្មភាពឧក្រិដ្ឋជាច្រើន នៅរវាងពីចុងឆ្នាំ២០១៧ ដល់ពាក់កណ្តាលឆ្នាំ២០១៩ ដោយមានសាក្សីជាប្រជាជនរាប់សិបនាក់ រស់នៅក្នុងតំបន់ជនបទដាច់ស្រយាល។
តាំងពីជាងមួយឆ្នាំកន្លះមក ករណីវាយប្រហារផ្លូវអាកាសនៅពេលយប់បានកើនឡើងយ៉ាងខ្លាំង សំដៅទីតាំងជាមន្ទីរពេទ្យនិងភូមិដ្ឋាន។ ក្នុងចំណោមនោះមាន១៤ជាស្នាដៃរបស់កងយុទ្ធជនអាហ្វហ្កានីស្ថានដែលគាំទ្រដោយCIA។ ប្រតិបត្តិការពេលយប់ ជាឱកាសដែលក្រុមប្រដាប់អាវុធ ប្រព្រឹត្តអំពើស្មោគគ្រោក សម្លាប់ជីវិតមនុស្សដោយមិនខ្វល់ពីច្បាប់ ឬបានធ្វើឱ្យមានការបាត់ខ្លួនដោយបង្ខំ។គឺការវាយប្រហារនោះហើយដែលបានបង្កើនតុល្យភាពនៃចំនួនជនរងគ្រោះស៊ីវិលយ៉ាងច្រើន។
អ្នកស្រី Patricia Gossman នាយិការងអង្គការHRWទទួលបន្ទុកផ្នែកអាស៊ី បានរំលឹកថា ភ្នាក់ងារចារកិច្ចអាមេរិកបានបើកប្រតិបត្តិការប្រឆាំងនឹងពួកភេរវនិយម ទន្ទឹមនឹងប្រតិបត្តិការយោធារបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ប្រឆាំងនឹងពួកតាលីបង់ និងអង្គការរដ្ឋអ៊ីស្លាម តាំងពីជាច្រើនឆ្នាំមក។ ប្រតិបត្តិការមានកម្មវត្ថុបណ្តេញពួកតាលីបង់ តែត្រូវបានធ្វើដោយកំបាំងពីប្រព័ន្ធឃោសនាព័ត៌មាន ក្នុងតំបន់ដាច់ស្រយាលបំផុត និងគ្មានតម្លាភាពសោះ។ ជនប្រព្រឹត្តអំពើមិនត្រូវបានទទួលទោស ជនរងគ្រោះក៏មិនដឹងទៅរកជំនួយនៅទីណា។
នៅក្នុងរបាយការណ៍នេះដដែល HRWបានអះអាងថាមានការចាប់ខ្លួនជនស៊ីវិល ជាពិសេសបុរសភេទ យកទៅបាត់មិនឱ្យគ្រួសារដឹងថាទៅទីណា ដោយបានឆ្មក់ចូលផ្ទះប្រជាជនទាំងកណ្តាលអាធ្រាត្រ គួរឱ្យតក់ស្លុត។ កងយុទ្ធជនពិសេសអាហ្វហ្កានីស្ថាន ទាំងនេះត្រូវបានជ្រើសរើស យកទៅបង្ហាត់បង្វិក និងបំពាក់អាវុធដោយ CIA។ នេះបើតាមការបញ្ជាក់ របស់អង្គការការពារសិទ្ធិមនុស្សដដែល ដោយបន្ថែមថាក្រុមយុទ្ធជនសម្ងាត់អាហ្វហ្កានីស្ថានបានទទួលការគាំទ្រពីសេអ៊ីអា តាំងពីឆ្នាំ ១៩៨០មក ដើម្បីប្រឆាំងនឹងសហភាពសូវៀត។
ភ្នាក់ងារចារកិច្ចអាមេរិកបានច្រានចោលរបាយការណ៍របស់អង្គការHRW ដោយគូសបញ្ជាក់ថា សកម្មភាពអាក្រក់មួយចំនួនដែលទម្លាក់លើកងកម្លាំងពិសេសអាហ្វហ្កានីស្ថាន ជាពាក្យបំផ្លើស ឬមិនពិត។
បើតាមភ្នាក់ងារអធិការកិច្ចពិសេសសម្រាប់ស្ថាបនាអាហ្វហ្កានីស្ថាន នៅរវាងពីខែមករាដល់ខែកញ្ញា២០១៩ កងកម្លាំងយុទ្ធជនពិសេសអាហ្វហ្កានីស្ថានបានបើកប្រតិបត្តិការផ្លូវគោកចំនួន ២៥៣១ដង ទល់នឹងតែ២៣៦៥ប៉ុណ្ណោះកាលពីឆ្នាំ២០១៨។ ហើយបើតាមរបាយការណ៍អង្គការសហប្រជាជាតិ នៅរវាងពីថ្ងៃទី ១កក្កដា ដល់ថ្ងៃទី ៣០កញ្ញា២០១៩ មានជនអាហ្វហ្កានីស្ថាន១១៧៤នាក់បានត្រូវគេសម្លាប់និង៣១៣៩នាក់រងរបួស ពោលគឺជាកំណើន៤២%បើប្រៀបទៅឆ្នាំ២០១៨ ក្នុងរយៈពេលដូចគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ