អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការប្រែប្រួលអាកាសធាតុ ៖ ជនរងគ្រោះ មាន​ច្រើនជាងការគិតពីមុន ​​ដល់ទៅបីដង

ចុះផ្សាយ​នៅ​ថ្ងៃ៖

មានប្រជាពលរដ្ឋ​ជាង​បីរយ​លាន​នាក់ នឹង​ត្រូវ​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ យ៉ាង​ហោច​ម្តង​ក្នុង​មួយ​ឆ្នាំ​ ជាពិសេស​ពលរដ្ឋ​នៅ​អាស៊ី។ ការ​ប្រែប្រួល​អាកាសធាតុ ដែល​នាំ​ឱ្យ​ទឹក​សមុទ្ទ​ឡើង​កម្ពស់ មិនមែន​ត្រឹម​តែ​ធ្វើ​ឱ្យ​បណ្តាកូន​​កោះ​នៅ​ក្នុង​មហាប៉ាស៊ីហ្វិក​លិច​បាត់​ទេ តែ​ក្រុងធំៗ​តាម​បណ្តោយ​ឆ្នេរ​ ក៏​នឹង​ត្រូវ​បាត់។ ឯ​ចំណែក​ចំនួនជន​រងគ្រោះ​វិញ មាន​បរិមាណ​កើន​ឡើង​យ៉ាង​ហោច​បី​ដង​លើស​អ្វី​ដែល​គេ​ធ្លាប់​គិត​ពីមុន។ ហេតុអ្វីការសិក្សា​ សំឡឹង​ឃើញ​ភាព​រង​គ្រោះ កាន់​តែ​ធ្ងន់ៗ​ឡើង​ឥត​ឈប់​យ៉ាង​ដូច្នេះ ?!

ជនរងគ្រោះ​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្ពស់​ទឹក​សមុទ្ទ​​មាន​ចំនួន​បី​ដង​លើស​ការ​ព្យាករ
ជនរងគ្រោះ​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្ពស់​ទឹក​សមុទ្ទ​​មាន​ចំនួន​បី​ដង​លើស​ការ​ព្យាករ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ផលវិបាក​នៃ​​ការ​ប្រែប្រួល​អាកាសធាតុមាន​ច្រើន ក្នុង​នោះ​​ការ​ឡើង​កម្ពស់​ទឹក​សមុទ្ទ ជា​ប្រធាន​បទ​មួយ​ដែលសហគមន៍​​អ្នក​វិទ្យាសាស្ត្រ​ចាប់​អារម្មណ៍​និងសិក្សា​​ពិចារណា​ច្រើន​។ ​នៅ ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​អន្តររដ្ឋាភិបាល​ ហៅកាត់​ថា​ GIEC ចេញ​ផ្សាយ​កាលពី​ចុង​ខែកញ្ញា​កន្លង​ទៅ​ថ្មីៗ បាន​អះអាង​​ថា​កម្ពស់​ទឹក​សមុទ្ទនឹងអាច​ឡើង​ ខ្ពស់​ជាង​មួយ​ម៉ែត្រ (១,១០ម) នៅឆ្នាំ​២១០០ បើប្រៀប​ទៅនឹង​កម្ពស់​ទឹក​ក្នុង​រយៈ​ពេល​ពី​ឆ្នាំ​១៩៨៦-២០០៥។ អ្នក​វិទ្យាសាស្ត្រ​ខ្លះ​ទៀត ព្យាករ​ថា​ កម្ពស់​ទឹកសមុទ្ទ​អាច​ឡើង​ខ្ពស់​ជាង​ដល់​ទៅ​ពីរ​ម៉ែត្រ ប្រសិន​បើ​ការ​បញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​រក្សា​ល្បឿន​ដដែល​ដូច​ពេល​នេះ ហើយពន្លឿន​ការ​រលាយ​​ដុំ​ភ្នំ​ទឹកកក​នៅ​តំបន់​ប៉ូល។

ក្នុង​សេណារីយោ​បែប​នេះ តំបន់​កូន​កោះ​ជា​ច្រើន​នៅ​កណ្តាល​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ឬ​ក្រុង​តាម​បណ្តោយ​មាត់​សមុទ្ទ​នឹង​ត្រូវ​លង់​លិច​បាត់។ ប៉ុន្តែ​ការ​ពិត​ជាក់​ស្តែង​ទំនង​ជា​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ព្រោះ​បើ​តាម​ការ​សិក្សា​មួយ​ទៀត ទើប​ចេញ​ផ្សាយ​ថ្មី នៅ​ថ្ងៃទី ២៩​តុលា​២០១៩ ក្នុង​ទំព័រ​ទស្សនាវដ្តី Nature Communications ចំនួន​ប្រជាជន​រងគ្រោះ​ពី​ការ​ឡើង​កម្ពស់​នៃ​ទឹក​សមុទ្ទ​មាន​ទំហំ​ធំ​ ច្រើន​ជាង​ដល់​បី​ដង​នៃ​ការ​គិត​ពី​មុន ពោល​គឺ​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៥០ មាន​ពលរដ្ឋ​៣០០​លាន​នាក់​ត្រូវ​រស់​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​យ៉ាងហោច​ណាស់​ម្តង​ក្នុង​ឆ្នាំ​ ទល់​តួលេខ​លើក​មុន​ដែល​មាន​ត្រឹម​៨០​លាន​នាក់។ ហើយ​ការ​ព្យាករ​កាន់​តែអាក្រក់​ទៅ​ទៀត គឺ​នៅ​ចុង​សតវត្សរ៍​ ជនរងគ្រោះ​ទឹក​ជំនន់​នឹង​ឡើង​ដល់​៦៤០​លាន​នាក់ ជាពិសេស​ពលរដ្ឋ​នៅ​តំបន់​អាស៊ី។

១/៣នៃ​ប្រទេស​កម្ពុជា​និង​បង់ក្លាដែស អាច​លង់​លិច​នៅ​ឆ្នាំ​២០៥០-២១០០

​ក្រុម​អ្នក​ស្រាវជ្រាវ​អាកាសធាតុ​ Climate Central បាន​ធ្វើ​តេស្ត​សាកល្បង​​លើ​ផែនទី មួយ​ផ្នែក​ម្តងៗ​នៃ​ភព​ផែន​ដី​ ដើម្បី​បាន​ដឹង​ថា​តើ​តំបន់​ណា​ខ្លះ​អាចនឹង​ត្រូវ​​លង់លិច​នៅ រវាង​ពី​ឆ្នាំ​២០៥០ ទៅ​២១០០។ អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ដោយ​ផ្អែក​លើ​ សេណារីយោ​ពី​រ ទាក់ទង​នឹង​កម្ពស់​ទឹក​សមុទ្ទ​ឡើង តិច​ឬ​ច្រើន ទៅ​តាម​ការ​រលាយ​នៃ​ផ្ទាំង​ទឹកកក​នៅតំបន់​អង់តាកទិក និង​ផ្អែក​លើ​សេណារីយោ​បី នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក (ច្រើន ល្មម និង​តិច)។ ក្នុង​សេណារីយោដ៏​​អាក្រក់​ជាងគេ មួយភាគបី​នៃ​ប្រទេ​សបង់ក្លាដែស និង​ប្រទេស​កម្ពុជា​ត្រូវ​លិច មិនមែន​មាន​តែ​តំបន់​ដីសណ្តរ​វៀតណាម ឬ​ក្រុង​បាងកក​ទេ។​ ​ជា​សរុបតំបន់​​អាស៊ី​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​។ ៧០%​នៃ​ប្រជាជនរងគ្រោះ​ ​រស់ផ្តុំ​​ក្នុង​ប្រទេស​ចំនួន​៨ ៖ ចិន បង់ក្លាដែស ឥណ្ឌា វៀតណាម ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន​ និង​ជប៉ុន។ នៅ​ឆ្នាំ​២០៥០​ ប្រជាជន​ចំនួន​៩៤​លាន​នាក់​ត្រូវ​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់​ ទល់​នឹង​២៩​លាន​នាក់​ប៉ុណ្ណោះ ក្នុង​ការ​ប៉ាន់ស្មាន​មុន។

លទ្ធផលបាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​អំពីតុល្យការ​នៃ​ជន​រងគ្រោះនា​ពេល​​បច្ចុប្បន្ន ៖ មនុស្ស​១១០​លាន​នាក់​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​រយៈ​កម្ពស់​ទាប​ទឹក​សមុទ្ទ​​ពេល​ជោរ និង​ត្រូវ​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ជាអចិន្ត្រៃយ៍​ ២៥០​លាន​នាក់​ ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់ញយ យ៉ាង​ហោច​ម្តង​ក្នុង​មួយ​ឆ្នាំ ទល់​នឹង​តែ​ត្រឹម​ប្រមាណ​ ២៨ និង​៦៥​លាន​នាក់​ប៉ុណ្ណោះ​ក្នុង​ការ​ព្យាករ​មុន។

តើ​អ្នក​ស្រាវជ្រាវ​ពន្យល់​យ៉ាង​ដូច​ម្តេច​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​រងគ្រោះ​នេះ​ ? នេះ​គឺ​បណ្តាល​មក​ពី​នៅ​​ការ​សិក្សា​មុនៗ​ ​មាន​ចំណុច​ខ្សោយច្រើន ព្រោះ​ខ្វះ​ទិន្នន័យ​ច្បាស់​លាស់។ គ្រោះ​ទឹក​ជំនន់​តាម​តំបន់​ឆ្នេរ ត្រូវ​បាន​គុណគិត​ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្តល់​របស់​Nasa ដោយ​ប្រើ​រង្វាស់​ផ្កាយ​រណប SRTM។ គំរូ​គណនា​នេះ​មាន​ការ​លំអៀង ប្រមាណ​ពី​២​ទៅ​បួន​ម៉ែត្រ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាការ​ហានិភ័យ​នៃ​គ្រោះ​ទឹកជំនន់​ មើល​ឃើញ​ថា​មាន​តិច។ ប៉ុន្តែ​ពេល​នេះ​ អ្នក​វិទ្យាសាស្ត្រ​ បាន​ប្រើ​​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វាស់​ដោយ​កាំរស្មី​ឡាស៊ែរ ដ៏​ទំនើប​ និង​ប្រាកដ​ខ្លាំង មក​ប្រៀប​ធៀប​ជា​មួយ​ទិន្នន័យរបស់​Nasa រួច​ធ្វើ​ការ​​កែតម្រូវ​​ទិន្នន័យ​នៅ​តាម​គ្រប់​តំបន់​ឆ្នេរ​នៅក្នុង​ប្រទេស​ចំនួន​១៣៥ នៅ​លើ​ភព​ផែនដី។

លទ្ធផល​របស់​ Climat Central ពិត​ជា​កាន់​តែ​គួរឱ្យ​ព្រួយ​បារម្ភ ប៉ុន្តែ​ជា​លទ្ធផលដែល​មិន​រាប់​បញ្ចូល​អំពី​កំណើន​ប្រជាជន​​ពិភពលោក ពី​ពេល​នេះ​ទៅ ទល់​នឹង​ពេល​ចុង​សតវត្សរ៍ ​មិន​គិត​ពី​ការ​លូត​លាស់​​ផ្នែក​នគរូបនីយកម្មតំបន់​ឆ្នេរ និង​ដោយ​មិន​គិត​អំពី​បាតុភាព​​អាកាសធាតុ​ដ៏​អាក្រក់​ហួសហេតុ​ ដូច​ព្យុះភ្លៀង​កំណាច​ដែល​តែង​កើត​មាន​ជា​រាល់​មួយ​ទសវត្សរ៍​ម្តង​ សម្លាប់​និង​បំផ្លាញ​ជីវិត​ទ្រង់ទ្រាយ​ធំ​ផង។

កាលពី​ឆ្នាំ​២០១៣ ការ​សិក្សា​របស់​ធនាគារពិភពលោក​បាន​ប៉ាន់​ស្មាន​ថា ការ​ខូចខាត​និង​ខាត​បង់​ដោយ​គ្រោះ​ទឹក​ជំនន់ នឹង​អាច​កើន​ឡើង​លើស​ ៩០០​ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០៥០ ក្នុង​មួយ​ឆ្នាំៗ ក្នុងក្រុង​ចំនួន​១៣៦ ដែល​សុទ្ធ​សឹង​ជា​ក្រុង​ឆ្នេរសមុទ្ទ​​ធំៗ​ជាង​គេ ប្រសិន​បើ​គ្មាន​វិធានការ​ការពារ​ឱ្យ​បាន​ប្រសើរ​ឡើង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ