ថៃបង្កើតមជ្ឈមណ្ឌលសម្រាប់ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ប្រទេសថៃនឹងបើកដាក់ឲ្យដំណើរការជាលើកដំបូង មជ្ឈមណ្ឌលសម្រាប់បង្រ្កាប ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ រដ្ឋមន្រ្តីសង្គម និងសេដ្ឋកិច្ចឌីជីថលថៃ លោក ពុទ្ធិពង្សសែ ពុនណាកង់តា បាននិយាយយ៉ាងដូច្នេះ នៅក្រោយបទបង្ហាញទៅកាន់នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារ។ ថៃជាប្រទេសអាស៊ានមួយទៀត បន្ទាប់ពីវៀតណាម និងសិង្ហបុរី ដែលបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៩
តាម រដ្ឋមន្រ្តីសង្គម និងសេដ្ឋកិច្ចឌីជីថលថៃ “គ្រប់ប្រទេសកំពុងប្រឈមនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេសប្រជាជនថៃ”។ នេះជាហេតុផលដែលធ្វើឲ្យរដ្ឋាភិបាលថៃត្រូវបង្កើតមជ្ឈមណ្ឌលពិសេសមួយ សម្រាប់ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
មជ្ឈមណ្ឌលដែលទើបមានជាលើកទី១ នៅប្រទេសថៃ នឹងចាប់ដំណើរការ ជាផ្លូវការនៅថ្ងៃសុក្រសប្តាហ៍នេះ ជាមួយនឹងបច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្បនិម្មិត្ត និង អ្នកជំនាញដែលតាមដាន ជាប់ជានិច្ច ដើម្បី ចាប់ស្ទាក់ រាល់ព័ត៌មានទាក់ទងនឹងវិស័យ សុខាភិបាល រហូត កម្មវិធីនយោបាយរបស់រដ្ឋាភិបាល ដែលអាជ្ញាធរចាត់ទុកជាថា ជាព័ត៌មានក្លែងក្លាយ។
សម្រាប់ រដ្ឋមន្រ្តីថៃ ៨០ភាគរយនៃព័ត៌មានដែលនៅតាមអ៊ីនធ័រនែត ឬនៅតាមបណ្តាញសង្គម គឺជាព័ត៌មានមិនពិត ឬជាព័ត៌មានបោកបញ្ឆោត។ មជ្ឈមណ្ឌលសម្រាប់ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មានទំព័រសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន មានក្រុមទទួលសារ និងវិបសៃតិ៍ សម្រាប់បង្ហាញគំរូ ព័ត៌មានក្លែងក្លាយ ឬ ជាកន្លែងដែលអ្នកប្រើប្រាស់អាចចូលទៅសរសេររាយការណ៍ ពីវិបសៃតិ៍ ឬបណ្តាញសង្គមដែលបង្ហោះព័ត៌មានមិនពិត។
អង្គការសង្គមស៊ីវិល វាយតម្លៃថា មជ្ឈមណ្ឌលថ្មីរបស់ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាកន្លែងសម្រាប់ តាមដាន ចាប់ឃាត់ខ្លួន អ្នកដែលហ៊ានបញ្ចេញមតិប្រឆាំង រដ្ឋាភិបាល។ សម្រាប់អ្នកស្រាវជ្រាវជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សHuman Rights Watch ប្រចាំនៅប្រទេសថៃ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាឧបករណ៍ថ្មីមួយទៀត របស់រដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ រាល់ការចុះផ្សាយ នៅប្រទេសថៃ។
រដ្ឋមន្រ្តីសង្គម និងសេដ្ឋកិច្ចឌីជីថលបានទាត់ចោលការចោទប្រកាន់របស់អង្គការសង្គមស៊ីវិល និងអះអាងថា មជ្ឈមណ្ឌលថ្មីនេះ នឹងមិនផ្តោតតែទៅលើនយោបាយ ឬ ក្រុមប្រឆាំងរដ្ឋាភិបាលនោះទេ។ សម្រាប់សកម្មជនការពារសិទ្ធិមនុស្ស ទោះជារដ្ឋាភិបាលថៃ លុបចោល ច្បាប់ដែលហាមមិនឲ្យមានការជួបប្រជុំគ្នា លើសពី៥នាក់ក្តី ប៉ុន្តែ ការត្រួតពិនិត្យទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ មានកាន់តែខ្លាំង ឡើងៗ នៅប្រទេសថៃ។
អ្នកវិភាគវាយតម្លៃថា លើកទឹកចិត្តដោយសារនយោបាយស្អប់ ប្រឆាំងអ្នកកាសែត របស់លោកដូណាល់ ត្រាំ របបផ្តាច់ការជាច្រើនបានយកលេស ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បី បិទខ្ទប់ការសរសេរបញ្ចេញមតិរិះគន់ខ្លួន។ នៅប្រទេសវៀតណាម អាជ្ញាធរកុម្មុយនិស្តបានចាប់ខ្លួន មនុស្សជាច្រើននាក់ នៅក្រោយច្បាប់ស្តីពីសន្តិសុខព័ត៌មានវិទ្យា បានចូលជាធរមាន កាលពីខែមករា។ ចំណែក ប្រទេសសិង្ហបុរី នៅខែតុលានេះ បានបង្កើតច្បាប់ មួយ ដែលអនុញ្ញាតបើកផ្លូវឲ្យអាជ្ញាធរអាចផាកពិន័យធ្ងន់ធ្ងរ ចាប់ខ្លួនដាក់ពន្ធនាគារ អ្នកចុះផ្សាយព័ត៌មានដែលរដ្ឋចាត់ទុកថា ជាព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ