ពលរដ្ឋកាស្មៀរប៉ាគីស្ថានធ្វើកូដកម្មដើម្បីបុព្វហេតុតំបន់កាស្មៀរឥណ្ឌា
តាំងពីថ្ងៃទី ៥សីហា ថ្ងៃដែលរដ្ឋាភិបាលឥណ្ឌាបានដកស្វ័យភាពពិសេសតំបន់ និងដាក់បម្រាមគោចរពេញមួយតំបន់ Jammu-Cachemir ឬ តំបន់កាស្មៀរឥណ្ឌាមក ប៉ាគីស្ថានបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មបរិហារសេចក្តីសម្រេចរបស់អាជ្ញាធរឥណ្ឌា ជារៀងរាល់ថ្ងៃសុក្រ អស់រយៈពេល៨៧ថ្ងៃមកហើយ។ តែនៅថ្ងៃអាទិត្យនេះ ការប្រមូលផ្តុំមានលក្ខណៈពិសេសជាសព្វមួយដង ព្រោះត្រូវជាថ្ងៃខួប៧២ឆ្នាំនៃការបែងចែកទឹកដីកាស្មៀរជាពីរម្ខាងជាឥណ្ឌា ម្ខាងទៀតជាប៉ាគីស្ថាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដើម្បីបុព្វហេតុកាស្មៀរឥណ្ឌា សកម្មជនប៉ាគីស្ថាន បានប្រមូលផ្តុំគ្នាជាថ្មី នៅទីក្រុងអ៊ីស្លាម៉ាបាត នៅថ្ងៃអាទិត្យនេះ ដោយប្រសិទ្ធនាមថា ទិវាកាន់ទុក្ខពិសេស ដើម្បីបរិហារសេចក្តីសម្រេចចិត្តដកស្វ័យភាពពិសេសតំបន់កាស្មៀរខាងភាគីឥណ្ឌា កាលពីថ្ងៃទី ៥សីហា២០១៩ ថាទង្វើខុសច្បាប់។
មានចងក្រណាត់ខ្មៅនៅលើថ្ងាស ជាសារកាន់ទុក្ខ អង្គុយលើកម្រាលកន្ទេល ភរិយាមេដឹកនាំចលនាផ្តាច់ទឹកដីកាស្មៀរ ដែលកំពុងជាប់ឃុំឃាំងនៅឥណ្ឌា បានធ្វើកូដកម្មបង្អត់អាហារ ជាមួយសកម្មជនគាំទ្រតំបន់កាស្មៀរជាច្រើនផ្សេងទៀត ដោយអះអាងថា អ្នកស្រីមិនអាចទាក់ទងស្វាមីបាន មិនអាចទាក់ទងជាមួយក្រុមគ្រួសារបាន រស់ដូចស្ត្រីមេមាយដោយគ្មានមូលហេតុ ... អ្នកស្រីនឹងធ្វើកូដកម្មរហូតដល់សហគមន៍អន្តរជាតិកំរើកធ្វើអ្វីមួយ និងបង្ហាញទំនួលខុសត្រូវ។
“បញ្ឈប់ការធ្វើឃាតនៅកាស្មៀរ!” “យើងចង់បានដំណោះស្រាយ ! “ ... នេះសុទ្ធសឹងជាសារដែលមានសរសេរលើបដារបស់បាតុករ។ យើងអាចរស់ដោយសន្តិភាពក្នុងនាមជាប្រទេសជិតខាងល្អនឹងគ្នាជាមួយឥណ្ឌា ! យើងចង់បានសិទ្ធិស្វ័យសម្រេច ដូចអ្វី ដែលអង្គការសហប្រជាជាតិបានសន្យា។ នេះជាការពន្យល់របស់សកម្មជនសិទ្ធិមនុស្សម្នាក់ដែលបានមកចូលរួមធ្វើកូដកម្មជាមួយបណ្តាពលរដ្ឋកាស្មៀរប៉ាគីស្ថានជាច្រើនផ្សេងទៀត។
ជម្រើសធ្វើកូដកម្មគាំទ្រនៅថ្ងៃនេះ ព្រោះកាលពី៧២ឆ្នាំ នៅថ្ងៃទី ២៧តុលា ឆ្នាំ១៩៤៧ កងកម្លាំងយោធាឥណ្ឌាបានចូលកាន់កាប់ទឹកដីកាស្មៀរ ក្រោយប៉ាគីស្ថាននិងឥណ្ឌាដែលទាមទារគ្រប់គ្រងតំបន់កាស្មៀរទាំងមូលដូចគ្នា បានប្រេះបែកជាប្រទេសពីរ និងពុះចែកតំបន់ជាកាស្មៀរឥណ្ឌា និងកាស្មៀរប៉ាគីស្ថាន រហូតមកទល់សព្វថ្ងៃ។ ជាថ្មីម្តងទៀត ក្នុងសុន្ទរកថាផ្សព្វផ្សាយតាមវិទ្យុ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានជំរុញឱ្យអាជ្ញាធរឥណ្ឌាស្តារស្វ័យភាពពិសេសឱ្យតំបន់កាស្មៀរឥណ្ឌាវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ