rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

ដោយ អៀង សុខម៉ិញ

ជា​និម្មិត្ត​រូប​នៃ​ការ​ចេះ​អត់​អោន​គោរព​គ្នា​ក្នុង​សហគមន៍​អន្តរជាតិ​សាសន៍​និង​សាសនា នៃ​ប្រជុំ​កោះ​ឥណ្ឌូណេស៊ី​ពហុវប្បធម៌ លោក វីដូដូ (Joko Widodo) ដែល​គេ​ផ្តល់​រហ័សនាម​ថា​ “មេដឹកនាំ​ស្និទ្ធនឹង​រាស្ត្រ » បាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ជា​ផ្លូវការ​នៅ​ថ្ងៃទី ២០​តុលា ២០១៩​នេះ។ ប៉ុន្តែ​ពិធី​ឡើង​កាន់​តំណែង បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ប្រុងប្រយ័ត្ន​ និង​ការ​ពារ​សុវត្ថិភាព​យ៉ាង​ខ្លាំងកា្ល​បំផុត។ ខុស​កាលពីអាណត្តិ​ទីមួយ​​ឆ្នាំ​២០១៤ បរិបទ​នយោបាយ​​ ហាក់​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ជាង។

ពិធី​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​របស់​ប្រធានាធិបតី​និង​អនុប្រធានាធិតី បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​នៃ​បណ្តាប្រទេស​ក្នុង​តំបន់។ ហើយ​មុន​នឹង​កម្មវិធី​ស្បថ​​ទទួល​តំណែង​ជា​ប្រមុខ​ដឹកនាំ​ប្រទេស លោក វីដូដូ បាន​ថែម​ទាំង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​​សិង្ហបុរី និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ទៀត។

ប៉ុន្តែការ​ប្រារព្ធ​​ពិធី​ឡើង​កាន់​តំណែង បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ប្រុងប្រយ័ត្ន​ និង​ការ​ពារ​សុវត្ថិភាព​យ៉ាង​ខ្លាំងកា្ល​បំផុត។ ​កម្មវិធី​រៀប​ចំ​ឡើង​ដោយ​មាន​កំរិត​បំផុត មិន​ដូច​កាលពី​អាណត្តិ​ទី​មួយ​ទេ។ ដើម្បី​​រក្សា​សុវត្ថិភាព​និង​ធានា​ភាព​​រលូននៃ​កម្មវិធី ឥណ្ឌូណេស៊ី​បាន​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស និង​យោធា ចំនួន​ដល់​ជាង​បី​ម៉ឺ​ន​នាក់ ក្នុង​ទូទាំង​រដ្ឋធានី​ហ្សាការតា និង​បាន​ដាក់​បម្រាម​មិន​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​អ្វី​ទាំង​អស់។ ទាំង​នេះ​គឺ​បណ្តាល​មក​ពី​ឥណ្ឌូណេស៊ី​រង​ការ​គំរាមកំហែង​សន្តិសុខ។ កាលពី​សប្តាហ៍​មុន មាន​ករណី​ប៉ុនប៉ង​ធ្វើ​ឃាត​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ កណ្តាល​ហ្វូង​សាធារណៈ ពី​សំណាក់​ជនជីហាត​​ស្និទ្ធ​នឹង​អង្គការ​រដ្ឋ​​អ៊ីស្លាម ហើយ​ម្យ៉ាង​ទៀត បរិបទ​នយោបាយ​ឥណ្ឌូណេស៊ី កំពុង​​ស្មុគស្មាញខ្លាំង​។

លោក​ វីដូដូ ដែល​ឥណ្ឌូណេស៊ី​ ប្រសិទ្ធនាម​ឈ្មោះក្រៅ​ថា លោក​​ ចូកូវី បាន​ជាប់​ឆ្នោត​ជា​លើក​ទី​មួយ នៅ​ឆ្នាំ​២០១៤។ លោកបាន​ក្លាយ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​ដំបូង​គេ​បង្អស់​ដែល​គ្មាន​ប្រវត្តិពាក់ព័ន្ធ​​ជា​ក្រុម​អ្នក​នយោបាយ​និង​យោធា​ជាន់ខ្ពស់​​។ ជា​អតីត​អ្នក​ជំនួញ ប្រកាន់​យក​ចរន្ត​នយោបាយ​សេរីនិយម​បែប​ថ្មី ស្និទ្ធ​នឹង​ពលរដ្ឋ លោក​វីដូដូ ត្រូវ​បានពលរដ្ឋ​ឥណ្ឌូណេស៊ី​ប្រៀប្រដូច​លោក​ថា​ជា​ បារ៉ាក់អូបាម៉ា របស់ឥណ្ឌូណេស៊ី។

ដោយ​សារ​ស្នាដៃ​ជំរុញ​វិនិយោគ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ លោក​វីដូដូ ​​បាន​ទទួល​ជោគជ័យ​​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី ១៧​មេសា ២០១៩ ក្នុង​សំឡេង​គាំទ្រ​ដល់​ទៅ​៥៥,៥%​ ទល់​៥៣%​ប៉ុណ្ណោះ​កាលពី​ឆ្នាំ២០១៤​។ លទ្ធផល​នេះ​ ក៏​ទំនង​ដោយ​សារ​លោក​វីដូដូ ជ្រើស​​យុទ្ធសាស្ត្រ​ត្រូវ យក​អ្នក​អ៊ីស្លាម​និយម​ ដ៏​អភិរក្ស​ឱ្យ​មក​ធ្វើ​ជា​អនុប្រធានាធិបតី ដើម្បី​ទាក់ទាញ​សំឡេង​ពលរដ្ឋ​ជា​អ៊ីស្លាម​អភិរក្ស។

គំនរ​នៃ​បញ្ហា

ប៉ុន្តែអ្នក​មាន​និន្នាការ​កណ្តាល​និយម និង​ជឿនលឿន​និយម​ មានការ​ព្រួយ​បារម្ភ ហើយ​​ការរិះគន់​មានកាន់​តែ​ច្រើន​ឡើងៗ នៅ​ពេល​ហៀប​ផ្តើម​អាណត្តិ​ទីពីរ។ ​បើ​តាម​ក្រុម​អ្នក​វិភាគ នៅពេល​នេះ លោក​ប្រធានាធិបតី​ ​វីដូដូ កំពុង​ធ្លាក់​ទន់​ខ្សោយ ជាង​ពេល​ណា​ទាំង​អស់ !

នារយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ឥណ្ឌូណេស៊ី​ជួប​ការ​លំបាក​មួយ​ហើយ​មួយ​ទៀត ៖ មាន​បាតុកម្ម ​​ជា​ច្រើន កាលពី​ចុង​ខែ​កញ្ញា ​ប្រឆាំង​នឹង​គម្រោង​កំណែទម្រង់​ច្បាប់​ព្រហ្មទណ្ឌ​ដែល​ចង់​ដាក់ទោស​អ្នក​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​មុន​អាពាហ៍ពិពាហ៍។ ជា​បាតុកម្ម​​និស្សិត​ដ៏​ធំ​ដែល​ពុំ​ឃើញ​មានគិត​ចាប់​តាំង​ពី​​ មានការ​ប៉ះបោរផ្តួល​របប​ផ្តាច់ការ​ស៊ូហាតូមក រហូត​លោក​ប្រធានាធិបតី​​ព្យួរ​ការ​អនុម័តច្បាប់​នោះ​វិញ ក្រោយ​ពី​មានការ​បាត់បង់ជីវិត​និស្សិត​បីនាក់។ នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ប៉ាពូអាស៊ី​មាន​កំរិត ​ពលរដ្ឋ​ជនជាតិភាគតិច​នេះ​​សម្តែង​កំហឹង​និង​ការ​មិនពេញចិត្ត​ ក៏​ផ្ទុះ​ជា​កុប្បកម្ម​ឡើង​។ ការ​បង្ក្រាប​បាន​ធ្វើ​ឱ្យ​​ស្លាប់​មនុស្ស​ជាង​២០​នាក់ ... ការវាយប្រហារ​ភេរវកម្ម​ប្រឆាំង​នឹង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ ស​ឱ្យ​ឃើញ​ពីកង្វះ​ខាត​ផ្នែ​កវិធានការ​សន្តិសុខ​របស់​រដ្ឋាភិបាល។

​​សកម្មភាព​នេះ បាន​ជំរុញ​ឱ្យ​មាន​ភាព​មិន​ទុក​ចិត្ត​ផុស​ឡើង​​កាន់​តែ​ច្រើន និង​មាន​សំណួរ​ ​ចោទ​ឡើង ថា​តើ​លោក​វីដូដូ នឹង​បន្ស៊ី​អាទិភាពដឹកនាំ​ប្រទេស​​ទៅ​នឹង​ស្ថានការណ៍​សេដ្ឋកិច្ច និង​ការពារ​ជាតិ​យ៉ាងណា ? តើ​លោក​នឹង​បន្សល់​ទុក​មរតក​អ្វី​ឱ្យ​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំង​២៦០​លាន​នាក់​ ដែល​នឹង​អាច​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​​ពិភពលោក​លំដាប់​ទី​បួន​នៅ​ឆ្នាំ​កន្លះ​សតវត្សរ៍​ទៀត ?! បើ​នៅ​ក្នុង​អាណត្តិ​ទី​មួយ សកម្មភាព​រដ្ឋាភិបាល​​ហាក់​ដូច​មិនបាន​​ឆ្លើយ​តប​ទៅ​នឹង​ការ​រង់ចាំដ៏​ធំធេង​របស់​ប្រទេស​ផង។ ហើយ​មួយ​រយៈ​ចុងក្រោយ​នេះ លោក ហាក់​បានបង្ហាញ​​ឱ្យ​ឃើញ​ពី​ភាព​​រារែក​ ស្ទាក់ស្ទើរ​​​ ...

ដូច្នេះ​ ភាព​ប្រឈម​ដ៏​សំខាន់​របស់​លោក​ វីដូដូ សម្រាប់​អាណត្តិ​ថ្មី គឺ​ត្រូវ​ប្រឹង​ធ្វើ​យ៉ាង​ណា​រក្សា​រូបភាព​ដ៏​ល្អ​ “ជាមេដឹកនាំស្និទ្ធ​នឹង​ពលរដ្ឋ » ព្រោះ​លោក​ប្រសូត​ចេញ​ពី​គ្រួសារ​ក្រីក្រ​ផង និង​​មាន​សមត្ថភាពសម្រេច​កិច្ចការ​ដ៏​លំបាក​បំផុត​ គឺ​ដឹកនាំ ប្រទេស​ជា​ប្រជុំ​កោះ​ដល់​ទៅ​ ១៧០០​០កោះ​ មាន​៣០០​ភាសា និង​ក្រុមជាតិ​ពិន្ធុផង។ ថ្វី​បើ​មាន​លេច​សញ្ញា​នៃ​ភាព​រារែកខ្លះ ឬ​កំសួល​នៃ​ភាព​ផ្តាច់ការ​បន្តិច​ក្តី ក៏​លោក​វីដូដូ ជា​តំណាង​នៃ​ភាព​រឹង​មាំ​ប្រជាធិបតេយ្យ​របស់​ឥណ្ឌូណេស៊ី។ លោក​មាន​ពេល​៥ឆ្នាំ ដែល​ត្រូវ​បញ្ជាក់​បង្ហាញថា​លោក​មិនមែន​ជា​អាយ៉ង​គេ​ទេ តែ​ជា​អ្នក​បញ្ជាដឹកនាំ​ប្រទេស។

អាណត្តិ​ទីពីរ​នេះ ​​ជា​អាណត្តិ​ចុងក្រោយ​បំផុត​សម្រាប់​លោក​វីដូដូ។ រដ្ឋធម្មនុញ្ញ​ឥណ្ឌូណេស៊ី​មិន​អនុញ្ញាត​ឱ្យ​លោក​វីដូដូ ឈរ​ឈ្មោះ​ជា​លើក​ទី​បី​ទេ៕

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​