អានតួអត្ថបទ
តួកគី-សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ​ប្តូរចិត្ត ដោយទាមទារ​ឲ្យតួកគី​ឈប់​វាយប្រហារ​ទៅលើ​ក្រុមគួដឌីស្ថាន

នៅពេល​កងទ័ព​តួកគី​កាន់តែ​វាយសម្រុក ចូល​ដណ្តើម​ទឹកដី ពី​ក្រុមគួដឌីស្ថាន ដែល​ជា​សម្ព័ន្ធមិត្ត​របស់អាមេរិក លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ដំឡើង​សំឡេង ទាមទារ​ឲ្យ​រដ្ឋាភិបាល​តួកគី បញ្ឈប់​ជា​បន្ទាន់ ប្រតិបត្តិការ​យោធា​នៅក្នុង​ទឹកដី​ស៊ីរី។ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ប្រកាស​ផងដែរ ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋមន្រ្តី​តួកគី​បីនាក់ ដែល​ជាប់​ពាក់ព័ន្ធ នៅក្នុង​រឿង​វាយប្រហារ​ទៅលើ​កងកម្លាំង​គួដឌីស្ថាន នៅ​ស៊ីរី។ 

ទីក្រុងRas al Ain គ្រប់គ្រង​ដោយ​ក្រុមគួដឌីស្ថានស៊ីរី ​រងការបាញ់ប្រហារ​របស់​យន្តហោះ​តួកគី នៅថ្ងៃទី ១៣​តុលា
ទីក្រុងRas al Ain គ្រប់គ្រង​ដោយ​ក្រុមគួដឌីស្ថានស៊ីរី ​រងការបាញ់ប្រហារ​របស់​យន្តហោះ​តួកគី នៅថ្ងៃទី ១៣​តុលា ©REUTERS/Murad Sezer/File Photo
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ បាន​ចុះ​ហត្ថលេខា​លើ​វិធានការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ទៅលើ​តួកគី ដោយ​ចាប់​បង្កក​ទ្រព្យសម្បត្តិ របស់​រដ្ឋមន្រ្តី​តួកគី បីនាក់ មកពី​ក្រសួង​ថាមពល ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ។

ទន្ទឹម​នឹង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​តួកគី រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តួកគី បិទ​បញ្ចប់ ការឈ្លានពាន អនុវត្ត​ជាបន្ទាន់ បទឈប់បាញ់ និង​ចាប់ផ្តើម​ចរចា​ជាមួយ​កងកម្លាំង​គួដឌីស្ថាន​នៅស៊ីរី។ នេះ​បើតាម​ការលើក​ឡើង របស់​អនុប្រធានាធិបតី​អាមេរិក លោក Mike Pence។

តាម​អនុប្រធានាធិបតី អាមេរិក​ដដែល នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន កាលពី​ថ្ងៃ​ចន្ទ លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់​ច្បាស់ ពី​ជំហរ​របស់​អាមេរិក។ ចំណែក លោកអ៊ែរដូហ្កាន​វិញ ក៏​បាន​សន្យា​ដែរ​ថា នឹង​គ្មាន​ការវាយប្រហារ​ទៅលើ​ទីក្រុង​កូបានេ ជាទី​ដែល​មានវត្តមាន​កងទ័ព​អាមេរិក។

សម្រាប់​ប្រធាន​រដ្ឋសភា​អ្នកតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi លោកដូណាល់​ត្រាំ បាន​បង្ក​ឲ្យមានភាពវឹកវរ និង​អសន្តិសុខ​នៅស៊ីរី ព្រោះ​លោក​បាន​ប្រកាស​ដក​កងទ័ព​អាមេរិក ដើម្បី បើក​ឱកាស​ឲ្យ​កងទ័ព​តួកគី វាយប្រហារ​ទៅលើ​កងកម្លាំង​គួដឌីស្ថាន។ ដូច្នេះ ការប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​មន្រ្តី​តួកគី នៅពេលនេះ គឺ មិន​គ្រប់គ្រាន់ ដើម្បី​ទៅ​ផ្លាស់ប្តូរ បញ្ឈប់​គ្រោះមហន្តរាយ ជីវិត​មនុស្ស នោះទេ។

ត្រូវ​សម្ព័ន្ធមិត្ត​អាមេរិក​បោះបង់​ចោល ទៅក្នុង​សង្រ្គាមវាយប្រហារ​របស់​កងទ័ព​តួកគី ក្រុមគួដឌីស្ថាន សុខចិត្ត​បន្ទន់​ជំហរ រត់​ទៅរក​ជំនួយ​ពី​ខាងកងទ័ព​រដ្ឋាភិបាល​ស៊ីរី ដែល​ធ្លាប់​ជា​សត្រូវ​របស់ខ្លួន​ពីមុនមក។ នៅថ្ងៃ​ចន្ទ បន្ទាប់​ពី​រដ្ឋបាល​គួដឌីស្ថាន​ចុះ​កិច្ចព្រមព្រៀង សុំ​ជំនួយ​ពី​ក្រុងដាម៉ាស គេឃើញ កងទ័ព​ស៊ីរី ធ្វើដំណើរ​ជាលើក​ទី ១ ចូល​ទៅ​ទីក្រុង Minbej ដែល​កងកម្លាំង គួដឌីស្ថាន បាន​វាយដណ្តើម ​កាន់កាប់​ពី​រដ្ឋាភិបាល​ស៊ីរី តាំង​ពី​ឆ្នាំ ២០១២។

ការប្រកាស​ដកកងទ័ព​អាមេរិក ដែលហុច​ឱកាស​ឲ្យ​តួកគី​វាយប្រហារ​ទៅលើ​ក្រុមគួដឌីស្ថាន បានធ្វើ​ឲ្យ​សង្រ្គាមស៊ីរី ប្តូរ ចេញ​ ជារូបរាង​ថ្មី ឬ ការវិលត្រលប់​ទៅ​ធ្វើ​សង្រ្គាម​សាជាថ្មី​ជាមួយ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ សម្រាប់​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក លោក​Mark Esper ការវាយប្រហារ​របស់​កងទ័ពតួកគី ទៅលើ​តំបន់​កាន់កាប់​របស់​ពួកគួដឌីស្ថាន​កំពុង​ធ្វើ​ឲ្យ​អ្នកទោស ជីហាត​អង្គការរដ្ឋអ៊ីស្លាម​ដែល​គ្រោះថ្នាក់​បំផុត អាច​រួចរត់ខ្លួន។ កាលពី​ថ្ងៃ​សុក្រ សមាជិក​ជីហាត ៥នាក់ បាន​លួចរត់​ចេញពី​គុក នៅពេល​កងកម្លាំង​គួដឌីស្ថាន​កំពុង​រងការវាយប្រហារ​ពី​យន្តហោះ​តួកគី។

សូមបញ្ជាក់ថា រដ្ឋបាល​គួដឌីស្ថាន​ដែលជា​សម្ព័ន្ធមិត្ត​របស់​អន្តរជាតិ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​តំបន់ភាគខាងជើង​ស៊ីរី កំពុង​គ្រប់គ្រង ពន្ធនាគារ​ចំនួន ៧ ដែល​មាន​ដាក់​ពួកទាហាន​ជីហាត អង្គការរដ្ឋអ៊ីស្លាម ប្រមាណ ១៥ ០០០នាក់ ដែលក្នុង​នោះ​មាន​ពួកជីហាត​បរទេស ចំនួន ៣ពាន់នាក់។ កាល​ពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​តួកគី​បាន​ចោទប្រកាន់​ក្រុមគួដឌីស្ថាន ថា បាន​ដោះលែង ដោយ​ចេតនា ពួកអ្នកទោស ជីហាត ដើម្បី​បង្ក​ចលាចល នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ