rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន គ្រោះធម្មជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ព្យុះសង្ឃរា ហាជីប៊ី សម្លាប់មនុស្ស​យ៉ាងតិច ៧០នាក់ នៅ​ប្រទេស​ជប៉ុន

media
អ្នកភូមិជប៉ុន​និយាយ​ទៅកាន់​ក្រុមជួយសង្រ្គោះ​ដែល​កំពុង​ស្វែងរក​ជនរងគ្រោះ​ដោយសារ​គ្រោះទឹកភ្លៀង ដោយ​នាំមក ដោយ​ព្យុះសង្ឃរា ហាជីប៊ី នៅថ្ងៃទី ១៤ តុលា ២០១៩ ©REUTERS/Kim Kyung-Hoon

រហូតមកដល់​ល្ងាច​ថ្ងៃ​អង្គារ ក្រុមជួយសង្រ្គោះ ជប៉ុន នៅ​បន្ត​ស្វែងរក​ប្រជាជន​ដែល​កំពុង​បាត់ខ្លួន និង​ដែល​អាច​ជាប់គាំង ដោយសារ​គ្រោះទឹកជំនន់ ដែល​បង្កឡើង​ដោយ​ខ្យល់ព្យុះ​សង្ឃរា ហាជីប៊ី។ តាមតុល្យការ​ចុងក្រោយ ដែលប្រកាស​ដោយ​ទូរទស្សន៍​រដ្ឋ​ជប៉ុន NHK មនុស្ស​យ៉ាងហោច ៧០នាក់ បាន​ស្លាប់​បាត់បង់ជីវិត នៅក្នុង​គ្រោះមហន្តរាយ​ធម្មជាតិ បង្កឡើង​ដោយ​ព្យុះកំណាច ហាជីប៊ី។ 

 


ក្រុមជួយសង្រ្គោះ ជាង​១ម៉ឺននាក់ ដែល​មានតាំង​ពី​ទាហាន ប៉ូលិស ឆ្មាំសមុទ្រ កំពុង​បន្ត​ប្រតិបត្តិការ​ស្វែងរក អ្នករួចរស់ជីវិត ដែល​នៅជាប់គាំង នៅក្នុង​តំបន់​ដែល​ជន់លិច​ដោយ​មហា​ទឹកភ្លៀង ដែល​អ្នកឧតុនិយមជប៉ុន​វាយតម្លៃ​ថា មិនធ្លាប់កើត​មាន​ នៅ​ប្រទេស​ជប៉ុន។

មាន​ប្រភព​ចេញពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក ព្យុះសង្ឃរា ហាជីប៊ី ដែល​វិល ក្នុង​ល្បឿន ២០០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង បាន​ពាំនាំ​ទឹកភ្លៀង ទៅជន់លិច​តំបន់​ភាគខាងកើត និង​ខាងជើង​ប្រទេស​ជប៉ុន តាំង​ពីយប់​ថ្ងៃ​សៅរ៍។ នៅ​ថ្ងៃ អង្គារ​នេះ ភ្លៀងធ្លាក់​មិនឈប់ អាច​គំរាមកំហែង​សាជាថ្មី ប្រជាជន​ជប៉ុន ហើយ​និង​ដំណើរការ​ស្វែងរក​របស់​ក្រុមជួយសង្រ្គោះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Yoshihige Suga បាន​ព្រមាន​ពី​កំពស់​ទឹកជំនន់​កើនឡើង ហើយ​និង​គ្រោះថ្នាក់​រលំបាក់ដី ដោយសារ​ទឹកភ្លៀង។ អាជ្ញាធរ​ជប៉ុន​បាន​អំពាវនាវ​ផងដែរ​ឲ្យ​ប្រជាជន​ជប៉ុន​បន្ត​ប្រយ័ត្នប្រយែង ឲ្យ​បាន​ខ្ពស់បំផុត។ មនុស្ស​ជាច្រើន​ម៉ឺននាក់ កំពុង​ជ្រកកោន ក្នុង​មណ្ឌល​បណ្តោះអាសន្ន។

នៅ​ក្នុង​សុន្ទរកថា ទៅកាន់​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​នៅថ្ងៃ​នេះ លោក​នាយករដ្ឋមន្រ្តី​ស៊្ហីនហ្សូ អាបេ​បាន​សន្យា​បើក​ការស៊ើបអង្កេត បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ដែល​ថា ជនអនាថា ជប៉ុន​២នាក់ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន បដិសេធ​មិន​ឲ្យ​ចូលក្នុង​ជំរក​ណ្តោះអាសន្ន នៅពេល​មាន​ព្យុះភ្លៀង។

ទឹកភ្លៀង​ធ្លាក់​មិនឈប់ កំពុង​ធ្វើឲ្យ​ទឹកស្ទឹង​ប្រមាណ ១៨០ ហៀរ​ចូល​ទៅ​ក្នុង​ភូមិ និង​ទីក្រុង ដែល​សំបូរ​មនុស្សរស់នៅ។ ផ្ទះសម្បែង​រាប់រយខ្នង រងការបំផ្លាញ ដោយសារ​ខ្យល់ព្យុះ ហាជីប៊ី ចំណែក សាលារៀន មជ្ឈមណ្ឌល​មនុស្សចាស់ ស្ថានីយ​រថភ្លើង និង​ស្ថាប័ន​រដ្ឋ ជាច្រើន​កន្លែង​ត្រូវ​ជន់លិច​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ទឹកភ្លៀង។

តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ គឺ Miyagi និង​Fukushima ដែល​រងគ្រោះ​ស្លាប់​ជីវិត​មនុស្ស ម្តងហើយ ដោយសារ​រលកយក្ស​ស៊ូណាមី កាលពីឆ្នាំ ២០១១។ គេ​កំពុង​បារម្ភ​ផងដែរ ពីគ្រោះថ្នាក់ រសាត់​អណ្តែត​ស្បោងខ្មៅ ដែល​ខ្ចប់ ដី និង​ស្លឹកឈើ ដែល​ប្រមូល​បាន​ពីតំបន់​មាន​លេច​សាយភាយ សារធាតុ​វិទ្យុសកម្ម នៅក្នុងគ្រោះថ្នាក់ ផ្ទុះរោងចក្រ​នុយក្លេអ៊ែរ​នៅ​Fukushima។ តាម​អ្នកនាំពាក្យ​របស់​ក្រសួង​បរិស្ថាន គេ​បាន​ប្រមូលមកវិញ ស្បោង ដី មាន​សារធាតុ​វិទ្យុសកម្ម ​ចំនួន៦ ក្នុង​ចំណោម​ស្បោង ១០ ដែល បាន​រសាត់អណ្តែត ដោយសារ​ទឹកជំនន់ ហៀរចេញពី​ស្ទឹង៕