អានតួអត្ថបទ
ឥណ្ឌា-ចិន

ឥណ្ឌា-ចិន៖លោកម៉ូឌី និងលោកស៊ីឯកភាពលើការប្រឆាំងភេរវនិយម និងការផ្តាច់ខ្លួនចូលក្រុមជ្រុលនិយម

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ លោក​ស៊ី​ត្រូវ​បាន​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​ទទួល​ជួប​នា​ថ្ងៃ​សុក្រ ទី១១ តុលា​នៅ​ស្រុក​ឆ្នេរសមុទ្រ​ម៉ាម៉ាលឡាពូរ៉ាម​ស្ថិត​ប៉ែក​អាគ្នេយ៍​ប្រទេស។ នៅ​ក្នុង​ជំនួប លោក​ម៉ូឌី និង​លោក​ស៊ី​បាន​ឯកភាព​លើ​ផ្ទាំងស៊ីប​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម និង​ការ​ផ្តាច់ខ្លួន​ចូល​ជាមួយ​ពួក​ជ្រុលនិយម។ នេះ​អាច​ជា​សញ្ញា​ធូរស្រាល​មួយ បន្ទាប់​ពី​ប្រទេស​គូប្រជែង​ទាំង​ពីរ​បាន​ដំឡើង​សរសៃ ក ដាក់​គ្នា​នៅ​ក្នុង​បញ្ហា​តំបន់​កាស្មៀរ​ដែល​ឥណ្ឌា​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន។

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តីឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី
ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តីឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី Reuters
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ជំនួប​រវាង​លោក​ស៊ី ជីនពីង និង​លោក​ណារិនដ្រា ម៉ូឌី​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ឥណ្ឌា​លោក Vijay Gokhale។ តាម​លោក Vijay ថ្នាក់ដឹកនាំ​នៃ​មហាប្រទេស​អាស៊ី​ទាំង​ពីរ​បាន​ព្រួយបារម្ភ​ពី​ទង្វើ​ផ្តាច់ខ្លួន​ចូល​ក្រុមជ្រុលនិយម និង​បាន​ព្រមព្រៀង​បន្ត​ធ្វើ​ការ​រួម​គ្នា​ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ភេរវនិយម និង​ការ​ផ្តាច់ខ្លួន​ចូល​ក្រុមជ្រុលនិយម​ប៉ះពាល់​ដល់​សង្គម​ឥណ្ឌា និង​ចិន​ដែល​ជា​សង្គម​វប្បធម៌ចម្រុះ ជាតិពិន្ធុចម្រុះ និង​សាសនាចម្រុះ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​លោក Raveesh Kumar បាន​និយាយ​ត្រង់ៗ​ពី​ថ្ងៃ​ជំនួប​ប្រកប​ដោយ​ផ្លែផ្កា​របស់​លោក​ស៊ី និង​លោក​ម៉ូឌី។

នៅ​ប្រទេស​ចិន​ឯណោះ សារព័ត៌មាន​ផ្លូវការ​ស៊ីនហួរ​ក៏​បាន​សរសេរ​ពី​ជំនួប​វិជ្ជមាន​រវាង​ប្រធានាធិបតី​ចិន និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ដោយ​បញ្ជាក់​ក្នុង​ថ្ងៃ​សៅរ៍ ទី១២ តុលា​នេះ​ថា លោក​ស៊ី​ត្រូវ​បាន​លោក​ម៉ូឌី​ទទួល​ជួប​ដោយ​រាក់ទាក់ និង​កក់ក្តៅ​ជា​ទីបំផុត ហើយ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​នាក់​បាន​ព្រមព្រៀង​គ្នា​ថា មហាប្រទេស​ទាំង​ពីរ​ត្រូវ​តែ​គោរព​គ្នា និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​សម្រេច​ឲ្យ​បាន​រួម​គ្នា​នូវ​ការ​អភិវឌ្ឍន៍ និង​វិបុលភាព។ សូម​បញ្ជាក់​ថា​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សង្រ្គាមពាក្យ​សម្តី​រវាង​ចិន និង​ឥណ្ឌា​បាន​កើត​មាន​យ៉ាង​ផុសផុល​ទាក់ទង​នឹង​បញ្ហា​តំបន់​កាស្មៀរ​ដែល​ឥណ្ឌា​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​តាំង​ពី​ជាង ៧០ឆ្នាំ​កន្លង​មក។

ចំណោត​នៅ​ត្រង់​ថា ចិន​ដែល​មាន​មហាគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​កាស្មៀរ​ផ្នែក​ប៉ាគីស្ថាន​តែង​ចេញ​គាំទ្រ​ប៉ាគីស្ថាន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​តាម​ផ្លូវ​ការទូត។ នា​ដំណើរ​ទស្សកិច្ច​នៅ​ប៉ាគីស្ថាន​មុន​ឥណ្ឌា លោក​ស៊ី ជីនពីង​បាន​និយាយ​ប្រាប់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន់ ខាន់​ថា ចិន​គាំទ្រ​សិទ្ធិស្របច្បាប់​នៅ​តំបន់​កាស្មៀរ។ តែ​ឥណ្ឌា​បាន​វាយបក​វិញ​ភ្លាមៗ​ថា វា​មិនមែន​ជា​កិច្ចការ​របស់​ប្រទេស​ផ្សេង​ដែល​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​លើ​រឿងផ្ទៃ​ក្នុង​របស់​ឥណ្ឌា​ទេ។ គួរ​រម្លឹក​ថា វត្តមាន​លោក​ស៊ី​ក្នុង​ទឹកដី​ឥណ្ឌា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ស៊ី​បាន​ទទួល​ជួប​លោក​ម៉ូឌី​ក្នុង​ទឹកដី​ចិន​ក្រោម​ទម្រង់​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ