អានតួអត្ថបទ
អាមេរិក-ចិន

សង្រ្គាមពាណិជ្ជកម្ម៖លោកដូណាល់ ត្រាំប្រកាសពីការរកបានកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយចិន

នៅ​អាមេរិក ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ ទី១១ តុលា​ពី​ការ​រក​បាន​កិច្ចព្រមព្រៀង​ក្នុង​ជំហាន​ទី១ ជាមួយ​ចិន។ លោក​ត្រាំ​បាន​ប្រកាស​យ៉ាង​ដូច​នេះ​ក្នុង​ពេល​ដែល​លោក​បាន​ទទួល​ជួប​ឧបនាយករដ្ឋមន្រ្តី​ចិន​ក្នុង​សេតវិមាន។ តាម​លោក​ត្រាំ កិច្ចព្រមព្រៀង​ជា​គោលការណ៍​រវាង​អាមេរិក និង​ចិន​អាច​នឹង​ចុះ​ហត្ថលេខា​នៅ ៣សប្តាហ៍​ខាង​មុខ​រវាង​លោក និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង។ តែ​គេ​បាន​ដឹង​តិចតួច​ពី​ខ្លឹមសារ​លំអិត​នៃ​កិច្ចព្រមព្រៀង​ជា​គោលការណ៍។ គួរ​រម្លឹក​ថា ចិន និង​អាមេរិក​បាន​ផ្តើម​សង្រ្គាមពាណិជ្ជកម្ម​រវាង​គ្នា​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៨ ដោយ​ភាគី​នីមួយៗ​បាន​ប្រើ​វិធានការ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​រវាង​គ្នា​ទៅ​វិញ ទៅ​មក។

ឧបនាយករដ្ឋមន្រ្តីចិន​នៅ​ក្នុង​សេតវិមាន​របស់​លោក​ដូណាល់ ត្រាំ ថ្ងៃទី១១ តុលា ២០១៩
ឧបនាយករដ្ឋមន្រ្តីចិន​នៅ​ក្នុង​សេតវិមាន​របស់​លោក​ដូណាល់ ត្រាំ ថ្ងៃទី១១ តុលា ២០១៩ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

« អាមេរិក និង​ចិន​កំពុង​រំកិល​រក​ចំណុច​រួម​ដើម្បី​ឈាន​ទៅ​បិទបញ្ចប់​សង្រ្គាមពាណិជ្ជកម្ម​រវាង​គ្នា » នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​ពេល​ទទួល​ជួប​អ្នក​ចរចា​ចិន​ដែល​មាន​តួនាទី​ជា​ឧបនាយករដ្ឋមន្រ្តី។ នៅ​ប្រទេស​ចិន​ឯណោះ ទីក្រុង​ប៉េកាំង​មិន​បាន​និយាយ​ពី​កិច្ចព្រមព្រៀង​ជា​គោលការណ៍​ទេ តែ​បាន​និយាយ​ពី​ការ​ចរចា​ដែល​ពោរពេញ​ដោយ​លក្ខណៈ​ស្ថាបនា។ តើ​កិច្ចព្រមព្រៀង​ជា​គោលការណ៍​ដែល​ក្រុម​អ្នកចរចា​ចិន និង​អាមេរិក​បាន​រក​ឃើញ​មាន​ខ្លឹមសារ​លំអិត​អ្វី​ខ្លះ?។ លោក​ត្រាំ​បាន​ត្រឹម​ទម្លាយ​ឲ្យ​ដឹង​ថា ចិន​បាន​យល់​ព្រម​ទិញ​បន្ថែម​នូវ​ផលិតផល​កសិកម្ម​អាមេរិកាំង​ដែល​ជា​វិធានការ​មួយ​ទាមទារ​ដោយ​លោក​ត្រាំ​តាំង​ពី​ដំបូងទី។

ជា​ថ្នូរ​ត្រឡប់​វិញ លោក​ត្រាំ​បាន​យល់ព្រម​លុប​ចោល​វិញ​នូវ​ការ​ដំឡើង​អត្រា​ពន្ធ​ពី ២៥% ទៅ ៣០% លើ​ផលិត​ចិន​នាំ​ចូល​អាមេរិក​ក្នុង​ទឹកប្រាក់ ២៥០ ០០០លានដុល្លារ។ តាម​គម្រោង ការ​ដំឡើង​អត្រា​ពន្ធ​នេះ​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​អង្គារ ទី១៥ តុលា​ទៅ។ លោក​ត្រាំ​បាន​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​ជា​គោលការណ៍​រវាង​អាមេរិក និង​ចិន​ពេល​នេះ​អាច​នឹង​ចុះ​ហត្ថលេខា​នៅ ៣សប្តាហ៍​ខាង​មុខ​រវាង​លោក និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​នា​ឱកាស​វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ីប៉ាស៊ីហ្វិក​ដែល​គ្រោង​រៀបចំ​ក្នុង​ប្រទេស​ស៊ីលី​នា​ខែ​វិច្ឆិកា​ខាង​មុខ។

ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ពី​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់​នៅ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម​យ៉ាង​ប្រទាញប្រទង់​រវាង​អាមេរិក និង​ចិន។ តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែងឆ្ងាយ​ទៀត​ដើម្បី​អាច​ឈាន​ទៅ​បិទបញ្ចប់​សង្រ្គាម​នេះ​ទាំង​ស្រុង។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា នៅ​មាន​សំណុំរឿង​សំខាន់ៗ​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ ពិសេស​ទាក់ទង​នឹង​រូបិយប័ណ្ណ កម្មសិទ្ធិបញ្ញា សេវា​រូបិយវត្ថុ ឬ​មួយ​ការ​ផ្ទេរបច្ចេកវិទ្យា​ជា​ដើម។ គួរ​រម្លឹក​ថា ចិន និង​អាមេរិក​បាន​ផ្តើម​សង្រ្គាមពាណិជ្ជកម្ម​តាម​រយៈ​វិធានការ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​រវាង​គ្នា​ទៅ​វិញ ទៅ​មក​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ