អានតួអត្ថបទ
ជប៉ុន-គ្រោះធម្មជាតិ

ជប៉ុន៖ខ្យល់ព្យុះសង្ឃរាហាជីប៊ីបានសម្លាប់មនុស្សយ៉ាងតិច ២នាក់

នៅ​ក្នុង​ប្រទេស​ជប៉ុន ទីក្រុង​តូក្យូ និង​តំបន់​ជុំវិញ​ទីក្រុង​តូក្យូ​បាន​រងគ្រោះ​ដោយ​ឥទ្ធិពល​ព្យុះសង្ឃរា​ហាជីប៊ី​យ៉ាង​ខ្លាំងក្លា។ ព្យុះសង្ឃរា​ហាជីប៊ី​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​ការ​បាក់ដី​ជា​ច្រើន​កន្លែង។ តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​ស្លាប់​មនុស្ស​ចំនួន ២នាក់ បាត់ខ្លួន​ជា​ច្រើន​នាក់ និង​មាន​របួស​ជាង ៣០នាក់។ រដ្ឋអំណាច​បាន​បង្គាប់​ឲ្យ​មនុស្ស​ប្រមាណ​ជា ៧លាន ៣សែន​ជម្លៀសខ្លួន​ទៅ​កាន់​កន្លែង​សុវត្ថិភាព​បណ្តោះអាសន្ន។ ទន្ទឹម​គ្នា​នេះ គ្រប់​មធ្យាបាយ​ដឹកជញ្ជូន​សាធារណៈ​តាម​ផ្លូវអាកាស និង​ផ្លូវ​រថភ្លើង​លើដី ក្រោមដី​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នា​ចុង​សប្តាហ៍​នេះ និង​អាច​បន្ត​ដល់​ថ្ងៃ​ចន្ទ ទី១៤ តុលា​ដែល​ជា​ថ្ងៃ​បុណ្យ។

ជប៉ុន៖ខ្យល់ព្យុះសង្ឃរាហាជីប៊ីបានសម្លាប់មនុស្សយ៉ាងតិច ២នាក់
ជប៉ុន៖ខ្យល់ព្យុះសង្ឃរាហាជីប៊ីបានសម្លាប់មនុស្សយ៉ាងតិច ២នាក់ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​វេលា​ម៉ោង ៩យប់​ម៉ោង​ក្នុង​ប្រទេស​ជប៉ុន​ដែល​ខ្យល់ព្យុះសង្ឃរា​ហាជីប៊ី​បាន​បោកបក់​លើ​ទីក្រុង​តូក្យូ និង​តំបន់​ជាយ​ទីក្រុង​តូក្យូ​ជាមួយ​នឹង​ល្បឿនខ្យល់​ជិត ២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន។ ក្រៅ​ពី​កណ្តាល​ទីក្រុង​តូក្យូ ព្យុះសង្ឃរា​ហាជីប៊ី​ក៏​បាន​បោកបក់​លើ​តំបន់​ជាយ​ក្រុង​តូក្យូ​មួយ​ចំនួន ពិសេស​ក្នុង​តំបន់​ឈីបា​ស្ថិត​ប៉ែក​ខាង​កើត តំបន់​ហ្កាន់ម៉ា​នៅ​ប៉ែក​ខាង​ជើង តំបន់​យ៉ូហូហូម៉ា និង​តំបន់​កាណាហ្កាវ៉ា​នៅ​ប៉ែក​ខាង​លិច។ តុល្យការ​បណ្តោះអាសន្ន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​ចំនួន ២នាក់ បាត់ខ្លួន​ជា​ច្រើន​នាក់ និង​របួស​ធ្ងន់ ស្រាល​ប្រមាណ​ជា ៣០នាក់។

រដ្ឋអំណាច​ក្រុង​តូក្យូ​បាន​បង្គាប់បញ្ជា​ឲ្យ​ប្រជាជន​ប្រមាណ​ជា ៧លាន ៣សែន​នាក់​ជម្លៀសខ្លួន​ទៅ​កាន់​ទី​សុវត្ថិភាព​បណ្តោះអាសន្ន។ តែ​មាន​មនុស្ស​ប្រមាណ ៥០ ០០០នាក់​ប៉ុណ្ណោះ​ដែល​ធ្វើ​តាម​ការ​បង្គាប់បញ្ជា​ដែល​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ ហើយ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នាក់នៅ​តាម​សាល​ហាត់កីឡា ឬ​មជ្ឈមណ្ឌលស្នាក់នៅ​របស់​រដ្ឋ។ « ខ្ញុំ​បាន​ចាកចេញ​ពី​ផ្ទះ ព្រោះ​ដំបូល​ផ្ទះ​ខ្ញុំ​បាន​រង​ការ​ខូចខាត​អស់ ហើយ​ភ្លៀង​បាន​ធ្លាក់​ចូល​ខាង​ក្នុង » នេះ​ជា​ការ​រៀបរាប់​របស់​បុរស​អាយុ ៩៣ឆ្នាំ​ម្នាក់​រស់នៅ​ក្នុង​តំបន់​ឈីបា។ ក្រៅ​ពី​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ បាត់ខ្លួន និង​របួស ព្យុះ​ហាជីប៊ី​បាន​បង្ក​ឲ្យ​បាក់ដី រលកបោកបក់​ធំៗ និង​ទឹកជំនន់។ មាន​ផ្ទះសម្បែង​ជាង ១៨០ ០០០ខ្នង​ក្នុង​ទីក្រុង​តូក្យូ និង​តំបន់​ជុំវិញ​ដែល​រង​ការ​ខូចខាត​ពី​ព្យុះសង្ឃរា​ហាជីប៊ី​កំពុង​ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់។

ទីភ្នាក់ងារ​ឧតុនិយម​បាន​ប្រមើលមើល​ពី​កម្ពស់ទឹកភ្លៀង ៥០សង់ទីម៉ែត្រ​នៅ​តំបន់​ទីក្រុង​តូក្យូ​ក្នុង​រយៈពេល ២៤ម៉ោង​រហូត​ដល់​វេលា​ថ្ងៃ​ត្រង់​ក្នុង​ថ្ងៃ​អាទិត្យ ទី១៣ តុលា។ ទន្ទឹម​គ្នា​នេះ រោងចក្រ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រួម​ទាំង​ហាង​លក់ទំនិញ​ធំ តូច​ជា​ច្រើន​ត្រូវ​បាន​បិទទ្វារ។ ចំណែក​គ្រប់​មធ្យាបាយ​ដឹកជញ្ជូន​សាធារណៈ​តាម​ផ្លូវអាកាស និង​ផ្លូវ​រថភ្លើង​លើដី ក្រោមដី​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នា​ចុង​សប្តាហ៍​នេះ និង​អាច​បន្ត​ដល់​ថ្ងៃ​ចន្ទ ទី១៤ តុលា​ដែល​ជា​ថ្ងៃ​បុណ្យ។ បន្ទាប់​មក ការ​រៀបចំ​ប្រកួត​កីឡាបាល់ឳប រួម​ទាំង​ការ​ប្រណាំង​រថយន្ត​ក៏​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ