អានតួអត្ថបទ
អ៊ីរ៉ាក់

បាតុកម្ម​នៅអ៊ីរ៉ាក់៖ មេដឹកនាំ​សាសនា​ស្ហ៊ីអ៊ីត ព្រមាន​នាយករដ្ឋមន្រ្តី​ពី​ផលវិបាក បើសិនគ្មាន​ដំណោះស្រាយ

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ នៅ​បន្ត​កើតមាន នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បើ​ទោះ​ជា​មាន​ការអំពាវនាវ​របស់​នាយករដ្ឋមន្រ្តី​ឲ្យ​អត់ធ្មត់ ហើយ​និង​វិធានការ​កាត់ផ្តាច់​អ៊ីនធ័រនែត នៅក្នុង​ប្រទេស។ នៅថ្ងៃ​សុក្រម្សិលមិញ ដែរ ប្រមុខដឹកនាំ​សាសនា​ស្ហ៊ីអ៊ីត របស់អ៊ីរ៉ាក់​បានចេញមុខ​ជាលើកទី ១ ដាក់កំរិត​ឲ្យ​រដ្ឋាភិបាល និង​សភា ប្រញាប់ដោះស្រាយ តាម​ការទាមទារ​របស់​បាតុករ បើសិន​មិន​ចង់​ឲ្យ​មាន​មហាបាតុកម្ម​ផ្ទុះឡើង​នៅទូទាំង​ប្រទេស។ នៅក្នុង​រយៈពេល តែ​៤ថ្ងៃ បាតុកម្ម​ហិង្សា តាំង​ពី​ថ្ងៃ​អង្គារ​បាន​សម្លាប់​មនុស្ស​៣៧នាក់។ 

ប្រជាជន​អ៊ីរ៉ង់ ជាពិសេស​យុវជន​នៅតែ​ផ្គើន​នឹង​បម្រាមគោចរ ធ្វើបាតុកម្ម នៅទីក្រុង​បាកដាដ ថ្ងៃសុក្រទី ៤​តុលា ២០១៩
ប្រជាជន​អ៊ីរ៉ង់ ជាពិសេស​យុវជន​នៅតែ​ផ្គើន​នឹង​បម្រាមគោចរ ធ្វើបាតុកម្ម នៅទីក្រុង​បាកដាដ ថ្ងៃសុក្រទី ៤​តុលា ២០១៩ © REUTERS/Alaa al-Marjani
ផ្សាយពាណិជ្ជកម្ម

បម្រាមគោរព និង​ការផ្តាច់អ៊ីនធ័រនែត។ ចំណាត់ការ​ទាំងពីរ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ មិនបាន​ធ្វើឲ្យ​ប្រជាជន​បាក់​ទឹកចិត្ត ឈប់​ធ្វើបាតុកម្ម​ប្រឆាំង រដ្ឋាភិបាល​នៅថ្ងៃ​សុក្រ​ម្សិលមិញ​នោះទេ។ បាតុកម្ម​ដើម្បី បរិហារ អំពើពុករលួយ និង​ការអត់ការងារ​របស់​ប្រជាជន​អ៊ីរ៉ាក់ បាន​ឈាន​ចូល​ដល់​ថ្ងៃទី ៤ ថ្ងៃ​ដែល​ប៉ូលិស និង​បាតុករ​នៅតែ​ប៉ះទង្គិចគ្នា ដ៏ហិង្សា។

តាំង​ពីថ្ងៃ​អង្គារ ចលនា​ប្រឆាំង​រដ្ឋាភិបាល បាន​ផ្ទុះឡើង នៅ​រដ្ឋធានី បាកដាដ និង​នៅតាម​ទីក្រុង​ភាគខាងត្បូង​ប្រទេស ដែល​សំបូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម និកាយស្ហ៊ីអ៊ីត។ នៅថ្ងៃ​សុក្រ ម្សិលមិញ ប្រមុខដឹកនាំ​សាសនា​អ៊ីស្លាម និកាយ​ស្ហ៊ីអ៊ីត ដែល​ជា​បុគ្គល​ដ៏មាន​ឥទ្ធិពល​ទៅលើ​អ្នកនយោបាយ​អ៊ីរ៉ាក់ បានបរិហារ​ការបង្រ្កាប ដ៏ហិង្សា​ទៅលើ​បាតុករ ហើយ​និង​បាន​ព្រមាន​ប្រាប់​នាយករដ្ឋមន្រ្តី និង​សភា​អ៊ីរ៉ាក់ ឲ្យ​ប្រញាប់​ធ្វើ​កំណែទម្រង់ ជាពិសេស គឺ​កែលម្អ សេវា​សាធារណៈ ផ្តល់​ការងារ​សម្រាប់យុវជន ហើយនិង​បិទបញ្ចប់ បញ្ហា​ពុករលួយ។ សម្រាប់​ប្រមុខសាសនា​អ៊ីរ៉ាក់ បាតុកម្ម​អាច​ថយចុះខ្សោយ​នៅថ្ងៃនេះ ប៉ុន្តែ ក៏នឹង​អាច​ត្រលប់​មកសាជាថ្មី នឹង​អាច​រឹតតែ​ខ្លាំងធ្ងន់ធ្ងរ​ជាងពេលនេះ បើសិន​រដ្ឋាភិបាល​មិនរកដំណោះស្រាយ​ឲ្យ​ប្រជាបាតុករ។

លោក អាប់ឌែល ម៉ាឌី ដែល​ទើប​ចូលកាន់​តំណែង នាយករដ្ឋមន្រ្តី អ៊ីរ៉ាក់ បាន​១ឆ្នាំ គត់ នៅខែ​តុលានេះ បាន​អំពាវនាវ​ នៅថ្ងៃ ព្រហស្បតិ៍ ឲ្យ​ប្រជាជន​អ៊ីរ៉ាក់ អត់ធ្មត់ ប៉ុន្តែ ជាមួយ​គ្នានោះ លោកក៏ទទួលស្គាល់ថា គ្មានដំណោះស្រាយ ភ្លាមៗ នៅពេលនេះដែរ។

បាតុកម្ម​របស់​មហាជន ដែល​គ្មាន​ការដឹកនាំ​ពី​អ្នកនយោបាយ ឬ​មេដឹកនាំ​សាសនា គឺ​ជារឿង​ថ្មី​មួយ មិនធ្លាប់​នៅ​អ៊ីរ៉ាក់ ដែល​ទើបតែ​ចាកផុត​ពី​អស្ថិរភាព នយោបាយ និង​សន្តិសុខ បាន​តែ​២ឆ្នាំ ប៉ុណ្ណោះ ចាប់តាំង​ពី​សង្រ្គាមទម្លាក់​សាដាម ហ៊ូសេន នៅឆ្នាំ ២០០៣។

ការដកតំណែង មេទ័ព​ប្រឆាំង​នឹង​ក្រុមភេរវនិយម ជា​ចំណុចចាប់ផ្តើម​នៃ​មហាបាតុកម្ម​របស់​ប្រជាជន​អ៊ីរ៉ាក់ ដែល​បាន​ចោទនាយករដ្ឋមន្រ្តី​ថ្មី​របស់អ៊ីរ៉ាក់ ថា មាននិន្នាការ​ខ្លាំង​ទៅរក​អ៊ីរ៉ង់។ បន្ទាប់មកទៀត ទៅតាម​ការអំពាវនាវ​ជាបន្តបន្ទាប់​តាមបណ្តាញសង្គម ប្រជាជន​អ៊ីរ៉ាក់ ជាពិសេស​យុវជន​បាន​ចុះថ្នល់​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​ពួកគេ​វាយតម្លៃ​ថា អសមត្ថភាព​លុបបំបាត់​អំពើពុករលួយ ដែល​បាន​ធ្វើ​ឲ្យ​អ៊ីរ៉ាក់ ខាតបង់​ថវិកា ជាង ៤១០ពាន់លាន​ដុល្លារ ក្នុង​រយៈពេល ១៦ឆ្នាំ​ចុងក្រោយនេះ។ បាតុករ​អ៊ីរ៉ាក់​បាន​ទាមទារ​ផងដែរ ឲ្យ​រដ្ឋាភិបាល ដោះស្រាយ បញ្ហា​យុវជន​អត់ការងារ​ធ្វើ ដែល​មានចំនួន ប្រមាណ ២៥ភាគរយ នៅក្នុង​ប្រទេស។ រដ្ឋាភិបាល​អ៊ីរ៉ាក់​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ផងដែរ សេវាសាធារណៈ ព្រោះថា ទោះជា​ប្រទេស​ចប់ លែង​មាន​សង្រ្គាម និង​អស្ថិរភាព​នយោបាយ ២ឆ្នាំ​ទៅហើយក្តី ប៉ុន្តែ ប្រជាជន​អ៊ីរ៉ាក់ នៅតែខ្វះខាត​ទឹកស្អាត និង​ភ្លើងប្រើប្រាស់​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ