អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ​ទី ១​តុលា ម្សិលមិញ ប៉េកាំង​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប៧០​ឆ្នាំ ​​នៃ​ការ​បង្កើត​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​មាន​ការ​រៀប​ចំ​ពិធី​ព្យុហយាត្រា​សម្ញែងឫទ្ធិ​យោធា​ដ៏អស្ចារ្យ។ សាធារណរដ្ឋ​ប្រជាមានិតចិន អបអរភាព​ចាស់ទុំ​នយោបាយ ​ ឯ​តៃ​វ៉ាន់វិញ​ក៏មាន​​​មោទនភាព។ ​កំណើត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្តូរ​ផ្លាស់​​តៃវ៉ាន់។ ៧០​ឆ្នាំក្រោយ ​តៃវ៉ាន់មាន​ឬសចាក់គល់​កាន់​តែ​មាំ និង​​​មាន​អត្តសញ្ញាណជាតិ​កាន់​តែ​ច្បាស់​ជា​របស់​ខ្លួន​ ដាច់​ដោយ​ឡែក​ពី​ចិន។

បាតុកម្ម​គាំត្រ​ហុងកុង ប្រឆាំង​នឹង​ចិន នៅ​ថ្ងៃទី ២៩ កញ្ញា ២០១៩
បាតុកម្ម​គាំត្រ​ហុងកុង ប្រឆាំង​នឹង​ចិន នៅ​ថ្ងៃទី ២៩ កញ្ញា ២០១៩ AFP
ផ្សាយពាណិជ្ជកម្ម

តៃវ៉ាន់​ និង​ចិន បាន​បែកចេញ​ពី​គ្នា ដោយ​​សង្រ្គាម​ស៊ីវិល នៅ​ឆ្នាំ​​​១៩៤៩។ ជា​សង្គ្រាម​រវាង​កង​កម្លាំង​អ្នក​ជាតិ​និយម​ចិន (គួមីងតាង) និង​កងទ័ព​​កុម្មុយនិស្ត​ដឹកនាំ​ដោយ​លោក ម៉ៅសេទុង។ ក្រុម​​ម៉ៅនិយម​ ជា​អ្នក​ឈ្នះ​សង្គ្រាម បាន​ប្រកាស​បង្កើត​សារធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ដីគោក នា​ថ្ងៃ​ទី ១​តុលា ឆ្នាំ​១៩៤៩។ ចំណែក​ក្រុម​អ្នក​ជាតិ​និយមចាញ់ ក៏​​រត់​ទៅ​​តាំង​ទី​និង​ប្រកាស​បង្កើត​សាធារណរដ្ឋ​ចិន នៅ​តៃវ៉ាន់។ ប៉ុន្តែ​រដ្ឋាភិបាល​ចិន​ដីគោគ (ក្រុង​ប៉េកាំង)​ បាន​​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​មួយ​ថា តៃវ៉ាន់ ជា​កោះ​នៃ​ក្រុមឧទ្ទាម និង ​ជា​ខេត្ត​មួយ​របស់​ចិន ដែល​ចិន​ត្រូវ​តែ​យក​មក​ដាក់​បញ្ចូល​ក្នុង​ទឹកដី​របស់​ខ្លួន​វិញ នៅថ្ងៃ​ណាមួយ។ ការ​បញ្ចូល​​តៃវ៉ាន់​មក​ក្នុង​ទឹកដី​ចិន ដែល​អាច​នឹង​ត្រូវ​ធ្វើ​ដោយ​ប្រើ​កម្លាំង​ទ័ពផង​​ប្រសិន​បើ​ចាំបាច់។

៧០​ឆ្នាំក្រោយ រដ្ឋាភិបាល​ប៉េកាំង នៅ​តែ​ខ្វល់​ខ្វាយ​ជានិ​ច្ច​ នឹង​ការ​ចាប់​ច្របាច់​តៃវ៉ាន់​មក​ធ្វើ​ជា​ចិន​តែ​មួយ។ ប៉េកាំង​​នៅ​តែចាត់ទុក​តៃវ៉ាន់ ជា​ចំណែក​មួយ​នៃ​ចិន ដែលបែក​បាក់​បាត់​ទៅ ហើយ​​ត្រូវ​ប្រមូលមក​ផ្គុំ​គ្នា​វិញឱ្យ​ខាន​តែ​បាន បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​តៃវ៉ាន់ គិត​យ៉ាង​ណា​ក៏ដោយ។​

ពលរដ្ឋ​តៃវ៉ាន់ ពិសេស​ក្មេងៗ “​និយាយថា​​ដែន​ដី​តៃវ៉ាន់ ថា​ជា​ចំណែក​មួយ​របស់​ចិនប្រជាមានិត” ជា​ឃ្លា​ដែល​គ្មាន​ន័យ​សោះ។ យុវវ័យ​ក្រោម​អាយុ​២០​ឆ្នាំ​ភាគ​ច្រើន​ យល់​ថា តៃវ៉ាន់​ជា​ប្រទេស​មួយ​ ព្រោះ​មាន​ស្វ័យភាព មាន​រដ្ឋាភិបាល មានពលរដ្ឋ​ និងមាន​ដែនដី។ សម្រាប់​ក្មេង​ជំនាន់​ក្រោយ ពួកគេ​បាន​អះអាង​មិន​បាន​កើត​នៅ​ក្នុង​ទឹក​ដីចិន គ្មាន​អារម្មណ៍​ថា​ជា​ចិនទេ បើ​ទោះ​បី​ជា​មាន​កាន់​​វប្បធម៌ចិន តែ​ពួកគេ​ខុស​ពី​ចិន។ បើ​គេ​ជឿ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ របស់​សាកលវិទ្យាល័យ​ជាតិ​តៃប៉ិ ប្រជាពលរដ្ឋ​រស់​នៅ​លើ​កោះ ដែល​កំណត់​អត្តសញ្ញាណ​ខ្លួន​ជា​តៃវ៉ាន់ កើន​ឡើង​ពី ១៨%​នៅ​ឆ្នាំ​១៩៩២ ដល់​៥៥% នៅ​ឆ្នាំ​២០១៨។ អត្រា​អ្នក​ដែល​គិត​ថា​ខ្លួន​ជា​ចិននិង​តៃវ៉ាន់ នៅ​ឋេរ​ត្រឹម​៤០%​ដដែល ចំណែក​អ្នក​ដែល​ចាត់​ទុក​ខ្លួន​ជា​ចិន បាន​ធ្លាក់​ចុះ​ពី​១ភាគ​បួន​មក​ត្រឹម​៤%ប៉ុណ្ណោះ។

តាមការពិត​គំនិត​របស់​យុវភាព​តៃវ៉ាន់​ជំនាន់​ថ្មី មិន​ខុស​ទេ ! របប​កុម្មុយនិស្ត​មិន​ដែល​បាន​មក​កាន់​កាប់ និងគ្រប់គ្រង​តៃវ៉ាន់ សោះ​ឡើយ។ តៃវ៉ាន់ មាន​ប្រវត្តិ​ស្ថិត​នៅ​ក្រោម​ចិន​ក្នុង​​រយៈ​ពេល​ដ៏​ខ្លី​បំផុត ​ប្រមាណ​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ ពោល​គឺ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៨៨៥-១៨៩៥។ ចាប់​ពី​ឆ្នាំ​១៨៩៥មក តៃវ៉ាន់​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ជប៉ុនគ្រប់គ្រងស្ថាបនា​ រហូត​ដល់​ពេល​បញ្ចប់​​សង្គ្រាមលោកលើក​ទីពីរ។ ដូច្នេះ​ ក្រៅ​អំពី​ភាសា​ តៃវ៉ាន់​និង​ចិន គ្មាន​អត្តសញ្ញាណ​ និង​​​វប្បធម៌នយោបាយ​រួមគ្នា​ទេ។

គំនិត​រំលេច​អំពី​អត្តសញ្ញាណថ្មី​ ជាជនជាតិ​​តៃវ៉ាន់ បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉េកាំង​ឈឺ​ក្បាល​យ៉ាង​ខ្លាំង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង តាំង​ពី​ឡើង​កាន់​អំណាច​មក បាន​បញ្ជាក់​ឆន្ទៈ​យ៉ាង​ច្បាស់​លាស់ ចង់​ក្រសោប​យកកោះ​តៃវ៉ាន់​មក​ដាក់​ក្នុង​ក្រញាំ​ដៃ​ចិន​ដី​គោក​វិញ។ នៅ​ក្នុង​សុន្ទរកថា​កាលពី​ខែ​មករា​ដើម​ឆ្នាំ លោក​ស៊ីជីនពីង បាន​អះអាង​ថា ការ​ច្របាច់​តៃវ៉ាន់​មក​ជាចិន​តែ​មួយ ជា​អ្វី​ដែល​មិន​អាច​ចៀស​បាន និង​ជា​បញ្ហា​ដែលត្រូវ​តែ​ដោះស្រាយ​ឱ្យ​ចប់ មិន​គួរ​បន្សល់​ទុក​ដល់​ជំនាន់​ក្រោយ​ទេ។

​ភាសាបែប​នេះ ​មិន​អាច​ចូល​ត្រចៀក​ពលរដ្ឋ​តៃវ៉ាន់ដែល​ជា​​អ្នក​ធ្លាប់​មានសេរីភាព​ ធ្លាប់​បញ្ចេញ​មតិ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​និង​សកល​តាំង​ពី​ឆ្នាំ​១៩៩០​ឡើយ។​ មាន​តែ​ពលរដ្ឋ​វ័យ​ចំណាស់ខ្លាំង​ប៉ុណ្ណោះ​ ដែល​នៅចងចាំ​ថា​មាន​ឈាម​ជ័រ​ជា​ចិន -ចង​ចាំ​ថា​ ចិន ​ពេល​នោះ​ក្រីក្រ​ខ្លាំង​ណាស់ បើប្រៀប​មក​តៃវ៉ាន់ដែល​បាន​រីកលូត​លាស់​ ឡើង​ដល់​កំរិត​កំពូល​នៅ​ទសវត្សរ៍​១៩៨០ ក្លាយ​ជា​កូន​នាគ​ប្រចាំ​អាស៊ី​ ទន្ទឹម​ហុងកុងសិង្ហបុរី និង​កូរ៉េខាង​ជើង។ ប៉ុន្តែការព្រមទទទួល​ស្គាល់ថា​មានឈាម​ជា​ចិន មិនមែន​មាន​ន័យ​ថា​ព្រម​ក្លាយ​ជា​ទៅ​កម្មសិទ្ធិ​របស់​ប៉េកាំងទេ។

អ្វី​ដែល​ខុសគ្នា​ខ្លាំង​រវាង​តៃវ៉ាន់​​ពី​ចិនប្រជាមានិត គឺ​សេរីភាព​នៃការ​បញ្ចេញ​មតិ។ តៃវ៉ាន់​មាន​សេដ្ឋកិច្ច​លូតលាស់​អូសទាញ​លិទ្ធិ​ប្រជាធិបតេយ្យ​ទៅ​ជាប់​ជាមួយ។ ឯ​ចិន​ពេល​នេះ ​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទីពីរ​មែន តែ​គ្មាន​ការ​វិវឌ្ឍលើ​ផ្នែក​នយោបាយ​ទេ។ ចំណាត់ការ​លើ​បាតុករ​នៅហុងកុង​ រឹត​តែ​ធ្វើ​ឱ្យ​យុវជន​តៃវ៉ាន់​កាន់​តែ​មិន​ចង់​បៀត​​ប៉េកាំង​ខ្លាំងឡើង។ ទំនាក់ទំនង​តៃវ៉ាន់-ចិន នឹង​ក្លាយ​ជា​ប្រធានបទស្នូល​ ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ខែ​មករា​ខាង​មុខ ជាក់​ជា​មិន​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ