ហុងកុងគ្របដណ្តប់ដោយអំពើហិង្សាក្នុងថ្ងៃចិនដីគោកប្រារព្ធខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
នៅហុងកុង មានការប្រឈមមុខដាក់គ្នាយ៉ាងហិង្សារវាងក្រុមបាតុករអ្នកគាំទ្រប្រជាធិបតេយ្យ និងកម្លាំងប៉ូលិសនាពេលរសៀលឈានចូលព្រលប់ថ្ងៃអង្គារ ទី១ តុលា។ អំពើហិង្សាបានបណ្តាលឲ្យមានបាតុករម្នាក់ត្រូវគ្រាប់កាំភ្លើងពិតចំដើមទ្រូង និងមានបាតុករចំនួន ១៥នាក់ផ្សេងទៀតបានរងរបួស។ អ្វីជាការកត់សម្គាល់ ការប្រឈមមុខដាក់គ្នាជាថ្មីរវាងក្រុមបាតុករហុងកុង និងកម្លាំងប៉ូលិសពេលនេះបានកើតមានឡើង ចំថ្ងៃដែលចិនដីគោកបានប្រារព្ធខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៥
ព្រឹត្តិការណ៍ដែលបានកើតមាននៅហុងកុងក្នុងថ្ងៃអង្គារ ទី១ តុលាដែលជាថ្ងៃចិនដីគោកប្រារព្ធខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន គឺជាអ្វីដែលក្រុមបាតុករអ្នកគាំទ្រប្រជាធិបតេយ្យបានប្តេជ្ញាចិត្ត និងជាអ្វីដែលប៉ូលិសបានប្រមើលទុក។ ចាប់ផ្តើមពីគ្នាតិច និងដោយសន្តិវិធី ក្បួនបាតុកម្មដែលបានរៀបចំនៅក្នុងសង្កាត់ខុសៗគ្នាចំនួន ៦កន្លែងមានមនុស្សចូលរួមរហូតដល់ពាន់នាក់ និងបានធ្លាក់ក្នុងការប្រឈមមុខតទល់នឹងកម្លាំងប៉ូលិសយ៉ាងហិង្សា។ ក្រុមជ្រុលនិយមបានប្រើដុំថ្ម និងដកសាំងគប់លើកម្លាំងប៉ូលិស និងបានធ្វើការដុតរបាំងឆេះយ៉ាងសន្ធោសន្ធៅ។ កម្លាំងប៉ូលិសក៏បានឆ្លើយតបវិញដោយប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក គ្រាប់បែកជ័រ ប្រើកាណុងបាញ់ទឹក ព្រមទាំងគ្រាប់កំាភ្លើងពិត។
គ្រាប់កាំភ្លើងពិតមួយគ្រាប់បានហោះចំដើមទ្រូងបាតុករម្នាក់ នេះបើតាមប្រភពប៉ូលិស។ ចំណែកសារព័ត៌មានបានអះអាងថា បាតុករត្រូវគ្រាប់កាំភ្លើងពិតនោះជាក្មេងប្រុសមានអាយុខ្ទង់ ១៥ ឬ ១៦ឆ្នាំ។ សាក្សីជាច្រើនបាននិយាយថា ប៉ូលិសបានបាញ់គ្រាប់កាំភ្លើងពិតយ៉ាងតិចចំនួន ៥ដងនៅក្នុងការបង្រ្កាបបាតុករ។ ទន្ទឹមគ្នានេះ ប្រភពពីមន្ទីរពេទ្យបានប្រាប់ឲ្យដឹងពីមនុស្សរងរបួសចំនួន ១៥នាក់ដោយគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក គ្រាប់បែកជ័រ ឬកាណុងបាញ់ទឹក។ បន្ទាប់មក មានបាតុករប្រមាណជា ១០០នាក់ត្រូវបានចាប់ខ្លួន ហើយប៉ូលិសបានចូលឆែកឆេរតាមកន្លែងមួយចំនួន ពិសេសតាមរកកន្លែងដែលក្រុមបាតុកររៀបចំដបសាំង។
អ្វីជាការកត់សម្គាល់នៅក្នុងក្បួនបាតុកម្មរបស់ក្រុមបាតុករអ្នកគាំទ្រប្រជាធិបតេយ្យហុងកុងពេលនេះ គឺយុទ្ធសាស្រ្តបាតុកម្មសមូហភាពដោយផ្តើមនៅក្នុងសង្កាត់ចំនួន ៦កន្លែងខុសគ្នាក្នុងពេលតែមួយ។ យុទ្ធសាស្រ្តនេះគឺដើម្បីកែនប្រមូលបាតុករឲ្យបានច្រើន និងដើម្បីបញ្ជៀសការរៀបចំនៅកន្លែងតែមួយដែលអាចធ្លាក់ក្នុងការឡោមព័ទ្ធពីកម្លាំងប៉ូលិសយ៉ាងឆាប់រហ័ស។ កំណត់សម្គាល់មួយទៀត ការបង្ហាញសាច់ដុំ និងការដំឡើងសម្លេងកាន់តែខ្លាំងរបស់បាតុករហុងកុងបានធ្វើឡើង ចំថ្ងៃដែលចិនបានរៀបចំខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានសន្យាថា លោកនឹងបន្តគោរពលើគោលការណ៍ប្រទេសមួយប្រព័ន្ធពីរនៅហុងកុង។ តែអ្វីដែលបានកើតមាននៅហុងកុងពេលនេះ ស បញ្ជាក់ឲ្យឃើញថា ក្រុមបាតុករមិនបានជឿលើសម្តីសន្យារបស់លោកស៊ីទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ