rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន កាឡូសហ្គោន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នៅមហាសន្និបាតអង្គការសហប្រជាជាតិ ចិនបញ្ជាក់ពីការមិនចុះញ៉ម និងមិនលុតក្រាប

media
ប្រមុខការទូតចិនលោកវ៉ាង យី Reuters

នៅ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ថ្នាក់ដឹកនាំ​បរទេស​កំពុង​បន្ត​ឡើង​ថ្លែង​សុន្ទរកថា​ម្តង​ម្នាក់ៗ​នៅ​លើ​វេទិកា​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ ចិន​តាម​រយៈ​ប្រមុខការទូត​លោក​វ៉ាង យី​បាន​ឡើង​ថ្លែង​នា​ថ្ងៃ​សៅរ៍ ទី២៨ កញ្ញា​ដោយ​ប្រើ​សម្តី​ធ្ងន់ៗ​ថា ចិន​នឹង​មិន​ខ្លាច​ការ​គំរាមកំហែង និង​ក៏​មិន​លត់ជង្គង់​នៅ​ចំពោះ​មុខ​សម្ពាធ​ឡើយ។ ទោះ​បី​ជា​លោក​វ៉ាង យី​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​ឆ្លើយ​តប​នឹង​សម្តីវាយប្រហារ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​បាន​ថ្លែង​នៅ​លើ​វេទិកា​អង្គការសហប្រជាជាតិ​ដដែល​នេះ​កាល​ពី ៣ថ្ងៃ​មុន។


គឺ​នៅ​លើ​វេទិកា​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដដែល​នេះ​ដែល​កាល​ពី​ថ្ងៃ​អង្គារ ទី២៤ កញ្ញា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ថ្លែង​វាយប្រហារ​ចិន​ដោយ​ចាត់​ទុក​ជា​គូប្រជែង​មិន​ស្មើភាព​រហូត​ដល់​ចង្អុល​មុខ​ចិន​ជា​ចារកិច្ច​ឧស្សាហកម្ម។ គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​សៅរ៍ ទី២៨ កញ្ញា​ទើប​ដល់​វេន​ចិន​ឡើង​ថ្លែង​សុន្ទរកថា​វិញ​ម្តង។ ជាមួយ​នឹង​សម្តី​ធ្ងន់ៗ និង​មិន​បាន​និយាយ​ចំ​ឈ្មោះ​អាមេរិក ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​បាន​បញ្ជាក់ៗ​ថា ចិន​នឹង​មិន​ខ្លបខ្លាច​ការ​គំរាមកំហែង ហើយ​ក៏​នឹង​មិន​លុតក្រាប​នៅ​ចំពោះ​មុខ​ការ​ដាក់​សម្ពាធ​ដែរ។

បន្ទាប់​មក លោក​វ៉ាង យី​បាន​លើក​ឡើង​ពី​សង្រ្គាមពាណិជ្ជកម្ម​ដែល​ចិន និង​អាមេរិក​កំពុង​មាន​ដោយ​បញ្ជាក់​ថា សង្រ្គាម​មួយ​នេះ​អាច​នឹង​រុញ​ពិភពលោក​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិសេដ្ឋកិច្ច​មួយ​ធ្ងន់ធ្ងរ។ គួរ​រម្លឹក​ថា ពិត​មែន​តែ​អាមេរិក​ក្នុង​ជំនាន់​លោក​ត្រាំ​បាន​ចាត់​ទុក​ប្រទេស​វ៉េណេស៊ុយអេឡា​ជា​សត្រូវ​ប្រចាំ​តំបន់ ចាត់​ទុក​ប្រទេស​អ៊ីរ៉ង់​ជា​សត្រូវ​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ចាត់​ទុក​ប្រទេស​រុស្ស៊ី​ជា​គូប្រជែង​នៅ​អន្តរអាត្លង់ទិក​ក៏​ដោយ ក៏​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ូមប៉េអូ​បាន​អះអាង​ដោយ​មិន​លាក់លៀម​ថា គូប្រជែង​ជា​យុទ្ធសាស្រ្ត​ពិតប្រាកដ​របស់​អាមេរិក​សម្រាប់​រយៈពេល​វែង គឺ​ចិន។

តើ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អាមេរិក និង​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ និង​ទី២ ក្នុង​លោក​មិនមែន​កំពុង​ពុះ​ចែក​ពិភពលោក​ជា​ពីរ​ទេ ឬ​យ៉ាង​ណា?។ ពិត​ជា​មាន​មែន នេះ​ជា​ចំណាប់​អារម្មណ៍ និង​ការ​មើល​ឃើញ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres។ ថ្លែង​បើក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧៤ ក្នុង​ថ្ងៃ​ដំបូង លោក Guterres បាន​សម្លឹង​ឃើញ​ពិភពលោក​ពុះ​ចែក​ជា​ពីរ​ដោយ​មាន​ការ​ប្រជែង​រវាង​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​ដែល​ម្នាក់ៗ​មាន​រូបិយវត្ថុ​រៀងៗ​ខ្លួន មាន​ច្បាប់​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ដាច់​ដោយឡែក​ពី​គ្នា មាន​អ៊ីនធ័រនែត និង​បញ្ញា​សិប្បនិម្មិត​រៀងៗ​ខ្លួន ព្រម​ទាំង​មាន​យុទ្ធសាស្រ្ត​ភូមិសាស្រ្តនយោបាយ និង​យោធា​ដាក់​ដោយ​ឡែក​ពី​គ្នា។

គួរ​រម្លឹក​ថា អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​បាន​បើក​ការ​វាយប្រហារ​ចិន​លើ​គ្រប់​សមរភូមិ​ទាំង​អស់។ ក្រៅ​ពី​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច នៅ​មាន​វិស័យ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ទីក្រុង​វ៉ាស៊ីនតោន​មិន​ញញើត​បរិហារ​ទីក្រុង​ប៉េកាំង​តាំង​ពី​អនុភាព​ការទូត និង​យោធា​របស់​ចិន​រហូត​ដល់​ការ​រំលោភ​សេរីភាព​សាធារណៈ និង​សិទ្ធិ​ជនជាតិ​ភាគ​តិច។ តែ​ទីក្រុង​ប៉េកាំង​តែង​បដិសេធ និង​វាយបក​វិញ​ដោយ​ចាត់​ទុក​ជា​ការ​លូកដៃ​ចូលជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន៕